ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចាត់ទុក​ការលើក​កម្ពស់​តួនាទី​របស់​ស្រ្តី​នៅ​ក្នុងការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ថា ជាកាលានុវត្តភាព និង​កាតាលីករថ្មី​មួយ សម្រាប់​ពន្លឿន​ការសម្រេច​បាន​នូវ​សមភាព​យេនឌ័រ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ប្រកប​ដោយ​បរិយាប័ន្ន។


លោក អ៊ិត សំហេង បាន​លើកឡើង​បែបនេះ ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល ជាមួយ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​ជាស្រ្តី​របស់​ក្រសួង ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី១១២ នៃ​ទិវា​អន្តរ​ជាតិ​នារី ៨ មីនា ឆ្នាំ២០២៣ ក្រោម​ប្រធាន​បទ“ស្រ្តី​រួមគ្នា រក្សា​សុខសន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ ក្នុង​យុគ​សម័យ​ឌីជីថល” រៀបចំ​ឡើង​នៅ​ទី​ស្តី​ការក្រសួង​ការងារ កាលពី​ថ្ងៃទី២ មីនា ឆ្នាំ២០២៣។

លោក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា មូលបទ​ទិវា​អន្តរ​ជាតិ​នារី ៨ មីនា ឆ្នាំ២០២៣ «គឺ​ត្រូវបាន​ជ្រើសរើស​ឡើង​ដើម្បី​រំលេច​ពី​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន នៃ​សុខសន្តិភាព ដែល​បាន​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បាន​យក​ជីវិត​ធ្វើ​ជាដើមទុន ខិតខំ​តស៊ូ​គ្រប់​បែបយ៉ាង រហូត​ឈានទៅ​សម្រេច​បាន​ជោគជ័យ​ទាំងស្រុង នូវ​ការអនុវត្ត​នយោបាយ ឈ្នះ ឈ្នះ នាថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយ​ដែលយើង​បាន​រួមគ្នា​បន្ត​ខិតខំ​ថែរក្សា​បាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​ជាបុរេលក្ខខណ្ឌ​ដ៏ចាំបាច់ និង​ជាមូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ និង​ធានា​បាន​នូវ​សុខុមាលភាព និង​ការរស់នៅ​ប្រកប​ដោយ​សុខដុមរមនា​របស់​ប្រជាជន។ គ្មាន​សន្តិភាព​គឺ​គ្មានអ្វីៗ​គ្រប់​យ៉ាង»។


លោក​បន្ត​ថា បច្ចុប្បន្ន ស្ត្រី​មាន​កាលានុវត្តភាព​ក្នុងការអនុវត្ត​សិទ្ធិ អភិវឌ្ឍ​ចំណេះដឹង ជំនាញ និង​បច្ចេកទេស ដែល​ជាមូលដ្ឋាន​គ្រឹះ ក្នុង​ការចូលរួម​ប្រកួត​ប្រជែង​ប្រកប​ដោយ​សក្ដានុពល​នៅក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ថ្នាក់​ជាតិ និង​នៅក្នុង​តំបន់ ហើយក៏​ជាអ្នក​ទទួល​បាន​ភោគផល ពី​កិច្ច​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​គេ និង​គ្រួសារ​មានភាព​ប្រសើរ​ឡើង ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ​និង​ភាព​ងាយ​រង​គ្រោះ។

ទិវា​អន្តរ​ជាតិ​នារី ៨មីនា គឺជា​ព្រឹត្តិការណ៍​ជាសកល​ដែល​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ បាន​ប្រកាស​ជាទិវា​របស់​អង្គការ​សហប្រជា​ជាតិ​ស្តី​ពី​សិទ្ធិ​ស្រ្តី និង​សន្តិភាព​ពិភពលោក​នា​ឆ្នាំ១៩៧៧។


ជារៀង​រាល់​ឆ្នាំ​ប្រទេស​កម្ពុជា បានរៀបចំ​ទិវា​អន្តរ​ជាតិ​នារី ៨មីនា ដើម្បី​រំឭក​ពី​ការតស៊ូ​ទាមទារ​សិទ្ធិ សេរីភាព និង​ឆ្លុះ​បញ្ចាំង​អំពី​វឌ្ឍនភាព សមិទ្ធផល បញ្ហា​ប្រឈម ការប្តេជ្ញា​ចិត្ត និង​វិធានការ​ជាវិជ្ជមាន​នានា ក្នុងការ​សម្រេច​បាន​នូវ​សមភាព​យេនឌ័រ និង​ការបង្កើន​ភាពអង់អាច​ដល់​ស្រ្តី និង​ក្មេង​ស្រី​គ្រប់​រូប៕