ភ្នំពេញៈ សព​លោក ភឿ​ក ជី​វ័​ន្ត មេបញ្ជាការរង​កងអនុសេនាធំ​វិស្វកម្ម​ព្រលានយន្តហោះ​លេខ ៧២៩ ត្រូវបាន​ក្រុម​គ្រួសារ​សាច់ញាតិ និង​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ត្រពាំង​សំរឹទ្ធ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ទាប់ពី​សព​របស់លោក​ត្រូវបានធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​ម៉ាលី​មកដល់​កម្ពុជា កាលពី​យប់​ថ្ងៃទី​ ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​


​យោងតាម​ការផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព លោក​ជី​វ័​ន្ត បាន​ចេញទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ​(​អ​.​ស​.​ប​)​ នៅក្នុង​តំបន់​តេស​សាលី​ត​ក្នុង​ទីក្រុង Bamako នៃ​សាធារណរដ្ឋម៉ា​លី​កាលពី​ខែធ្នូ ឆ្នាំ​​ ២០២២ ហើយ​បានទទួល​មរណភាព​នៅ​វេលា​ម៉ោង​ ២២ ​និង​ ៥០​ នាទី ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ក្នុង​អាយុ​ ៤២​ ឆ្នាំ​នៅ​មន្ទីរពេទ្យ​កម្រិត​ ២ TOGO ដោយសារ​ជំងឺ​ផ្លូវដង្ហើម​។

​នៅវេលា​ម៉ោង​១០ និង​ ៣០ ​នាទី​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣ សព​របស់លោក​ត្រូវបាន​ដឹកជញ្ជូន​ទៅដល់​ទីប​ញ្ហា​ការ ​MINUSMA ក្នុង​ទីក្រុង ​Bamako ហើយ​ត្រូវបាន​តំណាង​ពិសេស​អគ្គលេខា​ធិ​​ការ អ​.​ស​.​ប មេបញ្ជាការ​កង​កម្លាំង​ស្ដីទី មន្ត្រីជាន់ខ្ពស់​របស់​អ​.​ស​.​ប នាយទាហាន​តំណាង​ប្រទេស​នានា​ក្នុង​តំបន់​បេសកកម្ម ព្រមទាំង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​ម៉ាលី​រៀបចំ​ប្រារព្ធ​វិធី​គោរព​វិញ្ញាណក្ខន្ធ​កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​


​លោកស្រី កុសល ម៉ា​លីន​ដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំងរ​ក្សា​សន្តិភាព​ដែល​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ក្ដី​មរណ​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​កាលពី​ព្រឹក​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០២៣ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មរណភាព​របស់លោក ជី​វ័​ន្ត គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​ឆ្នើម​ ១​ រូប​នៃ​កងយោធពល​ខេមរភូមិន្ទ ។​

​លោកស្រី​ថ្លែងថា​៖ «​វីរភាព​របស់លោក ជី​វ័​ន្ត គឺមាន​តម្លៃ​ធំធេង មិនអាច​កាត់ថ្លៃ​បាន​ទាំង​ជាតិ​និង​អន្តរជាតិ​។ មរណ​ភាព​របស់គាត់​គឺជា​ការបាត់បង​ធនធានមនុស្ស​ដ៏​ឆ្នើម​ ១ ​រូប​នៃ​កងយោធពល​ខេមរភូមិន្ទ​»​។​


​ចំណែក​លោក សេង ភេ​ង​សេរី មេបញ្ជាការ​កងអនុសេនាធំ​វិស្វកម្ម​ព្រលានយន្តហោះ​លេខ ​៧២៩​ ដែល​បច្ចុប្បន្នកំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្នុងប្រទេស​ម៉ាលី​ក៏បាន​សរសេរ​សារលិខិត​ចូលរួម​រំលែក​មរណ​ទុក្ខ ជូន​ចំពោះ​ក្រុមគ្រួសារ​សព​លោក ភឿ​ក ជី​វ័​ន្ត ផងដែរ​។

​នៅក្នុង​សារលិខិត​នោះ​លោក ភេ​ង​សេរី បាន​គូសបញ្ជាក់ថា​៖ «​ការបាត់បង់​រូបលោក​វរ​សេ​នី​យ៍​ទោ ភឿ​ក ជី​វ័​ន្ត ជាការ​បាត់​បង់​ស្វាមី​ដ៏​ល្អ​ឪពុក​ប្រកបដោយ​ព្រហ្ម​វិហារធម៌​និង​ជាការ​បាត់​បង់​ធនធានមនុស្ស​ដ៏​ឆ្នើម​ ១ ​រូប​ក្នុង​កងយោធពល​ខេមរភូមិន្ទ​។ លោក​វរសេនីយ៍ទោ គឺជា​គំរូ​វីរភាព​ដែល​បាន​បំពេញ​បេស​ក​កម្ម​ជា​អន្តរជាតិ និង​ជាការ​លះបង់​ដ៏​ធំធេង មិនអាច​កាត់​ថ្លៃ​បាន​ចំពោះ​ជាតិ​មាតុភូមិ​»​។​

​សព​របស់លោក​ជី​វ័​ន្ត​ត្រូវបាន​គេ​បូជា​នៅ​យប់​ថ្ងៃទី​ ១ ខែមីនា ​ឆ្នាំ​ ២០២៣ ដែលមាន​ការចូល​​រួម​ពី​ថ្នាក់ដឹកនាំ​សំខាន់ៗ​នៃ​ម​ជ្ឈ​មណ្ឌល​ជាតិ​គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិភាព និង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។ នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​អ្នកស្រី​វង្ស ស្រី​ទូច ដែលជា​ភរិយា​របស់លោក ជី​វ័​ន្ត។​

​ថ្វីដ្បិតតែ​ពេលនេះ អ្នកស្រី​គឺជា​ស្ត្រី​មេម៉ាយ​ដែលមាន​កូនតូចៗ​ ២ ​នាក់​នៅក្នុង​បន្ទុក ប៉ុន្តែ​អ្នកស្រី​បាន​ថ្លែង​ទាំង​មោទន​​ភាព​ថា​៖ «​ខ្ញុំ​នឹង​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ទាំង​ ២ ​របស់ខ្ញុំ​ឱ្យបាន​ល្អ និង​មាន​ស្មារតី​ទទួល​​ខុសត្រូវ​ខ្ពស់​ចំពោះ​ជាតិ​មាតុ​​ភូមិ ដូចជា​ស្វាមី​របស់ខ្ញុំ​»​។​

​លោកស្រី ម៉ា​លីន​ដា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា តំណាង​ភាគី​មួក​ខៀវ​កម្ពុជា កំពុងធ្វើការ​តាម​នីតិវិធី​ជាមួយ​តំណាង UN ប្រចាំ​តំបន់​បេសកកម្ម ។

​បើតាម​លោកស្រី ម៉ា​លីន​ដា គិត​ចាប់តាំងពី​ឆ្នាំ​ ២០០៦ មកដល់​ឆ្នាំ​ ២០២៣ កងទ័ព​​មួក​ខៀវ​កម្ពុជា​បាន​ស្លាប់​ចំនួន ​១១​ រូប និង​រងរបួស​ចំនួន ​១៥ ​រូប​អំឡុងពេល​បំពេញ​បេស​ក​កម្ម​នៅតាម​តំបន់​គោលដៅ​ផ្សេងៗ ក្រោម​ឆត្រ​អង្គការ​សហ​ប្រជាជាតិ៕