ភ្នំពេញៈ ​កម្ពុជា និង​ជប៉ុន បានបញ្ជាក់​ជាថ្មី​ អំពី​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រីកកិច្ច​សហ​ការ​បន្ថែម​ទៀតនៅក្នុង​វិស័យ​សន្តិភាព និង​សន្តិ​សុខ​អន្តរ​ជាតិ​ ខណៈ​ជប៉ុន​ក៏បាន​បញ្ជាក់​ពី​កា​រត្រៀម​ខ្លួន​ធ្វើការ​ជាមួយ​កម្ពុជា​ដែល​នឹង​ធ្វើជា​ប្រទេស​ម្ចាស់​ផ្ទះ​រៀបចំ «​កម្មវិធី​ភាព​ជា​ដៃគូ​ត្រីភាគី​របស់​អង្គការ​សហ​ប្រជាជាតិ (​អ​.​ស​.​ប​)» នៅ​ឆ្នាំ​ក្រោយ​។​


ការ​ប្តេជ្ញា​ចិត្ត​នេះ​ធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោក​ កា​ណូ តា​កេហ៊ី​រ៉ូ (Kano Takehiro) អគ្គនាយក​នៃ​ទីស្នាក់​ការ​កិច្ច​សហប្រតិ​បត្តិការ​ស​ន្តិ​ភាព​អន្តរជាតិនៃ​គណៈ​រដ្ឋមន្ត្រី​ជប៉ុន កាលពី​ថ្ងៃទី​៧ ​ខែមីនា នៅទី​ស្តីការ​ក្រសួងការបរទេ​ស​ រាជ​ធានី​ភ្នំពេញ​។

ក្រសួង​ការបរទេស​ក​ម្ពុ​ជា​បាន​ដកស្រង់​សម្ដី​របស់លោក Kano ថ្លែង​ក្នុងជំនួប​នេះ​ថា​៖ «​កម្ពុជា​ បង្ហាញ​ពី​គំរូ​ដ៏​ល្អ​នៅក្នុង​វិស័យ​សន្តិភាព និង​សន្តិ​សុខ​អន្តរ​ជាតិ ហើយ​ត្រូវបាន​ទទួល​ស្គាល់​ថា ជា​អ្នក​ផ្តល់​សន្តិ​ភាព​»​។​


ក្រសួង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ​ភាគី​ទាំង២ ​បាន​សម្តែង​ការពេញ​ចិត្ត​ចំពោះ​ទំនាក់​ទំនង​ទ្វេភាគី «​ដ៏​រឹងមាំ​» ដែល​ត្រូវ​បាន​ដំឡើង​ដល់​កម្រិត «​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» នៅ​ក្នុង​ឆ្នាំនេះ​។ ភាគី​ទាំង២​ ក៏បាន​ពិភាក្សា​​គ្នា​អំពី​ភាព​ជា​ដៃគូ​ក្នុង​កិច្ចការ​រក្សា​សន្តិ​ភាព និង​សកម្មភាព​កម្ចាត់​មីននៅក្នុង​ក្របខ័ណ្ឌ​ទ្វេ​ភាគី ត្រីភាគី ​និង​អ​.​ស​.​ប ព្រម​ទាំង​បញ្ហា​តំបន់​មួយ​ចំនួន​ផង​ដែរ​។

លោក ប្រាក់ សុខុន​ បាន​ថ្លែង​អំណ​រគុណ​ចំពោះ «​ការរួមចំណែក​ដ៏​សំខាន់​» របស់​កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុន នៅ​ក្នុង​ដំណើ​រការ​រក្សា​សន្តិ​ភាព ​ក៏ដូច​ជា ការគាំទ្រ​របស់​ជប៉ុន​ជា​បន្ត​បន្ទាប់ ​សម្រាប់​ការ​កសាង​ឡើង​វិញ និង​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​របស់​កម្ពុជា​។


សេចក្តី​ប្រកាស​ព័ត៌មានបញ្ជាក់ថា ​«​ឯកឧត្តម​អគ្គ​នាយក [Kano Takehiro] បាន​បញ្ជាក់​ពី​ការត្រៀ​មខ្លួ​ន​របស់​ជប៉ុន​ ធ្វើការជាមួយ​កម្ពុជា ដែល​នឹង​ធ្វើជា​ប្រទេស​ម្ចាស់​ផ្ទះ​រៀបចំ «​កម្មវិធី​ភាពជា​ដៃគូ​ត្រី​ភាគី​របស់អង្គការសហ​ប្រជា​ជាតិ​» នៅ​ឆ្នាំ២០២៤ ដើម្បី​ពង្រឹង​សមត្ថភាព​វិស្វកម្ម​ក្នុង​តំបន់ នៅ​ក្នុង​បេសក​កម្ម​រក្សា​សន្តិភាព​»​។

សេចក្តី​ប្រកាស​ព័ត៌មានបាន​បន្តថា​ «​ភាគី​ទាំង​២​ បាន​គូសបញ្ជាក់​ជាថ្មីអំពី​ការ​ប្តេជ្ញាចិ​ត្តក្នុងការ​ពង្រីក​កិច្ច​សហការ​បន្ថែម​ទៀតនៅក្នុង​វិស័យ​សន្តិភាព និង​សន្តិសុខ​អន្តរ​ជាតិតាមរយៈ​ការ​បណ្តុះប​ណ្តាលនិង​ការផ្តល់​គ្រឿង​បរិក្ខារ​»​។​

ក្រសួង​ការ​បរទេស​ក​ម្ពុ​ជា​បញ្ជាក់​ថា លោក Kano បាន​សាទរ​ ចំពោះ​ជោគ​ជ័យ​របស់​កម្ពុជា ​ក្នុ​ងនាម​ជា​ប្រធាន​អាស៊ាន ​និង​តួនាទី «​ដ៏​លំបាក​» របស់​ប្រេសិត ​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា គឺ​លោក ​ប្រាក់​ សុខុន កាលពី​ឆ្នាំ​មុន​ ហើយ​ថា ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរ​បស់​កម្ពុជា​ គឺមាន​ភាព​ធំធេង​ហើយ​ត្រូវបាន​ទទួល​ស្គាល់​យ៉ាងច្បា​ស់ ដោយ​ប្រទេស​ជប៉ុន ​និង​សហ​គមន៍​អន្តរ​ជាតិ​។​​

កាលពី​ឆ្នាំ​២០២១ ​ក្នុងជំនួប​ជាមួយ​លោក​Fumio Kishida នាយក​រដ្ឋមន្ត្រី​ជប៉ុន តាម​ប្រព័ន្ធ​វីដេ​អូ លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន បាន​ស្នើ​លោក ​Fumio បន្ត​ជំរុញ​កិច្ច​សហប្រតិ​បត្តិ​ការ​រ​វាង​កងក​ម្លាំង​រក្សា​សន្តិ​ភាព​របស់​ជប៉ុន និង​កម្ពុជា ជា​ពិសេស​ជួយ​ផ្តល់​ការ​ហ្វឹកហ្វឺន​ កង​កម្លាំង​រក្សា​សន្តិ​ភាព​របស់​កម្ពុជា​។​

លោក ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវ​ជ្រាវ​នៅ​មជ្ឈ​មណ្ឌល​មេគង្គ​ សម្រាប់​ការសិ​ក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅ​ថ្ងៃ​ទី ៨ ខែមីនា​ថា កម្ពុជា​ និង​ជប៉ុន​ គឺមាន​ទំនាក់​ទំនង​ចេញ​ពី​បេះ​ដូង ដែល​កើត​ចេញ​ពី​ទំនាក់​ទំនង​ល្អ​រវាង​ថ្នាក់​ដឹក​នាំ​​ និង​ថ្នាក់​ដឹកនាំ​ និង​ប្រជាជន​និង​ប្រជាជ​ន​។

លោកថាដោយសារទំនាក់​ទំនង​ល្អ​នេះហើយ​បានជា​ប្រទេស​ទាំង២ ​តែង​តែ​គាំទ្រ​គ្នា​ទៅវិ​ញទៅមក​លើ​វិស័​យ​សេដ្ឋកិ​ច្ច ហេដ្ឋារច​នាសម្ព័​ន្ធ យោធា និង​អភិវឌ្ឍ​ន៍​​​សង្គម​។

លោក​ថ្លែង​ថា​៖ «​ជប៉ុន​គឺ​ដៃគូ​នាំមុខ​គេ​ក្នុងការ​អភិវឌ្ឍ​សមត្ថ​ភាព​កងទ័ព​កម្ពុ​ជាតា​មរយៈ​ការផ្តល់​ជំនួយ​បច្ចេក​ទេស ​ការហ្វឹក​ហ្វឺន​ និង​ហិរញ្ញ​វត្ថុ ដែល​កត្តា​ទាំង​អ​ស់​នេះ ហើយ​គឺជា​កាតា​លីករ​ជំ​រុញឱ្យ​កម្ពុជា​មាន​លទ្ធភា​ព និង​សមត្ថភាព​បញ្ជូន​កងទ័ព​មួក​ខៀវ​ក្រោម​ឆត្រ UN ទៅកាន់​ប្រទេស​មាន​សង្គ្រា កម្ពុជា ​និង​​ជប៉ុន​ នៅតែ​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅម​ក​ក្នុង​សហគ​មន៍​អន្តរជាតិ​ទាក់​ទង​នឹង​កិច្ចការ​ថែរ​ក្សា​សន្តិភាព ​និង​ស្ថិរភាព​ពិភព​លោក​»​៕