ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិ​បាល​កម្ពុជា​បាន​ផ្តល់​អនុសា​សន៍​ដល់​ក្រសួង​វិ​ប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ សិក្សា​រួមគ្នា​ជាមួយ​ប្រទេស​ ៤ ទៀត​ ដែល​ជា​ប្រទេស​ជិត​ខាង​មាន​វប្បធម៌​ប្រហាក់​ប្រហែល​គ្នា ដើម្បី​ចុះ​រួមគ្នា​នូវ​បញ្ជី​សម្បត្តិ​បេ​តក​ភ​ណ្ឌ​វប្បធម៌ «​សង្ក្រាន្ត​» ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​លើ​ការធ្វើជា​ម្ចាស់​នៃ​ព្រឹត្តិ​ការណ៍​នេះ​។


​ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ផ្ទាល់​ជាមួយ​សិល្បករ​សិល្បកា​រិនី​ប្រមាណ​ជាង​ ៤ ០០០​នាក់ ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រារព្ធ​ពិធី​អប​អរសា​ទរ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២៥ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​ថា ដើម្បី​ឈា​នទៅ​ការ​បញ្ចប់​នៃ​ការដ​ណ្តើម​សិទ្ធិ​កាន់​កាប់​លើ​ព្រឹត្តិការណ៍«​សង្ក្រាន្ត​» លោក​បាន​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ថៃ​ និង​ឡាវ​លើ​បញ្ហា​ចុះ​បញ្ជី​រួម​គ្នា​នេះ​។

​លោក នាយ​ករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​ស្នើឱ្យ​មាន​ការ​សិក្សា​រួមគ្នា​ក្នុង​ចំណោម​ប្រទេស​ទាំង៤​ គឺ កម្ពុជា ​ថៃ ឡាវ និង មី​យ៉ាន់​ម៉ា លើ​លទ្ធភាព​នៃ​ការ​ចុះបញ្ជី​រួមគ្នា​លើ​ប្រភេទ​ក្បាច់គុន​ប្រដាល់ ​ដែល​ប្រទេស​នីមួយៗ​អាច​ដាក់​ឈ្មោះ​របស់​ខ្លួន​ នៅពេ​លដែល​កីឡា​នោះ​ត្រូវ​រៀបចំ​ប្រកួត​នៅ​ប្រទេស​ណា​ដែលជា​​ម្ចាស់ផ្ទះ​​។ ការធ្វើ​បែប​នេះ​នឹង​បញ្ចប់​ជម្លោះ​ពាក្យ​សម្តី​ដែល​ប្រទេស​ណា​មួយ​ប្រុង​អះអា​ង​ជា​របស់​ខ្លួន​នោះ​។​


​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជំ​រុញឱ្យ​ការ​កសាង​រូប​សំណាក និងព្រះ​ពុទ្ធ​បដិមា ត្រូវមាន​ក្បួន​ខ្នាត​ត្រឹមត្រូវ ព្រោះ​ក្រោយ​ការធ្វើ​អភិ​សេក​រួច​ហើយ គ្មាន​អ្នក​ណា​ហ៊ាន​កែ​សម្រួល​នោះទេ​។

«​ពេល​អភិ​សេក​រួច​ហើយ អត់​មាន​អ្នកណា​ទៅ​ប៉ះពាល់​បាន​នោះ​ទេ​។អ៊ីចឹ​ង​ទេ រូបនេះ​បន្សល់ទុក​១០០​ទៅ​២០០​ឆ្នាំ ដែល​លើកឡើង [​របប​] ប៉ុល ពត​ទេ ដែល​វាយ​ចោល​នោះ ហើយ ​ក្រៅពី​នោះ គ្មាន​អ្នកណា​ហ៊ាន​វាយ​ចោល​ទេ​។ អ៊ីចឹ​ង​សូមឱ្យ​ក្រសួង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​»​។


​នៅ​ក្នុង​ការ​ថ្លែង​នោះ​ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បាន​អះ​អាង​ថា ប្រធាន​បទ​សម្រាប់​ទិវា​វប្បធម៌​ជាតិ ដែល​ផ្សារ​ភ្ជាប់​ជាមួយ​យុវជន​គឺ​ត្រូវ​បាន​រៀបចំ​ឡើង​អស់​រយៈ​ពេល​ជិត​១​ទសវត្សរ៍​ទៅ​ហើយ​ ប៉ុន្តែ​ប្រធាន​បទ​នេះ​នៅ​តែ​សំខាន់​និង​សម​ស្រប​គ្រប់​កាលៈ​ទេសៈ​។

​នៅ​ក្នុង​ការជួប​ជុំ​ជាមួយ​អ្នក​សិល្បៈទាំង​ជាង​ ៤ ០០០​នាក់ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ជំ​រុញឱ្យ​សិល្បករ​និង​សិល្ប​ការិនី ចូលរួម​តែង​និពន្ធ​បទ​ចម្រៀង​ដែល​ទាក់​ទង​នឹង​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​កីឡា​អាស៊ី​អា​គ្នេ​យ៍

ហៅ​កាត់ «​ស៊ី​ហ្គេម​»​លើក​ទី​៣២ ​និង អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ឱ្យ​កាន់តែ​កក្រើក​និង​អធិក​អធម​ដើម្បី​បន្សល់​ទុក​នូវ​អនុស្សា​វរីយ៍​ចងចាំ​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្ត្រ​នេះ ​តាមរ​យៈ​ស្នាដៃ​សិល្បៈ​វប្ប​ធម៌​។​

​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ក៏​លើក​ទឹកចិ​ត្ត​ឱ្យ​វត្ត​អារាម​បង្កើត​វង់ភ្លេង​ពិណ​ពាទ្យ ​នៅតាម​វត្ត​អា​រាម​ឱ្យបាន​ច្រើន ដែល​វង់​ភ្លេង​ទាំង​នោះ​នឹង​ផ្តល់ឱកាស​បណ្តុះ​បណ្តាល​ភ្លេង​ដល់ ​កុមារ​និង​យុវជន​ប្រមាណ​៦​ទៅ​៧​នាក់​ក្នុង​១​វង់​ភ្លេង​ ហើយ​ភ្លេង​នោះ​នឹង​បម្រើ​ដល់​សេចក្តី​ត្រូវការ​រៀបចំ​តាម​ប្រពៃណី​នៅតាម​ផ្ទះ​ប្រជា​ជន ពេ​លដែល​ត្រូវ​រៀបចំ​កម្មវិ​ធី​៕