ភ្នំពេញៈ សមាគម​អ្នក​បោះ​ពុ​ម្ពផ្សាយ​សៀវភៅ​នៅ​កម្ពុជា ​ស្នើ​ដល់​អ្នកចូលរួម​ក្នុង​ពិព័រណ៍​សៀវភៅ កុំ​ដាក់តាំង​លក់​សៀវភៅ​ដែល​ត្រូវ​បាន​បកប្រែ​ ថតចម្លង ​ឬ​បោះពុម្ព​ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​កម្មសិទ្ធិ​ស្នាដៃ ​ព្រោះថា ​ការបកប្រែ ​ការបោះពុម្ព​ និង​ការចម្លង​ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​កម្មសិទ្ធិ ​គឺជា​អំពើ​ខុសច្បាប់។


សមាគម​អ្នក​បោះពុម្ព​ផ្សាយ​សៀវភៅ​នៅ​កម្ពុជា ​បានលើកឡើង​ក្នុង​លិខិត​របស់​ខ្លួន​ចុះ​ថ្ងៃទី ៧ ​ខែមីនា​ ថា ​ច្បាប់​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ ​និង​សិទ្ធិ​ប្រហាក់ប្រហែល ​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ប្រាស់ ​កាលពី​ថ្ងៃទី ៥ ​ខែមីនា ​ឆ្នាំ ២០២៣។ ​ក្រៅពីនោះ​ សមាគម​អ្នក​បោះពុម្ពផ្សាយ​សៀវភៅ​នៅ​កម្ពុជា ​ក៏បាន​ជួបប្រជុំ​គ្នា ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ ​កាលពី​ថ្ងៃទី ២៤ ​ខែកុម្ភៈ​ ឆ្នាំ ២០២៣​ ផង​ដែរ។

សមាគម​បន្តថា​ ក្នុង​គោលបំណង​រួមចំណែក​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ ​និង​សិទ្ធិ​ប្រហាក់​ប្រហែល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​សមាគម​អ្នក​បោះពុម្ពផ្សាយ​សៀវភៅ​នៅ​កម្ពុជា ​និង​គណៈកម្មការ​ រៀបចំ​ពិព័រណ៍​សៀវភៅ​ ដើម្បី​អបអរសាទរ​ទិវា​ជាតិ​អំណាន​ ១១ ​មីនា ​លើក​ទី៨ ​ឆ្នាំ២០២៣ ​ដែល​រៀបចំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ពីថ្ងៃ​ទី១០ ​ដល់​ថ្ងៃទី១២ ​ខែមីនា ​ឆ្នាំ២០២៣។


«ការបកប្រែ ​ការថតចម្លង ​ឬ​ការបោះពុម្ព​សៀវភៅ​ណាមួយ ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​កម្មសិទ្ធិ​ស្នាដៃ ​គឺជា​អំពើ​ខុសច្បាប់។ នេះ​បើតាម​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ ​និង​សិទ្ធិ​ប្រហាក់ប្រហែល។ ស្នើសុំ​លោក​ លោក​ស្រី ​អ្នកនាង​កញ្ញា​ទាំងអស់ ​កុំ​ដាក់តាំង​លក់​សៀវភៅ​ដែល​ត្រូវបាន​បកប្រែ ​ថតចម្លង ​ឬ​បោះពុម្ព ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​កម្មសិទ្ធិ​ស្នាដៃ»​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​សមាគម។


លោក​ស៊ឹម សត្តា ​ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ ​និង​សិទ្ធិ​ប្រហាក់ប្រហែល ​សាទរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សមាគម ​ដើម្បី​ការពារ​ម្ចាស់​កម្មសិទ្ធិ​ស្នាដៃ ​តាមរយៈ​ការជំរុញ​កុំឱ្យ​មាន​ការដាក់តាំង​លក់​សៀវភៅ​ ដែល​ត្រូវបាន​បកប្រែ​ ថតចម្លង ​ឬ​បោះពុម្ព ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​កម្មសិទ្ធិ​ស្នាដៃ។

លោក​ពន្យល់ថា ​កម្ពុជា ​កាលពី​១០ ​ឬ​២០ឆ្នាំ​មុន ​គឺ​មិនទាន់​មានច្បាប់​ការពារ​អ្នកនិពន្ធ ​និង​សិទ្ធិ​ប្រហាក់ប្រហែល ​ប៉ុន្តែ​បច្ចុប្បន្ន​ កម្ពុជា​មាន​ទាំង​ច្បាប់​ជាតិ ​និង​ច្បាប់​អន្តរជាតិ ​ស្របពេល​កម្ពុជា ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​ នៃ​អនុសញ្ញា​ទីក្រុង​ប៊ែល ​នៅ​ថ្ងៃទី៩ ​ខែមីនា ​ឆ្នាំ២០២៣​នេះ។

លោក​បញ្ជាក់ថា​៖«អនុសញ្ញា​ទីក្រុង​ប៊ែល​ហ្នឹង ​គឺ​ស្តីអំពី​កិច្ចការពារ​ស្នា​ដៃ​អក្សរសាស្ត្រ ​និង​សិល្បៈ ​ដែល​តម្រូវឱ្យ​រដ្ឋ​ភាគី​ទាំងអស់ ​ត្រូវ​គោរព​គ្នា​ទៅវិញ​ទៅមក​នូវ​ស្នាដៃ​អក្សរសាស្ត្រ ​និង​សិល្បៈ។ ការបកប្រែ ​ថតចម្លង ​ឬ​បោះពុម្ព ​គឺ​ស្ថិត​នៅក្នុង​ស្នាដៃ​អក្សរសាស្ត្រ​ហើយ ​ដែល​ទាមទារ​ឱ្យ​អ្នកនិពន្ធ​យើង ​អ្នក​បោះពុម្ព​យើង ​ធ្វើយ៉ាង​ណា ​គោរព ​និង​ការពារ​ទៅលើ​ស្នាដៃ​របស់​រដ្ឋ​ជា​ភាគី»។

លោក​បន្ថែមថា​៖«យើង​មិនអាច​យក​ស្នាដៃ​គេ​មក​បកប្រែ​បាន​ទេ។ យើង​មិនអាច​យក​សៀវភៅ​គេ​មក​បោះ​ពុម្ព​ធ្វើជា​របស់​យើង​បាន​ទេ»។

ជាមួយនឹង​ការអះអាង​នេះ ​លោក ​ស៊ឹម សត្តា ​បាន​និយាយ​ថា ​រាល់​ការបកប្រែ​ទាំងអស់ ​ត្រូវតែ​មាន​ការអនុញ្ញាត​ពី​ម្ចាស់​ស្នាដៃ។ ​ក្រសួង​លើក​ទឹកចិត្ត​ដល់​អ្នកនិពន្ធ​កម្ពុជា ​ចូលរួម​បង្កើត​ស្នាដៃ​ដោយ​ខ្លួនឯង ​និង​ធ្វើ​ការបោះ​ពុម្ព ​ដោយ​គោរព​តាម​នីតិវិធី​ ដើម្បី​ទទួលបាន​ការការពារ​ មិន​ត្រឹមតែ​ក្នុង​ប្រទេស ​គឺ​ទទួលបាន​ការការពារ​ក្នុង​ប្រទេស​ចំនួន​១៨០ ​ដែលជា​រដ្ឋ​ភាគី។

លោក​បញ្ជាក់ថា​៖«វា​ជា​ចំណុច​ល្អ​របស់​កម្ពុជា ​ដែល​ពួកគាត់​ចាប់ផ្តើម​យល់​អំពី​គោលការណ៍​ច្បាប់។ យើង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​យើង​មិនមែន​អនាធិបតេយ្យ​យក​ស្នាដៃ​គេ​យកមក​ធ្វើ​អ្វី​ផ្តេសផ្តាស​ទេ។ ខ្ញុំ​គិតថា ​ការធ្វើបាន​បែបនេះ ​គឺ​ទី១​ លើក​កិត្យានុភាព​ជាតិ ​មុខមាត់​ជាតិ​ដែល​កម្ពុជា​សម្បូរ​អ្នកនិពន្ធ​សម្បូរបែប ​អាច​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន»។

ច្បាប់​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ ​និង​សិទ្ធិ​ប្រហាក់ប្រហែល ​បាន​ចែងថា ​អ្នកនិពន្ធ​ដែល​បាន​បង្កើត​ស្នាដៃ​ហើយ ​គឺ​មាន​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការផ្សព្វផ្សាយ​ស្នាដៃ​របស់​ខ្លួន​តាមរយៈ​ការបោះ​ពុម្ព​ផ្សាយ ​ឬ​ផ្សាយ​តាមរយៈ​ប្រព័ន្ធ​អន្តរ​បណ្តាញ​ជាដើម។ ក្រៅពី​មាន​សិទ្ធិ​ផ្តាច់មុខ​ក្នុងការ​ផ្សព្វផ្សាយ​ស្នាដៃ​នេះ​ ច្បាប់​ក៏បាន​បើកផ្លូវ​ឱ្យ​ម្ចាស់​សិទ្ធិ​នោះ ​អាច​មាន​សិទ្ធិ​ប្តឹងតវ៉ា​ជំទាស់ ​ក្នុង​ករណី​មាន​ការរំលោភ​បំពាន​លើ​ស្នាដៃ​របស់​ខ្លួន។ ​បើ​ករណីនេះ​នៅតែ​បន្ត​ម្ចាស់​សិទ្ធិ​ក៏​អាចដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​បាន​ផង​ដែរ។

លោក​ថា​៖«នៅ​ក្នុង​បទប្បញ្ញត្តិ ​មិន​តម្រូវឱ្យ​គាត់​ទៅ​សុំ​ពី​ណា​គេ​ទេ។ ប៉ុន្តែ​គាត់​មាន​សិទ្ធិ​ខ្លួន​ឯង​ក្នុង​ការផ្សព្វផ្សាយ​ស្នាដៃ​ហ្នឹង។ ក៏ប៉ុន្តែ​យើង​មាន​បញ្ញត្តិ​១​នៅ​ក្នុង​ច្បាប់ ​គឺ​តម្រូវឱ្យ​គាត់​មក​ស្នើសុំ​លិខិត​អនុញ្ញាត​បោះពុម្ព ​ដែល​ជា​ការស្ម័គ្រ​ចិត្ត​ទេ ​ដើម្បី​យើង​ធ្វើការ​គ្រប់គ្រង​ទៅលើ​ស្នាដៃ​ទាំងនោះ ​ហើយ​គាត់​ក៏ទទួល​បាន​ការការពារ​ក្នុង​កម្រិត​ជាតិ ​និង​អន្តរជាតិ»។

លោក​ហុក សុទ្ធិ ​នាយក​អង្គការ​ស៊ីប៉ា ​បាននិយាយថា ​កន្លងមក​ជាច្រើន​ឆ្នាំ​មក​នេះ ​ការចាប់ផ្តើម​អភិវឌ្ឍ​ការបោះពុម្ព​សៀវភៅ ​ចាប់ពី​គ្មាន​សោះ ​រហូតដល់​មាន​អ្នកបោះពុម្ព​ផ្សាយ​កាន់តែ​ច្រើន​ឡើង។ ទន្ទឹមនឹង​ការកើនឡើង​នេះ ​ក៏​មាន​ការកើត​ឡើង​ក្នុង​រូបភាព​យក​ស្នាដៃ​របស់​គេ​ទាំងស្រុង ​ទាំង​អត្ថបទ ​រូបភាព ​និង​សៀវភៅ​ទាំងមូល​របស់​គេ ​មកធ្វើ​ការបោះ​ពុម្ព​ ដោយ​គ្មាន​អនុញ្ញាត​ពី​ម្ចាស់​សិទ្ធិ​ដែរ។

លោក​ថ្លែងថា​៖«អ្នក​ខ្លះ​ដែល​បានយល់ ​ឬ​មិនបាន​ដឹង​ គាត់​ចូលរួម​ទាំងអស់​គ្នា ​ដើម្បី​ចូលរួម​ចំណែក​ពង្រឹង​វិស័យ​អប់រំ​ និង​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​យើង​ទាំងអស់​គ្នា ​ព្រោះ​បើ​យើង​យក​របស់​គេ​មក​ប្រើប្រាស់ ​ដោយ​មិន​បាន​សុំ​ពី​គេ​នោះ ​ថ្ងៃ​ណា​មួយ ​គេ​នឹង​យក​របស់​យើង​ទៅ​ដែរ ​គេ​នឹង​លួច​របស់​យើង​ទៅ​ដែរ។ យើង​កុំ​ប្រើប្រាស់​របស់​គេ​ដោយ​ខុសច្បាប់​ កុំ​ឱ្យ​គេ​ប្រើប្រាស់​របស់​យើង​ដោយ​ខុស​ច្បាប់​ដែរ»៕