សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​សំណាញ់​ការពារ​សត្វប្រចៀវ​កុំ​ឱ្យ​តោង​នៅ​តាម​ទីតាំងមួយ​ចំនួន​បន្ថែម​ទៀត​នៃ​ដំបូល​ប្រាសាទ​អង្គរ​វត្ត ពីព្រោះ​ទឹកនោម និង​លាមក​សត្វ​ប្រចៀវ វា​ធ្វើ​ឱ្យ​ថ្ម​ប្រាសាទ​ពុក​ផុយ និង​ធុំ​ក្លិន​មិន​ល្អ​ដល់​ភ្ញៀវ​ទេសចរ។


លោក សយ សុភារិន្ទ អ្នក​ទទួល​បន្ទុក​កិច្ចការ​អភិរក្ស​នៅ​ប្រាសាទ​អង្គរវត្ត នៃ​នាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យ​ដឹង​ថា ការងារ​រៀបចំ​ដាក់​សំណាញ់​ការពារ​សត្វ​ប្រចៀវ នៅ​ប្រាសាទ​អង្គរវត្ត ក្រុម​ការងារ​បាន​រៀបចំ​ច្រើន​កន្លែង​មក​ហើយ។

កន្លង​មក​ក្រុម​ការងារ បាន​ធ្វើ​នៅ​រួត​បាកាណ និង​រួត​ព្រះពាន់​នៃ​ប្រាសាទ​អង្គរវត្ត។ ប៉ុន្តែ​ដោយ​សង្កេត​ឃើញ​ថា ខ្លោងទ្វារ​ខាងលិច​ប្រាសាទ​អង្គរវត្ត មាន​សត្វ​ប្រចៀវ​មក​រស់នៅ​ច្រើន ហើយ​បាន​នោម និង​លាមក​ធ្វើ​ឱ្យ​ថ្ម​ប្រាសាទ​ពុកផុយ និង​ធុំ​ក្លិន​ដល់​ភ្ញៀវ​ទេសចរ​ផង​ទើប​ក្រុម​ការងារ​បាន​ដាក់​សំណាញ់​ការពារ​នៅទីនេះ​ទៀត។


បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ការដាក់​សំណាញ់​ការពារ​សត្វ​ប្រចៀវ​ពេល​នេះ សរុប​មាន​ចំនួន ១៦០ ម៉ែត្រ​ការ៉េ ដែល​អនុវត្ត​ក្នុង​ខែកុម្ភៈឆ្នាំ២០២៣ និង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ២០២៣៕