ភ្នំពេញៈ សហជីពធ្វើការងារជួយកម្មករសំណង់ឱ្យដឹងថា កម្មករសំណង់ភាគច្រើនប្រឈមបញ្ហាមិនមានសុវត្ថិភាពនៅកន្លែងធ្វើការ ខណៈភាគីពាក់ព័ន្ធកំពុងប្រជុំពិនិត្យលើផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ដើម្បីជួយកសាងអនាគតកម្មករជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពប្រសើរជាងមុន។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាឱ្យដឹងថា លក្ខខណ្ឌការងាររបស់កម្មករសំណង់នៅកម្ពុជានៅតែជួបបញ្ហាប្រឈមដូចកាលពីមុនដដែល ពីព្រោះដោយសារតែអ្នកម៉ៅការ ឬនិយោជក នៅតែមិនយល់ពីអត្ថប្រយោជន៍នៃប្រព័ន្ធគាំពារសង្គម ដោយមិនបានចុះបញ្ជីកម្មកររបស់ពួកគាត់ជាមួយបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.)។ លោកបន្តថា និយោជក ឬអ្នកម៉ៅការទាំងនោះ តែងតែគិតថា ការងារសំណង់ទាំងនោះគឺមិនមែនជាការងារដែលជាប់លាប់ និងត្រូវធ្វើជាប្រចាំនោះឡើយ។
លោក សុគីន បានថ្លែងថា៖«កម្មករសំណង់មានការប្រឈមច្រើនជាមួយប្រាក់ឈ្នួលដែលមិនមានការកំណត់ ការងារក៏មិនមានភាពជាប់លាប់ រួមទាំងនិយោជកមិនមានកាផ្ដល់សម្ភារការពារសុខភាព និងសុវត្ថិភាពពេលកំពុងបំពេញធ្វើការ ហើយនេះហេតុធ្វើឱ្យមានគ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់មកលើកម្មករ»។
តាមរបាយការណ៍ដែលសហជីពកម្មករសំណង់បានសិក្សាស្រាវលើកម្មករដែលធ្វើសំណង់១ ០១០នាក់រកឃើញថា មានតែកម្មករជាង ៩%ប៉ុណ្ណោះដែលទទួលបានកិច្ចគាំពាសង្គមពីនិយោជក និងបានចុះបញ្ជីពួកគាត់ជាមួយបេឡាជាតិរបបសន្តិសុខសង្គម។កម្មករក្រៅពីនេះ ពួកគាត់ស្ថិតនៅក្រៅប្រព័ន្ធ ដោយនៅមិនទាន់ត្រូវបាននិយោជក ឬអ្នកម៉ៅការ ចុះបញ្ជីពួកគាត់ទៅក្នុងបេឡាជាតិរបបសន្តិសុខសង្គមនៅឡើយទេ។
លោកសុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាបញ្ជាក់ថា៖«ចំនួនភាគរយដែលកម្មករសំណង់ទទួលបានកិច្ចគាំពារសង្គមនេះវាជាចំនួនមួយដែលតិចតួចខ្លាំង ស្របពេលដែលវិស័យសំណង់នៅកម្ពុជាកំពុងមានភាពរីកចម្រើន និងមានការកើនឡើងក្រុមហ៊ុនសហគ្រាសជាច្រើន បើប្រៀបធៀបជាមួយឆ្នាំមុនៗដែលត្រូវបានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ផ្ដល់វិញ្ញាបនបត្រអនុញ្ញាតឱ្យប្រកបអាជីវកម្មក្នុងវិស័យសំណង់»។
លោកបន្ថែមថា ហើយបើទោះបីជាក្រុមលោកបានដាក់សំណើជាច្រើនលើកទៅភាគីពាក់ព័ន្ធក៏ដោយដែលមើលឃើញថាវាហាក់បីដូចជាកាអនុវត្តនៅតែមិនទាន់មានយន្តការណាថ្មី ដើម្បីពង្រីកវិសាលភាព ដល់កម្មករសំណង់ទូទៅនោះទេ។
លោក ចាប ឫទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា សុវត្ថិភាព និងសុខភាពការងារ គឺជាបញ្ហាដ៏សំខាន់នៅគ្រប់កន្លែងការងារដែលរាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការ យកចិត្តទុកដាក់យ៉ាងខ្លាំង និងត្រូវបានដាក់បញ្ចូលជាបទដ្ឋានការងារស្នូលរបស់អង្គការអន្តរជាតិខាងការងារ។
ការថ្លែងបែបនេះឡើងនៅក្នុងសិក្ខាសាលាត្រីភាគីស្តីពីការពិនិត្យសម្រេចលើផែនការមេលើកទី៣ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និយោជក និយោជិត (ទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ) និងអង្គការនានាជាដើមកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ។
លោកបញ្ជាក់ថា ដោយសារបញ្ហាទាំងនេះគឺធ្វើឱ្យមានតម្រូវការចាំបាច់កាន់តែខ្លាំងឡើងៗក្នុងការបញ្ជ្រាបចំណេះដឹង និងវិធានការអំពីសុវត្ថិភាពការងារនិងសុខភាពទៅក្នុងការអប់រំទូទៅសម្រាប់មនុស្សគ្រប់គ្នា មុនពេលពួកគេចូលទៅក្នុងពិភពការងារ និងបន្តការងារពេញ១ជីវិតរបស់ពួកគេ។
លោក ចាប ឫទ្ធី ថា៖«ការបញ្ចូលចំណេះដឹងស្តីពីសុវត្ថិភាពការងារ និងសុខភាពទៅក្នុងការអប់រំទូទៅ និងទៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈគឺអាចជួយកសាងអនាគតកម្មករជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពល្អជាងមុន។ ការលើកកម្ពស់ការសិក្សាពេញ១ជីវិតអំពីសុវត្ថិភាពការងារ និងសុខភាពអាចជួយកម្មករ និងនិយោជកឱ្យស្វែងយល់ និងសម្របខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមានក៏ដូចជាហានិភ័យទាក់ទងនឹងការងារជាប់លាប់ ដូច្នេះការកែលម្អសុវត្ថិភាព និងសុខភាពពេញ១ជីវិតការងារ គឺជាការងារចាំបាច់»។
ទាក់ទិនរឿងនេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.) បានប្រាប់ថា ប.ស.ស.ព្យាយាមជំរុញដល់គ្រប់ភាគីដែលគ្រប់លក្ខខណ្ឌក្នុងការចុះបញ្ជីដើម្បីធានាសិទ្ធិទទួលបានរបបសន្តិសុខសង្គមដូចមានចែងក្នុងច្បាប់។
លោកបញ្ជាក់ថា ប.ស.ស. ក៏ជួបបញ្ហាប្រឈមក្នុងការចុះបញ្ជីកម្មករនិយោជិតវិស័យសំណង់នេះផងដែរ ដោយផលលំបាកនោះគឺការចុះបញ្ជីតាមរបបម៉ៅការរួមមាន៖«កម្មករមានចលនាចេញចូលមិនទៀងទាត់ និងមិនមានអត្តសញ្ញាណប័ណ្ណជាដើម។ជាដំណោះស្រាយលើបញ្ហាខាងលើ ប.ស.ស.បានសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មធ្វើការផ្សព្វផ្សាយទៅដល់កម្មករនិយោជិតទាំងនោះឱ្យយល់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គមចៀសវាងការផ្លាស់ប្តូរចេញ-ចូល មិនច្បាស់លាស់»។
លោកហេង សុផាន់ណារិទ្ធ បន្ថែមថា៖ « បើយោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ទោះបីកម្មករសំណង់ធ្វើការជាមួយក្រុមហ៊ុនផ្ទាល់ឬតាមរយៈអ្នកម៉ៅការបន្តច្រើនដំណាក់យ៉ាងណា ក៏ត្រូវតែទទួលបានការគាំពារលើរបបសន្តិសុខសង្គម ធានាថាគាត់មានបណ្ណសមាជិក និងមានសុពលភាពប្រើប្រាស់សេវា ព្រោះយើងដឹងគ្រប់គ្នាហើយថា អ្នកធ្វើការវិស័យសំណង់មានហានិភ័យខ្ពស់ ប្រឈមមុខគ្រោះថ្នាក់ ទាំងបច្ចុប្បន្ន នឹងទៅ
អនាគតដោយសារការប្រើប្រាស់កម្លាំង»។
ជាមួយនេះដែរ លោកបានសំណូមពរដល់ម្ចាស់ក្រុមហ៊ុនសំណង់ អ្នកម៉ៅការត្រូវមានឆន្ទៈមកចុះបញ្ជី រាយការណ៍ពីចំនួនកម្មករឱ្យបានត្រឹមត្រូវ និងចូលរួមបង់ភាគទានជូនបងប្អូនកម្មករដែលបម្រើការងារក្នុងវិស័យនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះនេះជាការចូលរួមចំណែកដ៏សំខាន់បំផុត និងជាគុណធម៌ក្នុងនាមជានិយោជក មិនថាក្រុមហ៊ុន ឬអ្នកម៉ៅការនោះទេ។
របាយការណ៍ពីសហជីពឱ្យដឹងថា សព្វថ្ងៃនេះកម្មរសំណង់នៅកម្ពុជាមានប្រមាណ២៥ម៉ឺននាក់។ កម្មករធ្វើការងារភាគច្រើនជាការងារក្រៅប្រព័ន្ធ ដោយទទួលប្រាក់ឈ្នួលតាមទំហំបំពេញការងាររបស់ខ្លួនពីសំណាក់អ្នកម៉ៅឬក្រុមមេជាង។របាយការណ៍ ប.ស.ស. ឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែមីនា សម្រាប់កម្មករវិស័យសំណង់បានចុះបញ្ជីសរុបចំនួន៤៦៥សហគ្រាសមានកម្មករនិយោជិតចំនួន ៣២ ២៧៣នាក់ ស្រី ៥ ៦២២នាក់ ក្នុងនោះ កំពុងដំណើរការមាន ៣៣២សហគ្រាស មានកម្មករនិយោជិត១៥ ៦១៣នាក់ ស្រី ២ ៧៨៨នាក់៕