ភ្នំពេញៈ ក្នុងសន្និសីទសារព័ត៌មានស្ដីពីទិវាជាតិអំណានលើកទី៨ ធ្វើនៅទីស្តីការក្រសួងអប់រំនៅថ្ងៃទី ៦ ខែមីនា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់មាតាបិតា ឬអាណាព្យាបាលសិស្សត្រូវអប់រំប្រៀនប្រដៅ និងហាមឃាត់កូនៗកុំឱ្យលេងហ្គេម ហើយបែរមកនាំកូនអានសៀវភៅឬតម្រូវឱ្យកូនអានសៀវភៅដោយផ្តល់ការលើកទឹកចិត្តដល់ការអាន រឿងព្រេងផ្សេងៗឱ្យកូនដែលនៅវ័យក្មេងៗស្តាប់វិញ។
លោករដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងថា នៅសាលារៀនលោកគ្រូអ្នកគ្រូបានហាមឃាត់មិនឱ្យសិស្សលេងហ្គេមហើយ ប៉ុន្តែដោយឡែកនៅពេលសិស្សត្រឡប់ទៅដល់ផ្ទះជាតួនាទីរបស់មាតាបិតាអាណាព្យាបាលទាំងអស់ត្រូវចូលរួមអប់រំ ណែនាំហាមឃាត់កុំឱ្យកូនៗលេងហ្គេមព្រោះការលេងហ្គេមធ្វើឱ្យក្មេងៗញៀនភ្លេចការសិក្សា។
លោកថ្លែងថា៖ «នៅក្នុងសាលារៀនគ្រូប្រៀនប្រដៅហើយត្រួតពិនិត្យបាន ប៉ុន្តែដល់ផ្ទះគ្រូអត់អាចទៅត្រួតពិនិត្យនៅផ្ទះបានទេ។ ដូច្នេះ ខ្ញុំសុំអំពាវនាវសូមឱ្យមាតាបិតាពិនិត្យមើលកូនចៅជាពិសេសការលេងហ្គេមនេះមិនត្រឹមតែរំខានការរៀនសូត្រទេវាធ្វើឱ្យជក់ញៀនលេងហ្គេមធ្វើឱ្យប៉ះពាល់លទ្ធផលនៃការសិក្សា អ៊ីចឹងសូមមាតាបិតាហាមឃាត់កូនកុំឱ្យលេងហ្គេម ហើយនាំកូនអានសៀវភៅ»។
លោក ហង់ជួន ណារ៉ុន បានលើកឡើងទៀតថា ក្នុងការសិក្សាត្រូវតែតម្រូវឱ្យសិស្សអានឱ្យបានច្រើន ជាពិសេសគឺមាតាបិតាជាអ្នកចូលរួមសំខាន់ក្នុងជំរុញការអានរបស់កូនៗហើយកម្មវិធីសិក្សាគឺមានការលើកទឹកចិត្តឱ្យអាននិងតម្រូវឱ្យអានដើម្បីសិស្សស្គាល់ទាំងអក្សរសិល្ប៍ខ្មែរ និងអក្សរសិល្ប៍បរទេស។
លោកថ្លែងថា៖ «ក្នុងក្រុមគ្រួសារចាំបាច់ត្រូវតែលើកទឹកចិត្តបណ្តុះឱ្យគាត់អាន ឱ្យមានទម្លាប់អាន ហើយការបណ្តុះទម្លាប់អាននេះគឺតាំងតែពីតូចមកទើបបានឱ្យគាត់ស្រឡាញ់សៀវភៅ ស្រឡាញ់ការអាន ហើយនៅពេលគាត់ស្រឡាញ់សៀវភៅ និងការអានគាត់នឹងចាប់យកការសិក្សាមួយដែលខំប្រឹងអានសៀវភៅហ្នឹងហើយអ៊ីចឹងការអានជាមូលដ្ឋានគ្រឹះនៃការរៀនសូត្រពេញ ១ ជីវិត»។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ទិវាអំណានលើកទី៨ ដែលនឹងធ្វើឡើងនៅថ្ងៃ ១១ មីនា ក្រោមប្រធានបទអំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំនឹងធ្វើឡើងតាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ និងមានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាមួយនឹងអង្កការក្រៅរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធដទៃទៀត។
លោកថា ពី ១ ឆ្នាំទៅ ១ ឆ្នាំ ទិវាជាតិអំណានកាន់តែមានលក្ខណៈទូលាយឡើងៗនិងកាន់តែមានលក្ខណៈផុសផុលនិងមានការចូលរួមពីគ្រប់មជ្ឈដ្ឋានដោយបានរៀបចំជាកម្មវិធីសំខាន់ៗជាច្រើនដើម្បីលើកកម្ពស់ទិវាជាតិអំណាន និងលើកកម្ពស់ការអាននៅកម្ពុជា ទោះបីជាក្នុងបរិបទកូវីដក៏ដោយ ក៏មានការរៀបចំទិវាជាតិអំណានជាលក្ខណៈអនឡាញផងដែរ។
លោក ហង់ជួន ណារ៉ុន បានបន្ថែមថា ក្រសួង នឹងរៀបចំការប្រកួតប្រជែងបកស្រាយប្រធានបទអក្សរសិល្ប៍ស្តីពីគុណតម្លៃមនស្ស នៅក្នុងយុគសម័យឌីជីថល។ រៀបចំវេទិកាពិភាក្សាស្តីពីសារៈសំខាន់នៃអំណាន និងការស្រាវជ្រាវ។ជាមួយគ្នានេះ រូបលោកនឹងចូលរួមធ្វើបាឋកថា ១ ស្តីពីរង្វាយតម្លៃសិក្សារបស់សិស្សក្នុងបរិបទក្នុងការអប់រំសតវត្សរ៍ទី២១ ផងដែរ។
បើតាមលោក ហង់ជួន ណារ៉ុន ក្រសួងបានរៀបចំកម្មវិធីផ្សេងៗក្នុងទិវាជាតិអំណានលើកទី៨ មានដូចជា នៅថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ១០ ខែមីនា នឹងមានការប្រកួតប្រជែង ថ្នាក់ជាតិលើវិញ្ញាសាការអានអត្ថបទ ការស្មូតកំណាព្យ និងការតែងនិពន្ធ ព្រមទាំងការប្រកួតប្រជែងបកស្រាយប្រធានបទគុណតម្លៃមនុស្សក្នុងយុគសម័យឌីជីថល។ ថ្ងៃទី ១០ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ២ ដល់ម៉ោង ៥ មានសិក្ខាសាលា ១ ស្តីពីការអភិវឌ្ឍបណ្ណាល័យ សាលាបឋមសិក្សា និងការរៀបចំទិវាជាតិអំណាន ។
នៅថ្ងៃទី ១០-១២ ខែមីនា នឹងមានការដាក់សម្ពោធនិងការតាំងពិព័រណ៍សៀវភៅចំនួន ១១០ ស្តង់ មកពី ៨៧ ស្ថាប័ននៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហើយបើកទូលាយជូនសាធារណជនចូលរួមទស្សនា អាន និងជាវសៀវភៅ ដោយសេរី។ ទិវាជាតិអំណានលើកទី៨ នេះ នឹងមានអ្នកចូលរួមប្រមាណ ៤ ០០០ នាក់ ។
លោកបានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវសាធារណជនទាំងអស់នាំកូនចៅមកចូលរួមនៅក្នុងពិព័រណ៍សៀវភៅនេះ។ការបណ្តុះកូនពីតូចឱ្យចូលរួមក្នុងពិព័រណ៍នាំកូនទៅបណ្ណាល័យនៅពីតូចក្តីពេលជំទង់ក្តីនឹងធ្វើឱ្យកូនមានការចាប់អារម្មណ៍ នឹងលើកទឹកចិត្តដល់ការអានផងដែរ។ អ៊ីចឹងយើងដឹងហើយថា អានកាន់តែច្រើន ចេះកាន់តែច្រើន»។
ប្រភពដដែលបន្ថែមថា ក្នុងទិវាជាតិអំណានលើកទី៨ នេះ នឹងមានបទបង្ហាញ ១ ស្តីពីសារៈសំខាន់របស់អំណានក្នុងការសិក្សាដោយមានមានការចូលរួមរបស់ ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត សាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងលោកសាស្ត្រាចារ្យ អាំង ជូលាន ជានរវិទូខ្មែរម្ចាស់ពានរង្វាន់ហ្វ៊ូគូអូកានៃប្រទេសជប៉ុនចូលរួមបកស្រាយប្រធានបទនេះ៕
វីដេអូ៖