ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុង នូវការចេញផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត បែបប្រឌិត ស្តីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅខេត្តព្រៃវែងនាពេលកន្លងទៅនេះ ថាជាករណីឆ្លងពីមនុស្សទៅមនុស្ស ខណៈក្រសួងបញ្ជាក់ថាគឺជាករណីឆ្លងពីសត្វបក្សីមកមនុស្ស។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន ២ ករណីតែប៉ុណ្ណោះ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលក្នុងនេះ មានកុមារីអាយុ ១១ ឆ្នាំ ៦ ខែ ម្នាក់បានស្លាប់ និងឪពុករបស់កុមារីរូបនេះ បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យបង្អែកស្រុករួចទៅហើយ។
ក្រសួងបញ្ជាក់ថា៖«ករណីវិជ្ជមានវីរុសផ្តាសាយបក្សី H5N1ទាំង ២ នាក់ នេះ ត្រូវបានសន្និដ្ឋានថា ជា ការចម្លងវីរុសផ្តាសាយបក្សី H5N1 ពីសត្វបក្សីមកមនុស្ស ដែលមិនមែនជាការចម្លងពីមនុស្សទៅមនុស្សនោះទេ»។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុងនូវរាល់ព័ត៌មានមិនត្រឹមត្រូវ ឬ ព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ស្តីអំពីករណីជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅកម្ពុជានេះ។
ប្រភពដដែលបន្តថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វត្ថុសំណាកសរុបចំនួន ៥១ សំណាក (យកពីបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធចំនួន ២០ នាក់ និងបុគ្គលដែលមានរោគសញ្ញាដូចជំងឺគ្រុនផ្ដាសាយចំនួន ៣១នាក់) ត្រូវបានប្រមូល យកដើម្បីធ្វើការវិភាគ ហើយលទ្ធផលបានបង្ហាញថាអវិជ្ជមានវីរុស H5N1 ទាំងអស់។
ក្រុមអង្កេតស្រាវជ្រាវរបស់ក្រសួងសុខាភិបាល នៅតែបន្តមានវត្តមាននៅខេត្តព្រៃវែងនៅឡើយ ដើម្បីអង្កេតស្រាវជ្រាវរកករណីជំងឺផ្តាសាយ បក្សី H5N1 ជាបន្តទៀត ហើយនឹងបន្តប្រមូលវត្ថុសំណាកសម្រាប់ធ្វើវិភាគ ពីបុគ្គលដែលមានរោគសញ្ញាសង្ស័យ និងបុគ្គលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយផងដែរ។
ក្រសួងបន្តទៀតថា ផ្នែកវីរុសសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់អំពីវត្តមានវីរុស A/H5N1 នៅក្នុងវត្ថុសំណាកដែលបានផ្ញើមកវិភាគ ហើយបានធ្វើវិភាគលម្អិតនូវហ្សែន (full genome sequencing) ដែលមាននៅលើ GISAID កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ វីរុសប្រភេទ A/H5N1 ដែលបានរកឃើញលើករណីនៅកម្ពុជា បានបង្ហាញពីការផ្លាស់ប្តូរដែលត្រូវបានគេរំពឹងថា វីរុសនេះឆ្លងពីបក្សីទៅមនុស្ស ប៉ុន្តែមិនបង្ហាញថា វីរុសនេះ កំពុងបម្លែងខ្លួន ឬសម្របខ្លួនទៅ ជាការចម្លងពីមនុស្សទៅមនុស្សនោះទេ។ វីរុស A/H5N1 នៅកម្ពុជា មិនមានការបម្លែងខ្លួនដែលទាក់ទងនឹងការកើនឡើងនៃការចម្លងនៃថនិកសត្វនោះទេ។
ក្រសួងសុខាភិបាលកម្ពុជា សូមឱ្យស្ថាប័នសារព័ត៌មានទាំងអស់ កែតម្រូវ និងទទួលខុសត្រូវចំពោះព័ត៌មាន ដែលខ្លួនផ្សព្វផ្សាយ និងធានាថាការរាយការណ៍របស់ខ្លួន គឺផ្អែកលើភ័ស្តុតាងវិទ្យាសាស្ត្រត្រឹមត្រូវ និងធ្វើសម្រង់ព័ត៌មានឱ្យបានត្រឹមត្រូវ។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
សេចក្តីប្រកាសព័ត៌មាន ស្តីពីការច្រានចោលនូវព័ត៌មានមិនពិតទាក់ទងនឹងករណីឆ្លងវីរុសផ្តាសាយបក្សី H5N1 នៅកម្ពុជា