
លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្លែងក្នុងកិច្ចពិភាក្សាស្តីពីសារៈខាន់នៃការបណ្តុះបណ្តាល នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ រូបថត RAC
ភ្នំពេញៈ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូល ស្ដីពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈមន្ត្រីជំនាញដែលបានចូលរួមលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្សគ្រប់វិស័យ គឺជារឿងដែលចាំបាច់ និងត្រូវធ្វើទាំងអស់គ្នា ដើម្បីបំពេញតម្រូវការក្នុងពេលបច្ចុប្បន្ន និងអនាគត។
នៅថ្ងៃទី១ ខែមីនា រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្ដីពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានការចូលរួមពីមន្ត្រីជំនាញមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងសិស្ស និស្សិតជាច្រើនរូប។
លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើរតួនាទីសំខាន់ មិនមែនគ្រាន់តែក្រសួង១ ហើយអាចធ្វើទៅបាននោះទេ។ បទពិសោធន៍ប្រទេសមួយចំនួន ការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺគេបានចាប់ផ្តើមតាមរយៈប្រព័ន្ធអប់រំ ដោយបានបញ្រ្ជាបនៅតាមសាលាតាំងពីថ្នាក់តូចៗ ដើម្បីឱ្យពួកគេចាប់អារម្មណ៍ និងយល់ពីគុណតម្លៃនៃជំនាញវិជ្ជាជីវៈ។
លោកបង្ហាញក្តីរំពឹងថា កិច្ចពិភាក្សាតុមូលស្ដីពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបានចូលរួមចំណែកឱ្យភាគីពាក់ព័ន្ធបានជជែកវែកញែក ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្យពាក់ព័ន្ធនឹងជំនាញបច្ចេកទេសនេះទាំងអស់គ្នា។
លោកបញ្ជាក់ថា៖«ខ្ញុំមាន៦ចំណុច ជំនាញបង្កើតចំណូល។ កាលណាមានចំណូលយើងមានចំណាយ កាលណាមានចំណាយ ទើបរកចំណេញបាន ហើយបើគ្មានចំណេញ កុំនិយាយពាក្យចំណាយ ហើយបើគ្មានជំនាញ យើងកុំនិយាយរកពាក្យចំណូល ច្បាស់ជាយើងធ្វើតាមសភាវគតិហើយ»។
លោកបន្ថែមថា៖«កាលពី១ ០០០ឆ្នាំមុន ខ្មែរធ្វើក្អម នៅ២០២៣ នៅតែធ្វើក្អម។ ប៉ុន្តែចិន គេធ្វើក្អមដែរ តែក្អមគេរបៀបម៉េច? ដោយសារគេត្រូវការជំនាញ ព្រោះជំនាញផលិត ដើរតួនាទីសំខាន់»។
លោកគិត សុភាព អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយថា ដោយសារមើលឃើញពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលជំនាញនេះ រដ្ឋាភិបាលបានបង្កើតកម្មវិធី និងគ្រឹះស្ថានបណ្តុះបណ្តាលជំនាញជាច្រើននៅទូទាំងប្រទេស។ ក្នុងនោះគ្រឹះស្ថានសិក្សារដ្ឋ មានដល់៣៧កន្លែង ខណៈគ្រឹះស្ថានឯកជនដៃគូ ក៏បានចូលរួមចំណែកផងដែរ។
លោកបន្តថា ក្នុងឆ្នាំសិក្សាថ្មីនេះ ក្រសួងការងារ បានផ្តល់អាហារូបករណ៍ចំនួន១៤ ០០០នាក់ ខណៈអាហារូបករណ៍ជាច្រើនទៀត កំពុងត្រូវបានផ្តល់ជូនសិស្ស និស្សិត ដើម្បីធ្វើយ៉ាងណា ឱ្យពលរដ្ឋទទួលបានជំនាញផ្ទាល់ខ្លួន ស្របពេលជំនាញដែលបានផ្តល់ការបណ្តុះបណ្តាល គឺជាជំនាញដែលកំពុងមានតម្រូវការលើទីផ្សារ។
លោកគិត សុភាព បញ្ជាក់ថា៖«មុននឹងធ្វើការបណ្តុះបណ្តាល គឺយើងបានចុះធ្វើការផ្សព្វផ្សាយ មានន័យថា គេមានកន្លែងនិយាយពីតម្រូវការតាមភូមិឃុំ ហើយយើងមើលក្នុងហ្នឹងទៀត មុននឹងធ្វើការបណ្តុះបណ្តាល គឺគេមានការលើកពីតម្រូវការជំនាញ»។
បើតាមលោកគិត សុភាព ការបណ្តុះបណ្តាលធនធានមនុស្សកន្លងមកត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវចំពោះសិស្សដែលបានបញ្ចប់ការសិក្សា ដើម្បីឱ្យដឹងពីកម្រិតចំណេះដឹង ជំនាញ និងឥរិយាបថការងាររបស់សិស្ស។ ការសិក្សាស្រាវជ្រាវនៅឆ្នាំ២០២១ មានសិស្សដែលបានបញ្ចប់ការសិក្សាចំនួន៨៥ភាគរយ ទទួលបានចំណេះ ជំនាញ និងទទួលបានការងារធ្វើ ប៉ុន្តែការសិក្សានេះ បានរកឃើញថា ពួកគេហាក់នៅមានកម្រិតជំនាញទន់ (Soft skills) ។
លោកទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បាននិយាយដែរថា វិស័យទេសចរណ៍ ក៏ចាំបាច់ត្រូវការធនធានដែលមានជំនាញពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាសំខាន់ ដោយសារកម្ពុជា គឺជាប្រទេសដែលសម្បូរកន្លែងកម្សាន្ត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនក្នុងពេលខាងមុខ។
លោកអះអាងថា ការបណ្តុះបណ្តាលធនធានមនុស្សឱ្យចំគោលដៅ ដែលចង់បានក្នុងវិស័យមួយៗ ជាពិសេសវិស័យទេសចរណ៍ គឺជារឿងចាំបាច់ ដែលអាចចូលរួមទាក់ទាញភ្ញៀវទេសចរ។ បើសិនជាកម្ពុជា មានធនធានជំនាញទាំងនេះ គឺជារឿងល្អ។
លោកបញ្ជាក់ថា៖«កន្លែងនេះហើយ ដែលយើងត្រូវបណ្តុះបណ្តាលអ្នកបម្រើសេវា ឱ្យចេះនិយាយប្រាប់គេ ឱ្យចេះធ្វើ ឱ្យចេះស្របទៅតាមទិន្នាការពិភពលោក។ ដូច្នេះនៅក្នុងបរិបទថ្ងៃអនាគត ដូចជាគោលដៅនៃការអភិវឌ្ឍជំនាញនេះ គឺដូចតែគ្នាទេ។ ក្នុងវិស័យទេសចរណ៍កាន់តែសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់»។
ជាមួយនឹងការបណ្តុះបណ្តាលជំនាញនេះ លោកទ្រី ឈីវ បញ្ជាក់ថា ក្រសួងទេសចរណ៍ បានធ្វើការអភិវឌ្ឍជំនាញជាង៣០ជំនាញ ក្នុងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរកុំឱ្យមានការគម្លាតគ្នាឆ្ងាយពេកក្នុងបរិបទក្នុងប្រទេស និងតំបន់អាស៊ាន។ លោកអះអាងថា ជំនាញ៣៨ប្រភេទទៀត ដែលជំនាញថ្មីសម្រាប់កម្ពុជា នឹងត្រូវអនុវត្តបានពេញលេញ នៅឆ្នាំ២០២៤ ព្រោះជំនាញទាំងនោះ ភាគច្រើនពាក់ព័ន្ធទៅលើការរៀបចំកិច្ចប្រជុំនានា៕