ភ្នំពេញៈ​ ឯកអគ្គរាជ​ទូត​តែង​តាំង​ថ្មី​របស់​ប្រទេស​អារ៉ាប៊ី ​សាអ៊ូ​ឌីត ​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ការ​តាំង​ចិត្ត​​ ​បង្កើត​ឱ្យ​មាន​ស្ថាន​ទូត​របស់​ខ្លួន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ ​ដើម្បី​លើក​កម្ពស់​ចំណង​មិត្តភាព​និងកិច្ច​សហ​ប្រតិ​បត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ ២​។​


​ការ​តាំង​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ប្រមុខ​រដ្ឋ​ស្តីទី​ កម្ពុជា ​និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​លោក​ សាយ ​ឈុំ បាន​អនុញ្ញាត​ឱ្យ​ឯក​អគ្គ​រាជ​ទូត​តែង​តាំង​ថ្មីនៃ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ប្រចាំ​កម្ពុជា​លោក​Mohammed Ismaeil A. Dahlwy​ចូលជួប​ជូន​សារ​តាំង​នៅ​វិមាន​ព្រឹទ្ធ​សភា នៅ​ព្រឹក​ថ្ងៃទី​ ៩​ ខែមីនា​ ឆ្នាំ​ ២០២៣​។​

​ក្នុង​ព្រះបរម​នាម​ព្រះករុ​ណា​ព្រះបាទ​សម្តេច​ព្រះប​រមនា​ថ នរោត្តម​ សីហមុនី ព្រះ​មហា​ក្សត្រ​កម្ពុជា និ​ង​ក្នុង​នាម​ប្រធាន​ព្រឹទ្ធ​សភា​ ​លោក ​សាយ ​ឈុំ បា​ន​សម្តែង​អំណរ​សាទរ​និង​ស្វា​គមន៍​ចំពោះ​លោក​Mohammed Ismaeil A. Dahlwyដែល​ត្រូវបាន​ព្រះ​មហា​ក្សត្រ​នៃ​ប្រទេស​អា​រ៉ាប៊ីសា​អ៊ូឌីត​តែង​តាំង​ជា​ឯក​អគ្គរាជ​ទូត​វិសាម​ញ្ញ​និង​ពេញ​សមត្ថ​ភាព​ប្រចាំ​កម្ពុជា​។

​នៅ​ក្នុង​ឱកាស​នោះ ​Mohammed Ismaeil A. Dahlwy បាន​សម្តែង​ការ​ពេញចិ​ត្ត និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​ទាំង​២។

​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធ​សភា​បាន​បញ្ជាក់​ថា​៖«​ឯក​ឧត្តម​ Moham​med Ismaeil A. Dahlwy មាន​ជំនឿ​ជឿ​ជាក់​ថា តាម​រយៈ​បេសក​កម្ម​ការ​ទូត​របស់​ឯក​ឧត្តម​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ឯក​ឧត្តម​នឹង​ខិតខំ​រួម​ចំណែក​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ មិត្ត​ភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​ខ្លាំង​ក្លា​ថែម​ទៀត​។ជា​ពិសេស​ឯក​ឧត្ដម​នឹង​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យមាន​ស្ថាន​ឯក​អគ្គរាជ​ទូត​ព្រះ​រាជាណា​ចក្រ​អា​រ៉ាប៊ី​សា​អ៊ូឌីត នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្នុង​ឆ្នាំ​២០២៣​នេះ​»​។​


​ព្រម​ជា​មួយ​គ្នា​នោះ​ប្រមុខ​រដ្ឋ​ស្តីទី​លោក​សាយ ​ឈុំ បាន​សម្ដែង​សេចក្តី​រីករាយ​ចំពោះ​ទំនាក់​ទំនង​ចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​រវាង​ប្រជា​ជន និង​ប្រទេស​ទាំង​២ ​ដែល​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​។

​លោក ​សាយ​ ឈុំ បាន​បញ្ជាក់​ថា ព្រឹទ្ធ​សភា រដ្ឋស​ភា រាជ​រដ្ឋាភិ​បាល ក្រសួ​ង ស្ថាប័ន​ជាតិ​នៃ​កម្ពុជា ​ត្រៀមខ្លួ​ន​ជា​និច្ច​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ឯកអ​គ្គរាជ​ទូតអា​​រ៉ាប៊ីសាអ៊ូឌី​តដើម្បី​​លើក​កម្ពស់​ទំនាក់​ទំនង​មិត្តភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ​នាំ​មក​នូវ​ផល​ប្រយោជន៍​ដ៏​ធំធេង​ទៅវិ​ញទៅ​មក​សម្រាប់​ប្រជា​ជន ​និង​ប្រទេស​ទាំង​២។​

​អគ្គ​លេខា​ធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក ​យង់​ ពៅ បាន​លើក​ឡើង​ថា ​ការ​ពង្រីក​ទំនាក់​ទំនង​របស់​កម្ពុ​ជា​នៅ​ក្នុង​សម័យ​កាល​ទំនើប​គឺ​ជារឿង​ចាំ​បាច់ ​ពីព្រោះ​ដើម្បី​ពង្រឹង​ដៃគូ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទាំង​នយោ​បាយ សេដ្ឋ​កិច្ច និង​ពាណិជ្ជ​កម្ម​។ ជា​មួ​យគ្នានេះ ​លោក​ សម្តែង​ការគាំទ្រ​ឱ្យមាន​ទំនាក់​ទំន​ងជា​ផ្លូវការ​រវាង​អារ៉ាប៊ី​សាអ៊ូ​ឌីត​និង​កម្ពុជា​តាម​រយៈ​ការ​ដាក់​ស្ថាន​ទូត​រវាង​ប្រទេស​ទាំង​២​បើ​សិន​ជា​អាច​។

លោក​ថា​៖«យើង​ត្រូវ​ដឹង​ថា​ ប្រទេស​រ៉ាប៊ី​សាអ៊ូឌី​តជា​ប្រភព​នៃ​ការ​ផលិត​ប្រេង ហើ​យ​យើង​ជា​ប្រទេស​មាន​ផលិត​ផល​កសិកម្ម​និង​ឧស្សា​ហកម្ម​វាយ​ន​ភណ្ឌ​ជាដើម​ដែលជា​​ឧស្សាហ​កម្ម​ធុន​ស្រាល​និង​ផលិត​ផល​ទេស​ចរណ៍​។​អ៊ីចឹង​យើង​អាច​ដោះ​ដូរ​គ្នា​ក្នុង​ទំហំ​ពាណិជ្ជ​កម្ម​ភាគី​មួយ​ខាង​ប្រភព​ថាម​ពល ​ជាមួយ​ខាង​កសិកម្ម ​និង​ទេសច​រណ៍ យើង​អាច​ដោះដូរ​គ្នា​បន្ថែម និង​បើក​ទីផ្សារ​បន្ថែម​»​។​

​លោក​បន្ថែម​ថា ការ​ពង្រីក​ទំនាក់​ទំនង​ជាមួយ​ដៃគូ​អន្តរ​ជាតិ​នេះដែ​រគឺ​ចង់​បញ្ជាក់​ថា​ កម្ពុជា​បើក​ទូលាយ​ក្នុង​នយោ​បាយ​ការ​បរទេស​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ​មិន​ដូច​ការលើក​ឡើង​ដែល​តែង​ចោទ​ថា​ កម្ពុជា​ផ្អែក​តែ​ទៅលើ​​ប្រទេស​នេះ ​ឬ​ប្រទេស​នោះ ​នោះ​ទេ​៕