ភ្នំពេញៈ ក្រុម​បណ្ដាញ​យុវជន និង​អង្គការ​សង្គម​ស៊ីវិល​ជាង​​ ៣០០ ​នាក់ បាន​ចូលរួម​យុទ្ធនាការ​ ១០០ ​កោដិ​សំឡេង​ឆ្នាំ​ ២០២៣ បាន​ប្រព្រឹត្តឡើង​ក្រោម​ប្រធានបទ «​ក្រោក​ឡើង​ដើម្បី​សេរីភាព​របស់​ក្មេងស្រី និង​ស្ដ្រី​គ្រប់​ចម្រុះ​ភាព​» ក្នុង​គោលបំណង​ជំរុញឱ្យមាន​ការ​ទទួលស្គាល់​ពី​សិទ្ធិ និង​សេរីភាព​ចាក​ចេញពី​របប​បិតា​ធិបតេយ្យ​ដែល​កើតឡើង​តាមរយៈ​អំណាច ហើយក៏​ជាការ​ផ្សព្វផ្សាយ​នូវ​ការបង្កើត​វប្បធម៌​ថ្មី​មួយ​ទៅក្នុង​សហគមន៍ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ក្មេងស្រី និង​ស្ដ្រី​ផង​ដែរ​។​


​យុទ្ធនាការ​ឆ្នាំ​ ២០២៣ ​នេះ ត្រូវបាន​សហការ​រៀប​ចំ​ឡើង​ដោយ​បណ្ដាញ​យុវជន​កម្ពុជា អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ហ្វារ​ពន្លឺ​សិល្បៈ ទី​​សុវត្ថិភាព តម្លាភាព​កម្ពុជា និង​ក្រុមប្រឹក្សា​យោបល់​យុវជន​អង្គការសហប្រជាជាតិ និង​អង្គការ​នារី​ដើម្បី​សន្ដិភាព​ក្រោម​ការគាំទ្រ​ពី European Union Save the children Sverige Diskonia Heinrich និង Norwegian Peoples Aid​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន យុទ្ធនាការ​ ១០០ កោដិ​សំឡេង កាលពី​ថ្ងៃទី​ ៤ ខែមីនា បានឱ្យដឹងថា យុទ្ធនា​ការ​នេះ បាន​ប្រព្រឹត្តឡើង​កាល​​ពី​ចុងខែ​កុម្ភៈ នៅ​កូ​កូ​ណាត់​ផាក ដែលមាន​អ្នកចូលរួម​ប្រមាណ ៣០៤ ​នាក់​។ យុទ្ធនា​ការ​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​ដើម្បី​ជំរុញឱ្យមាន​ការ​ទទួលស្គាល់​ពី​សិទ្ធិ សេរីភាព និង​ភាពជា ខ្លួនឯង​របស់​ក្មេងស្រី ស្ដ្រី​គ្រប់​ចម្រុះ​ភាព និង​សេរីភាព​ចាក​ចេញពី​របប​បិតា​ធិបតេយ្យ​ដែល​កើតឡើង​តាមរយៈ​អំណាច និង​ភាព​លោភលន់​។


​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​យុទ្ធនាការ​នេះ ក៏​ជាការ​ផ្សព្វផ្សាយ​នូវ​ការ​បង្កើត​វប្បធម៌​ថ្មី​មួយ​ទៅក្នុង​សហគមន៍ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ដ្រី លុបបំបាត់​តួនាទី​យេនឌ័រ និង​ស្វែងយល់​បន្ថែម​ពី​យេនឌ័រ តាមរយៈ​សាមគ្គីភាព​នៃ​ថាមពល​សិល្បៈ និង​ការ​រាំ​ដែលមាន​ចម្រុះ​ភាព​ផងដែរ​»​។​

​យុទ្ធនាការ​នេះ ក៏​ខុសប្លែក​ពី​យុទ្ធនាការ​ផ្សេងៗ​ទៀត​ដែរ ពីព្រោះ​មានការ​រាំ​ជុំគ្នា ដែលជា​ការបង្ហាញ​អំពី​ភាពជា​ខ្លួនឯង ដោយ​ការ​រាំ​មិនមាន​ការកំណត់​ស្ដង់ដា ដូច្នេះ​អ្នកចូលរួម គឺមាន​សិទ្ធិ​ចូលរួម​រាំ​ដោយ​សេរី អាច​ជ្រើសរើស​អ្នកណា​ក៏បាន ហើយ​នៅពេលណា​ក៏បាន ជា​ពិសេស​ជាង​នេះ​ការ​រាំ​នេះ ក៏​បង្ហាញ​អំពី​សាមគ្គីភាព និង​រួបរួម គ្នា​ក្នុង​ការបញ្ឈប់​អំពើហិង្សា​លើ​ក្មេងស្រី និង​ស្ដ្រី​គ្រប់​ចម្រុះ​ភាព​។


​ក្រៅពី​ការ​រាំ ក៏មាន​ការបង្ហាញ​ទម្រង់​សិល្បៈ​ជាច្រើន រួមមាន ការ​ច្រៀង ការដើរ​បង្ហាញ​ម៉ូដ ការសម្ដែង​ល្ខោន ការ​បញ្ចាំង​រឿង​ខ្លីៗ និង​ការប្រកួតប្រជែង​សេរីភាព​នៃ​គំនិត​ច្នៃប្រឌិត ដែល​ទម្រង់​ទាំងនេះ នឹងធ្វើ​ឱ្យមាន​ការផ្លាស់​ប្ដូរ​ផ្នត់គំនិត​ក្នុង ការរួមចំណែក​កាត់បន្ថយ​អំពើហិង្សា​លើ​ក្មេងស្រី និង​ស្ដ្រី​គ្រប់​ចម្រុះ​ភាព​។​

​ទាក់ទិន​រឿងនេះ កញ្ញា កែវ​ យ៉ា​រី អ្នកសម្របសម្រួល​គម្រោង​នៅ​បណ្ដាញ​យុវជន​កម្ពុជា (CYN) បានឱ្យដឹងថា យុទ្ធនា​ការ​ ១០០​ កោដិ​សំឡេង​នេះ គឺជា​វេទិកា​មួយ​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​សាធារណជន តាម​​រយៈ​សំឡេង និង​សារ​នៃ​កម្មវិធី​ត្រូវបាន​ពន្លឺ​ឡើង​ក្នុង​យុទ្ធនា​ការ​ដ៏​សកម្ម​នេះ​។

​កញ្ញា​ថា វា​ក៏​បានឮ​ដល់ និង​បង្កើត​ផល​វិជ្ជមាន​ដល់​ក្រុម​គ្រប់​ចម្រុះ​ភាព​ទាំងអស់ និង​បង្ហាញ​ជា​រូបភាព​ដ៏​ល្អ​មួយ​ដល់​សង្គម​ថា ការសហការ​រវាង​គ្នា និង​គ្នា គឺជា​ភាពខ្លាំង​ដើម្បី​ទម្លាយ​បញ្ហា​ប្រឈម​ទាំងអស់​។

​កញ្ញា យ៉ា​រី លើកឡើងថា​៖ «​តាងនាម​ជា​សមាគមយុវជន​១​រូប ខ្ញុំ​ចង់ឃើញ​ការ​ចូលរួម​កាន់តែច្រើន​ពី​ដៃគូ​ពាក់ព័ន្ធ និង​សាធារណជន​បន្តទៅទៀត ដើម្បី​សេរីភាព​ពេញលេញ និង​ការគោរព​សិទ្ធិមនុស្ស​នាពេល​អនាគត​»​។​

​កញ្ញា ទេព រចនា ជា​អ្នកចូលរួម​ក្នុង​ថ្ងៃ​យុទ្ធនាការ​នេះ ថ្លែងថា មាន​មនុស្ស​ចម្រុះ ក្មេង ចាស់ ប្រុស ស្រី ជាច្រើន​បានមក​ចូលរួម​យុទ្ធនាការ ​១០០​ កោដិ​សំឡេង​នេះ​ដោយសារ​យុទ្ធនា​ការ​នេះ គឺ​តស៊ូ​ដើម្បី​សិទ្ធិ សេរី​​ភាព​របស់​ក្មេងស្រី និង​ស្ដ្រី ដែល​វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ហើយ​វា​ក៏​ជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់ៗ​គ្នា​ផងដែរ​។​

​កញ្ញា រចនា ថ្លែងថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ពេលដែល​ឃើញ​បងប្អូន​ស្រីៗ អ៊ំ ពូ​មីង និង​មនុស្ស​ចម្រុះ​ជាច្រើន​ចូលរួម​យុទ្ធនាការ ​១០០​ កោដិ​សំឡេង ពីព្រោះ​ការប្រយុទ្ធ​តស៊ូ​ដើម្បី​សិទ្ធិ សេរី​​ភាព​របស់​ក្មេងស្រី និង​ស្ដ្រី​ពិត​ជាមាន​សារៈសំខាន់​»​។​

​កញ្ញាថ្លែងថា កម្មវិធី​នៅក្នុង​យុទ្ធនាការ​នេះ នឹង​ផ្ដល់ឱ្យ​មនុស្ស​គ្រប់គ្នា​នៅ​កន្លែង​ដែល​សុវត្ថិភាព ក្នុងការ​បញ្ចេញ​សំឡេង​របស់​ក្មេងស្រី និង​ស្ដ្រី​គ្រប់​ចម្រុះ​ភាព និង​ក៏​អាច​យល់ដឹង​បន្ថែម​អំពី​សិទ្ធិ​សេរី​ភាព​របស់​ខ្លួនឯង​ផងដែរ​។​

​យុទ្ធនាការ ​១០០ ​កោដិ​សំឡេង ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​ក្នុង​ឆ្នាំ ​២០១២ ក្នុង​មូលហេតុ​ដោយ​សារ​តែមាន​ស្ដ្រី​ម្នាក់​ក្នុង​ចំ​ណោម ៣ ​នាក់ បាន​រង​ការ​វាយ​​ដំ ចាប់រំលោភ​ក្នុងអំឡុងពេល​ពេញ​ ១​ ជីវិត​របស់​ពួកគេ​។

​នេះ​បើ​យោងតាម​អង្គការ​សហ​ប្រ​ជា​ជាតិ​។ ការបង្កើត​យុទ្ធនាការ​នេះ មាន​គោលបំណង​ប្រមូល​ផ្ដុំ​សំឡេង​មនុស្ស ១០០ ​កោដិ​នាក់ ឬ​លើសពីនេះ​ដើម្បី​ចូលរួម​លុបបំបាត់​អំពើហិង្សា​លើ​ក្មេង​ស្រី និង​ស្ដ្រី​គ្រប់​ចម្រុះ​ភាព​។​កម្ពុជា​បានចាប់ផ្ដើម​ប្រារព្ធ​និង​ធ្វើ​យុទ្ធនាការ​នេះ​ក្នុង​ឆ្នាំ​ ២០១៣ រហូតមកដល់​បច្ចុប្បន្ន​៕