ភ្នំពេញៈមន្ត្រីជាន់ខ្ពស់នៃអង្គការចលនាដើម្បីសុខភាពកម្ពុជាបានអះអាងថា នៅកម្ពុជាអត្រាកើនឡើងនៃអ្នកប្រើប្រាស់និងអត្រាអ្នកឈប់ប្រើប្រាស់ថ្នាំជក់ គឺមានប្រហាក់ប្រហែលគ្នា ខណៈរៀងរាល់ឆ្នាំអ្នកស្លាប់ដោយសារថ្នាំជក់មានជាង១,៥ ម៉ឺននាក់។
លោកមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានឱ្យដឹងថានៅកម្ពុជាអត្រាកើនឡើងនៃអ្នកប្រើប្រាស់បារីនិងអ្នកឈប់ជក់បារីបើប្រៀបធៀបគ្នាទៅគឺវាមានលក្ខណៈប្រហាក់ប្រហែលគ្នា។ទោះបីបច្ចុប្បន្នឃើញមានអត្រាថយចុះក៏ដោយ តែកំណើនអ្នកជក់ក៏បានដើរស្របគ្នាដែរ។
យ៉ាងណាក៏ដោយអត្រាឈប់ជក់បារី និងអ្នកប្រើប្រាស់បារីនេះវាជាសមិទ្ធផលមួយដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់បណ្ដាស្ថាប័នពាក់ព័ន្ធនៅកម្ពុជាដូចជាការអប់រំប្រជាពលរដ្ឋនិងហាមឃាត់ការផ្សាយពាណិជ្ជកម្មថ្នាក់ជក់បារីនិងហាមឃាត់ការជក់បារីនៅកន្លែងធ្វើការរួមទាំងកន្លែងសាធារណៈផងដែរ។
លោកលើកឡើងថា បើនិយាយពីថ្នាំជក់និងបារីអេឡិចត្រូនិក គឺមានភាពខុសគ្នា ដោយបារីអេឡិចត្រូនិកជាផលិតផលថ្មីដែលបង្កើតឡើងដើម្បីជំនួសបារីនិងថ្នាំជក់ដែលមានអ្នកឈប់ប្រើជាបណ្ដើរៗដោយសារដឹងពីគ្រោះថ្នាក់និងផលប៉ះពាល់។
លោកមុំ គង់ បានបញ្ជាក់ថា៖«ការបង្កើតបារីអេឡិចត្រូនិកនេះវាបង្កើតឱ្យមានការទាក់ទាញការជក់សម្រាប់កុមារនិងយុវជនតាមរយៈការប្រើបច្ចេកទេសដែលដុតកម្ដៅដោយថ្មមានចេញជាចំហាយមិនមែនជាផ្សែងប៉ុន្តែចំហាយហ្នឹងក៏មានគ្រោះថ្នាក់ដូចជាផ្សែងអ៊ីចឹងដែរពីព្រោះវាមានផ្ទុកមានជាតិនីកូទីននិងសារធាតុញៀនដែលបង្កឱ្យមានជំងឺមហារីកសួត»។
លោកបានបន្តថា ចំពោះផលិតផលថ្នាំជក់កម្ពុជាមានច្បាប់សម្រាប់ត្រួតពិនិត្យនិងគ្រប់គ្រងគឺមានន័យថាមិនឱ្យផ្សាយពាណិជ្ជកម្មនិងដំឡើងថ្លៃឱ្យបានខ្ពស់រួមទាំងហាមឃាត់មិនឱ្យជក់ជាដើម។បើទោះជាមានវិធានការក៏ដោយប៉ុន្តែជារៀងរាល់ឆ្នាំការប្រើប្រាស់ថ្នាំជក់បានបណ្តាលឱ្យមានអ្នកស្លាប់ជាង១,៥ម៉ឺននាក់។
ចំណែកឯបារីអេឡិចត្រូនិកវិញតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺមិនឱ្យនាំចូលនិងមិនឱ្យប្រើប្រាស់ឬក៏ចែកចាយឡើយពោលគឺមិនមែនជាការគ្រប់គ្រងដូចថ្នាំជក់ទេគឺហាមឃាត់បារីអេឡិចត្រូនិកនេះតែម្ដង។
លោកមុំ គង់ បានបញ្ជាក់ថា៖ «ខ្ញុំគិតថាវិធានការដែលមានប្រសិទ្ធភាពបំផុតគឺការដំឡើងពន្ធលើផលិតផលថ្នាំជក់ឱ្យមានអត្រាប្រហាក់ប្រហែលប្រទេសជិតខាងយើង នោះយើងអាចកាត់បន្ថយចំនួនប្រជាពលរដ្ឋកម្ពុជាដែលស្លាប់ដោយសារថ្នាំជក់បានច្រើនបន្ថែមទៀត»។
លោកបានបន្ថែមថា ចំពោះបារីអេឡិចត្រូនិកគឺត្រូវរឹតបន្ដឹងលើវិធានការដែលបានអនុវត្តរួចហើយមានន័យថា ធ្វើយ៉ាងណាកុំឱ្យមានការផ្សព្វផ្សាយលក់លើប្រព័ន្ធអនឡាញនិងកុំឱ្យមានការចែកចាយការនាំចូលបារីអេឡិចត្រូនិកនេះមានវត្តមាននៅកម្ពុជា។
ជាមួយគ្នានេះដែរមន្ត្រីគម្រោងរបស់អង្គការសម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺឆ្លងលោកលឹមសោភ័ណបានថ្លែងថាយុវវ័យខ្លះបានគិតគូរពីសុខភាពតែខ្លះទៀតមិនបានខ្វល់ខ្វាយឡើយជាហេតុនាំឱ្យការចំណាយថវិកាលើផលប៉ះពាល់សុខភាពមានជាបណ្ដើរៗ។
លោកបានបន្តថា កន្លងមករាជរដ្ឋាភិបាលបានពង្រឹងការអនុវត្តច្បាប់ដោយបង្ហាញសាធារណជនហើយក៏យកចិត្តដាក់លើការថែរក្សាសុខភាពរបស់ប្រជាជនតាមរយៈការដុតបំផ្លាញនិងការលុបបំបាត់ផលប៉ះពាល់ពីបារីអេឡិចត្រូនិកនិងផលិតផលថ្នាំជក់ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរផងដែរ។
លោកលឹម សោភ័ណ បានថ្លែងថា៖ «យើងសាទរនូវអ្វីដែលរាជរដ្ឋាភិបាលបានធ្វើកន្លងមកប៉ុន្តែគួរតែពង្រឹងឱ្យបានច្រើនជាងនេះទើបជាការល្អ។មិនមែនដុតមួយចំនួនតែមួយចំនួនច្រើនទៀតនៅពីក្រោយនោះឡើយ។មួយវិញទៀតយើងក៏ចង់ឱ្យរឹតបន្តឹងច្បាប់ទប់ស្កាត់ពិនិត្យនិងបន្តអប់រំផ្សព្វផ្សាយពីក្រសួងពាក់ព័ន្ធ»។
សូមបញ្ជាក់ថា យោងតាមការស្រាវជ្រាវថ្មីៗរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាអត្រាអ្នកជក់បារីបានថយចុះពី៣២%ក្នុងឆ្នាំ២០១៤មកនៅសល់ត្រឹម២៨%ក្នុងឆ្នាំ២០២២នៃមនុស្សពេញវ័យ។
ហេតុដូច្នេះក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ពោលគឺចាប់ពីឆ្នាំ២០១៤-២០២២ប្រទេសកម្ពុជាបានធ្វើឱ្យការជក់បារីថយចុះ៤% ប៉ុន្តែបើគិតចំនួនអ្នកជក់បារីវិញ មិនមានការថយចុះទេដោយសារកំណើនពលរដ្ឋចេះតែកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។នេះបើតាមការបញ្ជាក់ពីលោកមុំគង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា៕