​ក្រសួងមហាផ្ទៃ និង​អង្គភាព​ការពារ​កុមារ (CPU)​​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដើម្បី​ចូលរួមចំណែក​សកម្មភាព​មនុស្សធម៌ និង​ស្វែងរក​យុត្តិធម៌​ព្រហ្មទណ្ឌ​សម្រាប់​អនីតិជន​ជាពិសេស​ឆ្លើយតប​ទៅនឹង​ការបង្ក្រាប​បទល្មើស​នានា ពាក់ព័ន្ធ​ទៅនឹង​កុមារ​។


​ពិ​ធីះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ធ្វើឡើង​រវាង​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​.) និង​អង្គភាព​ការពារ​កុមារ​(CPU) នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ស្ដីពី​ការរួមចំណែក​នៅក្នុង​សកម្មភាព​មនុស្សធម៌ និង​យុត្តិធម៌​ព្រហ្មទណ្ឌ​សម្រាប់​អនីតិជន​នៅ​កម្ពុជា ២០២២-២០២៤ នៅ​ព្រឹក​សុក្រ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២៣​។ នេះ​បើតាម​ក្រសួងមហាផ្ទៃ​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​។

​លោកស្រី ជូ ប៊ុន​អេង បាន​មានប្រសាសន៍ថា​៖« ក្រសួងមហាផ្ទៃ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CPU) រឹត​តែមាន​ភាពជិតស្និទ្ធ ព្រមទាំង​ឆ្លើយតបបាន​លឿន ចំពោះ​បទល្មើស​ដែល​កើតមានឡើង​នៅ​កម្ពុជា ព្រមទាំង​បន្ត​គាំទ្រ​ចំពោះ​សកម្មភាព​របស់​អង្គភាព CPU ដើម្បី​កុមារ​ផងដែរ​»​។


​ជាមួយគ្នានេះ​លោកស្រី បាន​សម្តែង​សេចក្ដី​រីករាយ ក្នុងនាម​ក្រសួងមហាផ្ទៃ សម្រាប់​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាថ្មី​ម្ដងទៀត ជាមួយ​អង្គភាព CPU ដែល​បានធ្វើការ​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក ហើយក៏​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ទាក់ទង​ទៅនឹង​ការបង្ក្រាប​បទល្មើស​នានា ជាពិសេស បទល្មើស​ព្រហ្មទណ្ឌ ដែល​ពាក់ព័ន្ធ​ទៅនឹង​កុមារ​។

​លោកស្រី បាន​សង្កេតឃើញថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ការអនុវត្ត​បង្ក្រាប​បទល្មើស​នានា អង្គភាព CPU បាន​ស្គាល់​បទពិសោធន៍​កាន់តែច្បាស់​ក្នុង​ទម្រង់​បទល្មើស​ដែលមាន​ទៅលើ​កុមារ​នៅ​កម្ពុជា​។​


​ទន្ទឹមនេះ លោក James McCabe នាយក​ទទួលបន្ទុក​ប្រតិបត្តិការ​របស់​អង្គភាព​ការពារ​កុមារ (CPU) នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងមហាផ្ទៃ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​តែងតែ​គាំទ្រ​ចំពោះ​សកម្មភាព​របស់​អង្គភាព​CPU​។ លើសពីនេះ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ ដែល​តែងតែ​ជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​នានា​ពាក់ព័ន្ធ​ទៅនឹង​កុមារ​។

​នាឱកាស​នោះដែរ​លោក James McCabe បាន​រំឭក​ដែរ​ថា អង្គភាព​បានធ្វើ​កិច្ចសហប្រតិបត្តិការ​អស់

​រយៈពេល​១០​ឆ្នាំ​កន្លងមកហើយ​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ លើ​ការងារ​ដើម្បី​កុមារ​នៅ​កម្ពុជា​នេះ​។​

​សូម​ជម្រាបជូន​ដែរ ក្រសួងមហាផ្ទៃ និង​អង្គភាព​ការពារ​កុមារ (CPU) នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា (MOU) ស្ដីពី​ការចូលរួមចំណែក​នៅក្នុង​សកម្មភាព​មនុស្សធម៌ និង​យុត្តិធម៌​ព្រហ្មទណ្ឌ សម្រាប់​អនីតិជន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០២២-២០២៤ នាពេលនេះ គឺ​លើក​ទី​០៤ ហើយ​៕​