ភ្នំពេញៈ សមាជិក​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ អនុម័ត​សេចក្ដីស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង ដើម្បី​ធ្វើឱ្យមាន​ភាពស្របច្បាប់​តាម​រដ្ឋធម្មនុញ្ញ ក្នុង​ដំណើរ​ការប្រជុំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅពេល​ដែលមាន​ឧបសគ្គ​ដែល​មិនអាច​ប្រជុំ​ដោយផ្ទាល់​បាន​ដូចជា​ករណី​ជំងឺ​កូ​វីដ​ ១៩ ដែល​បាន​ផ្ទុះឡើង​រួចមកហើយ​នោះ​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​ក្នុងសម័យ​ប្រជុំ​លើក​ទី​១០ នៃ​ព្រឹទ្ធសភា​នីតិកាល​ទី​៤ កាលពី​ថ្ងៃទី​ ៦ ខែមីនា ឆ្នាំ​ ២០២៣​។​


លោក​ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា​៖ «​ការធ្វើ​វិសោធន​កម្មនេះ​ដើម្បី​ស្របទៅតាម​បរិបទ​ថ្មី ដែល​យើង​មាន​កូ​វីដ​អី​ជាដើម យើង​មិនអាច​ជួបជុំគ្នា​កើត​ឡើយ យើង​ធ្វើការ​តាម​ផ្ទះ យើង​ធ្វើការ​នៅក្នុង​ចំនួន​មនុស្ស​តិច យើង​មិនបាន​ជួបជុំគ្នា​ពេញលេញ ដែល​យើង​ត្រូវធ្វើ​វិសោធនកម្ម​ដើម្បី​អាច​ប្រជុំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះហើយ ព្រោះ​ថ្ងៃនេះ​យើង​មាន​ត្រឹម​កូ​វីដ ចុះ​ថ្ងៃក្រោយ​យើង​មាន​វិនាសកម្ម​ស្រដៀង ឬ​លើស​កូ​វីដ យើង​នឹងមាន​បញ្ហា​ក្នុងការ​ប្រជុំ ក្នុងការ​អនុម័ត​ច្បាប់ ការឆ្លង​ច្បាប់ ការពិភាក្សា​ច្បាប់​»​។​


លោក​ម៉ម ប៊ុននាង បាន​ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​បន្ថែមថា ការធ្វើ​វិសោធន​កម្មនេះ ព្រោះតែ​ព្រឹទ្ធសភា​មើលឃើញ​ពីបទ​ពិសោធន៍​ទំនាក់ទំនង​ពី​ថ្នាក់ដឹកនាំ​កំពូល ធ្វើការ​ប្រជុំ ឬ​ការពិភាក្សា​នៅក្នុង​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​អន្តរជាតិ​ក៏​ធ្លាប់​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​ផងដែរ គ្រា​សម័យ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​១៩​។ ដូច្នេះ ព្រឹទ្ធសភា​ចង់​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​ដើម្បី​បង្ក​ភាពងាយស្រួល​នៅពេល​មាន​វិបត្តិ​ដែល​មិនអាច​ជួបគ្នា​ផ្ទាល់ ដើម្បី​បើក​សម័យប្រជុំ​កើត​។​


គួរ​បញ្ជាក់ថា ការធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​ព្រឹទ្ធសភា រៀបចំឡើង​ដើម្បី​កែសម្រួល​បំពេញ​ខ្លឹមសារ​បន្ថែម ដើម្បី​ឱ្យមាន​សង្គតិភាព​ទៅនឹង​រដ្ឋធម្មនុញ្ញ ច្បាប់ បរិបទ​នៃ​ការវិវឌ្ឍ​ថ្មី និង​ការអនុវត្ត​រដ្ឋសភា ព្រមទាំង​ស្របទៅនឹង​ស្ថានភាព នៃ​ការអនុវត្ត​ជាក់ស្តែង​ក្នុងការ​ធានាបាន​នូវ​និរន្តរភាព និង​កិច្ចដំណើរការ​ជា​ប្រក្រតី​របស់​ព្រឹទ្ធសភា ហើយ​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា ដោយមាន​សំឡេងគាំទ្រ​ចំនួន ៥៩​សំឡេង ពោលគឺ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕