បាត់ដំបងៈ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថ្លែងថា រាជរដ្ឋាភិបាលនឹងពិចារណានូវតម្លៃក្នុងការធ្វើលិខិតឆ្លងដែន ដើម្បីឱ្យមានតម្លៃសមស្របណាមួយ សម្រួលដល់ប្រជាពលរដ្ឋ ព្រោះមានប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរថា ការធ្វើលិខិតឆ្លងដែនមានតម្លៃថ្លៃពេក។
លោក ស ខេង បានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅខេត្តបាត់ដំបង ជូននិសិ្សត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។
លោកថ្លែងថា៖«មានអ្នកខ្លះស្រែកថា ប៉ាស្ព័រ ថ្លៃពេក រដ្ឋាភិបាលនឹងពិចារណាទៀត តើតម្លៃប៉ុនណា ដែលសមស្រប ព្រោះរដ្ឋាភិបាលយើងនេះ គឺកើតចេញពីការបោះឆ្នោត»។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពីមុនរាជរដ្ឋាភិបាល ធ្លាប់យកពន្ធថ្លៃធ្វើអត្តសញ្ញាណប័ណ្ណ ប៉ុន្តែបច្ចុប្បន្នមិនមានការយកពន្ធនៃការធ្វើអត្តសញ្ញាណប័ណ្ណទៀតទេ គឺនៅសល់តែលិខិតឆ្លងដែនប៉ុណ្ណោះ ដែលនៅគិតថ្លៃ។
ក្រៅពីនេះសូម្បីការយកពន្ធលើដីធ្វើកសិកម្មរាប់សិបឆ្នាំមកហើយ តាំងពីឆ្នាំ ១៩៧៩ មក គឺរដ្ឋមិនបានយកពន្ធនោះទេ ហើយកន្លងមកក៏មានអន្តរជាតិ១ចំនួន ជំរុញឱ្យកម្ពុជាយកពន្ធលើកដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋផងដែរ ប៉ុន្តែរដ្ឋាភិបាលមិនធ្វើតាម។
ពាក់ព័ន្ធនឹងការធ្វើលិខិតឆ្លងដែននេះ លោក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា តម្លៃនិងរយៈពេលអតិបរមាសម្រាប់ការផ្តល់សេវាធ្វើលិខិតឆ្លងដែន(ថ្ងៃធ្វើការ)សម្រាប់មនុស្សចាស់មានសុពលភាព ១០ឆ្នាំ សេវាធម្មតា តម្លៃ ១០០$ រយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១៥០$ រយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការ ចំណែកសេវាឆាប់រហ័សតម្លៃ ២០០$ រយៈពេល ១ថ្ងៃ នៃថ្ងៃធ្វើការ។
លោកបានឱ្យដឹងទៀតថា សម្រាប់កូនក្មេងអាយុក្រោម៦ឆ្នាំ មានសុពលភាព៥ឆ្នាំ សេវាធម្មតា តម្លៃ ៨០$ រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១២០$ រយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការ ចំណែកសេវាឆាប់រហ័ស តម្លៃ ១៦០$ រយៈពេល១ថ្ងៃនៃថ្ងៃធ្វើការ។
លោកបញ្ជាក់ថា៖«ចំពោះទីតាំងផ្តល់សេវាមាននៅនាយកដ្ឋានលិខិតឆ្លងដែន នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២ និងសាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងនៅថ្ងៃទី ១ ខែមីនាថា តម្លៃនៃការធ្វើលិខិតឆ្លងដែននៅកម្ពុជាមានតម្លៃថ្លៃជាងគេ បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់។ មួយវិញទៀតបើប្រៀបធៀបជាមួយ GDP របស់កម្ពុជាដែលទាបជាងគេ គឺការធ្វើលិខិតឆ្លងដែនបែជាថ្លៃជាងគេ។
លោកថ្លែងថា៖«ការធ្វើលិខិតឆ្លងដែនថ្លៃនេះហើយ គឺជាឧបសគ្គមួយ ធ្វើឱ្យប្រជាពលរដ្ឋយើងមួយចំនួនលោកមិនមានលទ្ធភាពធ្វើជាពិសេសអ្នកដែលមានបំណងទៅធ្វើការនៅប្រទេសថៃមួយចំនួន ដែលគាត់សម្រេចចិត្តទៅចូលទឹកដីថៃធ្វើការឆ្លងដែនដោយអត់មានលិខិតឆ្លងដែនត្រឹមត្រូវ»។
លោកលើកឡើងថា ការសម្រួលតម្លៃនៃការធ្វើលិខិតឆ្លងដែនឱ្យបានសមរម្យ ប្រដំប្រសងជាមួយប្រទេសជិតខាងដូចជានៅប្រទេសថៃ និងវៀតណាមជាដើមនោះ គឺជារឿងល្អដើម្បីជួយសម្រួលប្រជាពលរដ្ឋកុំឱ្យចំណាយច្រើនពេក ទៅលើការធ្វើលិខិតឆ្លងដែន ហើយពួកគាត់មានលទ្ធភាពក្នុងការធ្វើ ហើយបានជួយកាត់បន្ថយការឆ្លងដែនដោយខុសច្បាប់ក្នុងការចាកចេញទៅធ្វើការនៅក្រៅប្រទេស។
លោកប៉ា ចន្ទរឿន លើកឡើងថា ប្រសិនបើរដ្ឋាភិបាលពិតជាមានសុច្ឆន្ទៈក្នុងការកែប្រែតម្លៃលិខិតឆ្លងដែន ឱ្យមានតម្លៃប្រហាក់ប្រហែលនឹងប្រទេសជិតខាងគឺជាការល្អ។ លោកថា នៅប្រទេថៃតម្លៃលិខិតឆ្លងដែនគឺ ៣០ដុល្លារ វៀតណាម ១២ ដុល្លារ ឡាវ ៣៥ ដុល្លារ។ បន្ថែមពីនេះ រដ្ឋាភិបាលក៏គួរលុបបំបាត់ភាពមិនប្រក្រតីក្នុងការធ្វើលិខិតឆ្លងដែនផងដែរ ដូចជាការបង់ប្រាក់ បន្ថែមដើម្បីបានចុះឈ្មោះបំពេញឯកសារលឿនជាដើម៕
វីដេអូ៖