ភ្នំពេញៈ យូនីសេហ្វ បង្ហាញក្តីបារម្ភចំពោះរបបអាហារស្រស់ដែលល្អសម្រាប់សុខភាពតាមប្រពៃណី កំពុងត្រូវបានជំនួសដោយការប្រើប្រាស់កាន់តែច្រើននូវអាហារកែច្នៃដែលអន់គុណភាព និងភេសជ្ជៈដែលសម្បូរដោយជាតិស្ករ អំបិល និងខ្លាញ់មិនល្អចំពោះសុខភាព។
ជាមួយនឹងក្តីបារម្ភនេះ យុវជនទាមទារបរិស្ថានចំណីអាហារល្អជាងមុនសម្រាប់សុខភាពនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានរួមគ្នាបង្កើត និងធ្វើយុទ្ធនាការមួយនៅក្នុងតំបន់ ដើម្បីគាំទ្រគម្រោង “កែលម្អអាហារខ្ញុំ” របស់យូនីសេហ្វ ដែលនឹងត្រូវអនុវត្តនៅក្នុងប្រទេសចំនួន៨ រួមទាំងកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ យូនីសេហ្វ ចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ប្រព័ន្ធចំណីអាហារនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលត្រូវបានគេស្គាល់ថា មានវប្បធម៌អាហារចម្រុះ និងរស់រវើកនោះ កំពុងតែមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
សេចក្តីប្រកាសដដែលនេះ បានបន្តថា របបអាហារស្រស់ដែលល្អសម្រាប់សុខភាពតាមប្រពៃណីកំពុងត្រូវបានជំនួសដោយការប្រើប្រាស់កាន់តែច្រើននូវអាហារកែច្នៃដែលអន់គុណភាព និងភេសជ្ជៈដែលសម្បូរដោយជាតិស្ករ អំបិល និងខ្លាញ់មិនល្អចំពោះសុខភាព។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ «កុមារនៅក្នុងតំបន់នេះទាំងមូល កំពុងតែរស់នៅក្នុងបរិស្ថានអាហារដែលជំរុញការលក់ និងការបរិភោគអាហារ និងភេសជ្ជៈ ''អន់គុណភាព'' ជាជាងអាហារដែលមានសុខភាពល្អ។ ជាផលវិបាក ក្មេងជំទង់លើសពី ១ នាក់ក្នុងចំណោម ៣ នាក់ កំពុងតែទទួលទានភេសជ្ជៈដែលមានជាតិស្ករយ៉ាងតិចមួយប្រភេទក្នុង ១ ថ្ងៃ ជាងពាក់កណ្តាលនៃក្មេងជំទង់ទាំងនេះទទួលទានអាហារចម្អិនរហ័សយ៉ាងតិច ១ ដងក្នុង ១ សប្តាហ៍ ហើយតិចជាងពាក់កណ្តាលនៃពួកគេទទួលទានផ្លែឈើ និងបន្លែបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ»។
លោកស្រី Debora Comini នាយិកាប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃអង្គការយូនីសេហ្វបាននិយាយថា បច្ចុប្បន្នកុមារ និងយុវវ័យត្រូវបានហ៊ុមព័ទ្ធដោយការផ្សព្វផ្សាយលក់អាហារអន់គុណភាពនៅគ្រប់ទីកន្លែងដែលពួកគេទៅ ដែលមានដូចជានៅតាមអនឡាញ តាមផ្លូវទៅសាលារៀន នៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យ តាមទូរទស្សន៍ និងសូម្បីតែនៅខណៈពេលឈរក្នុងជួរពេលចេញពីហាងលក់ទំនិញគ្រឿងទេសផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ «ជាលទ្ធផល កុមារជាច្រើនលើសលប់នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទទួលទានរបបអាហារដែលអន់គុណភាព និងមិនល្អចំពោះសុខភាព ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុខភាព និងសុខុមាលភាពរបស់ពួកគេ។ វាដល់ពេលហើយដែលយើងត្រូវដោះស្រាយបញ្ហានេះ»។
ជាមួយនឹងក្តីបារម្ភនេះ លោកស្រី បានអះអាងថា យូនីសេហ្វ បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដៃគូនានា ដើម្បីដាក់ចេញគោលនយោបាយ និងច្បាប់សំដៅបញ្ឈប់ការកើនឡើងនៃសកម្មភាពផ្សព្វផ្សាយលក់ចំណីអាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាព ដូចជាការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការលក់អាហារដែលមិនល្អចំពោះសុខភាពនៅក្នុង និងជុំវិញបរិវេណសាលារៀន ការដាក់ស្លាកសម្គាល់អាហារូបត្ថម្ភនៅខាងមុខកញ្ចប់ឱ្យបានច្បាស់លាស់ និងការយកពន្ធលើភេសជ្ជៈដែលមានជាតិស្ករ និងវិធានការផ្សេងៗទៀត។
លោកស្រីថ្លែងថា៖ «ដើម្បីជំរុញឱ្យមានតម្រូវការចាំបាច់បន្ថែមទៀតសម្រាប់បរិស្ថានចំណីអាហារដែលល្អចំពោះសុខភាពជាងមុន យូនីសេហ្វ គាំទ្រយុទ្ធនាការ "កែលម្អអាហារខ្ញុំ" ដែលដឹកនាំដោយយុវវ័យដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពចាំបាច់ក្នុងការបង្កើតបរិស្ថានចំណីអាហារដែលកាន់តែល្អចំពោះសុខភាពនៅក្នុងប្រទេសចិន កម្ពុជា សហព័ន្ធរដ្ឋមីក្រូនេស៊ី ហ្វ៊ីជី ម៉ុងហ្គោលី កោះសូឡូម៉ុន ទីម័រខាងកើត និងវៀតណាម»។
កាលពីចុងខែកុម្ភៈ យុវជន រួមជាមួយ នឹងតារាល្បីៗ និងអ្នកមានឥទ្ធិពល មកពីប្រទេសទាំង ៨ ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានចូលរួមក្នុងសិក្ខាសាលាបង្កើតឡើងរួមគ្នាស្តីពី “កែលម្អអាហារខ្ញុំ” រយៈពេល ២ ថ្ងៃ នៅក្នុងទីក្រុងបាងកក។ អ្នកចូលរួមក្នុងសិក្ខាសាលានោះ បានពិភាក្សាបំផុសគំនិត និងកំណត់អត្តសញ្ញាណដៃគូជាសក្តានុពល ដើម្បីជួយរៀបចំយុទ្ធនាការនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន។
លោកស្រី រស់ រតនៈ ដែលជាមេចុងភៅស្ត្រីដំបូងបង្អស់របស់កម្ពុជា ដែលបានចូលរួមសិក្ខាសាលានោះ បាននិយាយដោយជឿជាក់យ៉ាងមុតមាំថា ការថែរក្សា អភិវឌ្ឍ និងលើកកម្ពស់ម្ហូបខ្មែរបុរាណ ជាប្រពៃណីធ្វើម្ហូបដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក។
លោកស្រី ថ្លែងថា៖ «អាហារគឺមានលើសពីអ្វីដែលយើងញ៉ាំ។ អាហារជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌យើង គ្រួសារយើង និងសហគមន៍យើង។ ខ្ញុំសប្បាយចិត្តក្នុងការគាំទ្រយុវជនឆ្នើមទាំងនេះ ដើម្បីថែរក្សា ការពារ និងធានាថា បរិស្ថានចំណីអាហាររបស់យើងគឺសម្រាប់ទាំងអស់គ្នា និងផ្តល់អត្ថប្រយោជន៍ដល់គ្រប់គ្នា»។
យូនីសេហ្វ ថ្លែងថា គម្រោង ឬយុទ្ធនាការ នឹងបង្កើតការយល់ដឹងអំពីផលប៉ះពាល់នៃបរិស្ថានចំណីអាហារដែលកំពុងមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់ក្មេងស្រី និងក្មេងប្រុស និងតម្រូវការបន្ទាន់ដែលរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ត្រូវចាត់វិធានការរួមគ្នាដើម្បីកសាងបរិស្ថានចំណីអាហារដែលកាន់តែមានសុខភាពល្អថែមទៀតនៅទូទាំងតំបន់នេះ។
យូនីសេហ្វថា៖ «ជាផ្នែកមួយនៃការងាររបស់យូនីសេហ្វ ដើម្បីកៀរគរ និងផ្តល់ភាពអង់អាចដល់យុវវ័យក្នុងការធ្វើសកម្មភាព គម្រោងនេះនឹងត្រូវបានអនុវត្តនៅក្នុងប្រទេសដែលចូលរួមចំនួន ៨ ហើយនឹងត្រូវគាំទ្រដោយការិយាល័យប្រចាំប្រទេសរបស់យូនីសេហ្វ និងដៃគូ»៕