​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ការបង្ហាញ​ពី​វប្បធម៌ សិល្បៈ​ខ្មែរ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បច្ចុប្បន្ន និង​សម្រាប់​ក្មេង​ជំនាន់​​ក្រោយ និង​តៗ​ជំនាន់​ទៅទៀត​គឺជា​រឿង​ល្អ ប៉ុន្តែ​បើ​ការបង្ហាញ​នោះ​មិនបាន​


​ត្រឹមត្រូវ​តាម​ក្បួនខ្នាត នោះ​គឺ​វា​ស្មើនឹង​ការបំផ្លាញ​នូវ​វប្បធម៌​ខ្មែរ​។​

​លោក​ ហ៊ុន សែន បាន​ថ្លែង​នា​ថ្ងៃទី ​៨ មីនា តាមរយៈ​សារ​សំឡេង​ពិសេស​របស់លោក​ បន្ទាប់​ពី​មាន​ការមិនយល់​​ស្របគ្នា​លើ​បញ្ហា​ពាក់ព័ន្ធ​ជាមួយនឹង​គោលបំណង​របស់​អ្នកស្រី ទ្រី ដា​ណា ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​បណ្តាញ​សង្គម ជាមួយនឹង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​


​លោក ហ៊ុន សែន ឱ្យដឹងថា លោក​មានការ​សប្បាយរីករាយ នៅពេលដែល​ប្រជាពលរដ្ឋ ជាពិសេស​អ្នកស្រី ទ្រី ដា​​ណា ដែលមាន​បំណង​បង្ហាញ​វប្បធម៌​​ខ្មែរ ជូន​ប្រជាពលរដ្ឋ​កម្ពុជា ប៉ុន្តែ​លោក​រួម​ជាមួយនឹង​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​បង្ហាញ​ពី​កង្វល់​ទាក់ទង​នឹង​ការបង្ហាញ​វប្បធម៌ សិល្បៈ​ខ្មែរ​នេះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការបង្ហាញ​វប្បធម៌ សិល្បៈ​ខ្មែរ ទៅដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បច្ចុប្បន្ន និង​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​គឺជា​រឿង​ល្អ ប៉ុន្តែ​ប្រសិនបើ​ការបង្ហាញ​នោះ មិនបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត គឺ​វា​ស្មើនឹង​ការបំផ្លាញ​វប្បធម៌​ខ្មែរ​ទៅវិញ​»​។


លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ខ្ញុំ​សុំ​ស្នើ​ឱ្យមាន​ការយក​​ចិត្ត​ទុកដាក់​ជាពិសេស​ទៅលើ​បញ្ហា​ទម្រង់​ដែល​ត្រូវតែ​អនុវត្ត​ឱ្យខាងតែបាន​ទៅតាម​ការណែនាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​​សិល្បៈ ​ដែល​ខ្ញុំ​បាន​រំឭក​ទៅដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លើ​ការកសាង​រូបសំណាក បដិមាករ និង​រូបចម្លាក់​ផ្សេងៗ​ទៀត​ដោយ​ធ្វើយ៉ាងណា​ឱ្យមាន​ការ​សម​​ស្រប​»​។ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ដែរ​ថា ប្រសិន​​បើ​មាន​អ្នកណា​តាំង​ជា​សម្លៀក​​បំពាក់​ក្តី ជា​បដិមា​ក្តី ឬ​ជា​រូប​​សំណាក​ក្តី ដែល​មិនមែនជា​របៀប​របស់​ខ្មែរ​ពេញលេញ នោះ​វា​នឹង​បង្កើតជា​សណ្ឋាន​ដ៏​គ្រោះថ្នាក់​សម្រាប់​វប្បធម៌​ខ្មែរ​។​

​លោក​បញ្ជាក់ថា៖ «​ការបង្ហាញ​សម្លៀកបំពាក់​ពី​ជំនាន់​បុរាណ ចាំបាច់​ត្រូវតែ​ធ្វើឱ្យបាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ បន្ទាប់ពី​យើង​ដាក់តាំង​បង្ហាញ​ហើយ​នោះ​វា​នឹង​ធ្វើឱ្យ​ខូច​ច្បាប់ដើម​របស់​យើង ហើយ​ម្យ៉ាងទៀត​អាច​នឹង​ធ្វើឱ្យ​ប្រទេសជិតខាង​ចោទប្រកាន់ថា យើង​លួច​ចម្លង​ពី​ប្រទេស​គេ​»​។

​លោក ហ៊ុន សែន លើកឡើង​ទៀតថា នេះ​ជា​រឿង​ដែល​លោក​ត្រូវតែ​ពន្យល់​សម្រាប់​អ្នកស្រី ទ្រី ដា​ណា ក៏ដូចជា​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ឱ្យបាន​ដឹងថា ក្រសួង​វប្បធម៌ និង​វិចិត្រ​​សិល្បៈ​ គឺជា​សេនាធិការ ដើម្បី​ការពារ​វប្បធម៌ ដូនតា​ខ្មែរ មិនមែន​ក្រសួង​មានការ​តឹងតែង​នោះទេ ប៉ុន្តែ​ប្រសិនបើ​ក្រសួង​បណ្តែត​​បណ្តោយ​ឱ្យមាន​ការតាំង​ខុសពី​រូបភាព​ដើម នោះ​ក្រសួង​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​រាជ​រដ្ឋា​ភិ​បាល​ផង និង​ចំពោះ​រដ្ឋសភា​ផង​។​

​លោក ​ហ៊ុន សែន ​បាន​ណែ​នាំឱ្យ​អ្នកស្រី ទ្រី ដា​ណា យកចិត្ត​ទុកដាក់​ទទួលយក​ការណែនាំ និង​កែតម្រូវ​តាម​ការកំណត់​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​ក្នុងករណី​មិនអាច​ទទួល​​យកបាន​ទេ លោក​ក៏​មិន​អនុញ្ញាត​ឱ្យមាន​ការតាំង​ដែរ​។

​លោក​ ហ៊ុន សែន ​មានប្រសាសន៍ថា​៖ «​អ៊ីចឹង សុំឱ្យ​លោកស្រី ទ្រី ដា​ណា សហការ​ឱ្យបាន​ហ្មត់ចត់​ជាមួយនឹង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ យើង​មិនអាច​ខ្ជី​​ខ្ជា​បានទេ​។ គ្រោះថ្នាក់​ណាស់ នៅពេល​ជាតិ​សាសន៍​របស់​យើង មាន​អ្វី​ដែលជា​ចំណាំ​ច្បាស់លាស់ ហើយ​បែរជា​ធ្វើឱ្យ​ក្លាយ​ទៅតាម​​រយៈ​ការតាំង​បង្ហាញ ដោយ​មិនបាន​យក​គំរូ​ឱ្យបាន​ត្រឹមត្រូវ​ហ្មត់​​ចត់​ទេនោះ វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្លួនឯង ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​ប្រទេស​ដទៃ ដែល​គេ​អាច​ចោទថា យើង​លួច​​បន្លំ​របស់គេ​»​។​

​នៅ​ថ្ងៃទី​ ៨ មីនា អ្នកស្រី ទ្រី​ ដា​ណា បាន​សរសេរ​លើ​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដោយ​ភ្ជាប់​ជាមួយនឹង​សារ​សំឡេង​របស់លោក ហ៊ុន សែន​ ថា៖ «​កូន​គោរព​ទទួលបាន​សម្តេច​ពុក​»​។​

​កាលពី​ថ្ងៃទី ​៦ ខែមីនា អ្នកស្រី ​ទ្រី ដា​ណា ​បាន​បង្ហោះ​សារ​ដោយ​មិន​ពេញ​ចិត្តនឹង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​តម្រូវឱ្យ​​អ្នកស្រី​ធ្វើការ​សុំច្បាប់​ក្នុង​ការថត​ផ្សាយ​ពី​សម្លៀកបំពាក់​នៅមុខ​ប្រាសាទ​អង្គរ​។ អ្នកស្រី​សរសេរថា៖ «​ឱ្យតែ​យ៉ាងៗ​ហ្នឹង អ្នក​ចង់​ផ្សាយ វប្បធម៌​លែង​ហ៊ាន​ហើយ វេទនាណាស់​លោក​អើយ មើលទៅ​ប្រហែល​ខ្ញុំ​លែង​ផ្សាយ​វិញ​ហើយ អស់​ការអត់ធ្មត់​។ សង្ក្រាន្ត ខ្ញុំ​ប្រហែល​ត្រូវ​លុបចោល​វប្បធម៌​​ខ្មែរ​ដូនតា​ចោល​វិញ​ហើយ លេង​តែ​សម័យៗ​ទៅ​ក៏បាន លែង​ខ្វល់​ហើយ ហត់​ណាស់​លោក​អើយ​លោក​»​។​

​លោក សេង សំអាន ទីប្រឹក្សា​ក្រសួង​វប្បធម៌ បានធ្វើការ​បក​​ស្រាយ​ទាក់ទង​នឹង​ការចោទប្រកាន់​របស់​អ្នកស្រី ទ្រី ដា​ណា ដែល​បាន​ចោទ​ក្រសួង​ថា មិនបាន​អនុ​ញ្ញាត​ឱ្យ​គាត់​ថតរូប​មុខ​ប្រាសាទ​​អង្គរ ដោយ​លោក​បាន​បញ្ជាក់ថា ក្រសួង​មិន​អនុញ្ញាត​នេះ ក៏​ព្រោះតែ​អ្នកស្រី​មិន​ព្រម​កែប្រែ​តាម​សំណូមពរ​របស់​អ្នកបច្ចេកទេស​។​

​លោក​ថា ក្រុមការងារ​របស់​ក្រសួង​វប្បធម៌ ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​មិនដែល​មានការ​តឹងតែង​ចំពោះ​ការស្នើសុំ​នោះទេ ប៉ុន្តែ​សំណូមពរ​ឱ្យមាន​ការឆ្លង​ក្រុម​ការងារ​បច្ចេកទេស​ជំនាញ​របស់​ក្រសួង​ជាមុនសិន បើ​ឃើញថា ត្រឹមត្រូវ​ហើយ គឺ​ក្រសួង​អនុញ្ញាត​ហើយ ប៉ុន្តែ​សម្រាប់​ករណី​របស់​ក្រុមការងារ​អ្នកស្រី ទ្រី ដា​ណា ​នេះ គឺ​ក្រុមការងារ​ឃើញថា មានការ​ខុសឆ្គង​ច្រើន​។

លោក សេង សំអាន មានប្រសាសន៍ថា៖ «​សម្លៀកបំពាក់​របស់​ខ្មែរ​យើង​មាន​ក្បួនខ្នាត​ច្បាស់លាស់ ទោះ​​បី​ជា​ចង់​ច្នៃ​យ៉ាងណាក៏ដោយ ឱ្យតែ​ត្រូវ​តាម​សម័យកាល គឺ​ក្រសួង​អនុញ្ញាត គឺ​អត់​មាន​ថា ដូច​ពិបាក​ទៅសុំ​ភ្លើង​យក្ស​នោះទេ វា​មិន​ពិបាក​ដូច​នោះទេ​»​។ លោក​លើកឡើងថា បើ​ស្រឡាញ់​វប្បធម៌​ជាតិ ត្រូវតែ​ធ្វើឱ្យបាន​ត្រឹមត្រូវ​តាម​សំណូមពរ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕