អង្គការ​យូ​នី​សេ​ហ្វ​នៅ​កម្ពុជា បាន​ផ្សព្វផ្សាយ​ទៅដល់​សាធារណជន​ឱ្យធ្វើ​ការបែងចែក​ឱ្យបាន​ច្បាស់​ពីការ​ពិត និង​ការយល់​ខុស​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត ស្រប​ពេលដែល​អ្នកជំនាញ​ប្រឹក្សា​ផ្នែក​ផ្លូវចិត្ត​ថា សុខភាព​ផ្លូវចិត្ត ក៏ដូចជា​សុខភាព​ផ្លូវកាយ​ដែរ​គឺ​ត្រូវតែ​ស្វែងរក​កន្លែង​ប្រឹក្សា និង​កន្លែង​ព្យាបាល។​


​ការផ្សព្វផ្សាយ​បែបនេះ​ឡើង ដោយសារ​អង្គការ​មើលឃើញថា​អ្នក​ដែលមាន​គំនិត និង​មតិ​ជាច្រើន​នៅ​ទូទាំង​សហគមន៍ ដែល​មាន​វប្បធម៌​ផ្សេងៗ​គ្នា បាន​ចំណាយ​ពេល​ក្នុងការ​ពិភាក្សា​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​ថា​ជាអ្វី​ពិតប្រាកដ ដើម្បី​អាច​ប្រាប់​ទៅដល់​ខ្លួនឯង និង​មនុស្ស​ជុំវិញខ្លួន​ពី​ការពិត និងការ​យល់ខុស លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ។​

​បើតាម​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បានឱ្យ​និយមន័យ​សុខភាព​ផ្លូវចិត្ត​ថា គឺជា​ផ្នែក​មួយ​នៃ​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​ម្នាក់ៗ ដែល​អាចឱ្យ​មនុស្ស​ម្នាក់ៗ​យល់​ពី​សមត្ថភាព​របស់​ខ្លួន ស៊ូទ្រាំ​នឹង​ជីវិត​ប្រចាំថ្ងៃ រួមចំណែក​ដល់​សហគម​ន៍​របស់ខ្លួន បង្កើត​ទំនាក់ទំនង និង​រៀបចំ​ពិភពលោក​ដែល​ខ្លួនឯង​រស់នៅ មិន​ថា​នៅទីណា​ទេ ត្រូវ​ចាំថា វាជា​រឿង​សំខាន់​ដែល​ត្រូវ​ទទួលយក​ខ្លួនឯង ពីព្រោះ​នេះ​គឺជា​ជំហាន​ដំបូង​ក្នុង​ការកសាង​សហគមន៍​មួយ ដែល​មនុស្ស​គ្រប់គ្នា​ទាំងអស់គ្នា​មាន​អារម្មណ៍​សុវត្ថិភាព ស្វាគមន៍ និង​មាន​តម្លៃ។


​អង្គការ​ដដែល​នេះ​បាន​សង្កត់ធ្ងន់ថា ៖ «​អង្គការ​បង្ហាញ​ឱ្យ​សាធារណជន​ឱ្យ​យល់​កាន់តែ​ច្បាស់​ពី​ការពិត និង​ការ​យល់ខុស ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ ខណៈដែល​មាន​សាធារណជន​មួយចំនួន ពួកគាត់​បាន​យល់ច្រឡំ​ថា នៅពេល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត វាជា​សញ្ញា​នៃភាព​ទន់ខ្សោយ ប្រសិនបើ​ពួកគេ​រឹងមាំ​នោះ​វា​នឹង​មិនមាន​បញ្ហា​ទាំងនេះ​ទេ​។ ប៉ុន្តែ​អ្វី​ជាការ​ពិត គឺ​នោះ នៅ​ពេល​មាន​នរណាម្នាក់ មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត គឺ​វា​មិនមាន​ការពាក់ព័ន្ធ​នឹង​ភាព​ទន់ខ្សោយ​នោះទេ»។

​ប្រភព​ដដែល​បញ្ជាក់ថា ៖ «​នរណាម្នាក់​មាន​ភាពទន់ខ្សោយ ឬ​មិនមាន​ភាព​ទន់ខ្សោយ វា​មិនមែនជា​អ្វីដែល​យើង​ត្រូវ​ជ្រើសរើស​ថា​មាន ឬ​មិនមាន​នោះទេ​។ តាមពិត ការ​ទទួល​ស្គាល់ថា​អ្នកត្រូវការ​ជំនួយ សុំ​ឱ្យគេ​ជួយ វា​បង្ហាញ​ពីភាព​ក្លាហាន​របស់​អ្នក»។​


​ទាក់ទិន​រឿងនេះ នាយិកា​មជ្ឈមណ្ឌល​ស្នេហា (Sneha Centre) អ្នកនាង យឹម សុធារី បាន​ឱ្យដឹង​ថា សុខភាព​ផ្លូវចិត្ត ក៏ដូចជា សុខភាព​ផ្លូវកាយ​ដែរ ពីព្រោះ​មនុស្ស​ម្នាក់ៗ​ត្រូវតែមាន​សុខភាព​ផ្លូវចិត្ត និង​ព្រមទាំង​មាន​សុខភាព​ផ្លូវកាយ ហើយ​វាក៏​មិនមែន​ជា​អ្វីមួយ​ដែល​ចម្លែក និង​ជា​អ្វីមួយ​ដែល​ថ្មី​នោះទេ គឺមាន​ន័យថា​សុខភាព​ផ្លូវចិត្ត វា​ជា​ចំណែក​នៃ​សុខភាព​របស់​មនុស្ស​ម្នាក់ៗ ដូច​ផ្លូវកាយ​ផងដែរ។​

​អ្នកស្រី​លើកឡើងថា ជាទូទៅ​មនុស្ស​គ្រប់គ្នា​តែងតែ​ឈឺ​ទៅលើ​ផ្លូវកាយ​ជាដើម ហើយក៏​ទៅរក​ពេទ្យ​ដើម្បី​ព្យាបាល ប៉ុន្តែ​ចំណែក​សុខភាព​ផ្លូវចិត្ត មិនសូវមាន​អ្នក​ស្វែករក​ការប្រឹក្សា ព្យាបាល​នោះទេ ដែល​នេះ​បង្ហាញថា វា​ជា​ការដែល​មនុស្ស​គ្រប់គ្នា​យល់ច្រឡំ​លើ​សុខភាព​ផ្លូវចិត្ត​ថា​ជារឿង​បន្ទាប់​មិនសូវ​ជា​យកចិត្ត​ទុកដាក់ តែ​តាមពិត​សុខភាព​ផ្លូវចិត្ត និង​សុខភាព​ផ្លូវកាយ វា​គឺ​ដើរ​ស្របគ្នា មិនមាន​អ្នកណា​មុន អ្នកណា​ក្រោយ ឫ​អ្នកណា​មាន​សារៈសំខាន់​ជាង​នោះឡើយ។

​ក្រៅពីនេះ​អ្នកស្រី​បន្តថា នៅក្នុង​សង្គម​បច្ចុប្បន្ននេះ តាំងពី​មាន​វិបត្តិ​ជំងឺ​កូវីដ ១៩ មក ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត គឺមាន​អ្នក​ចាប់អារម្មណ៍​ច្រើន និង​ចង់ដឹង ចង់​ស្វែងយល់ ជាពិសេស​គឺ​ការចង់​ព្យាបាល​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត ហើយ​មនុស្ស​ភាគច្រើន​នៅ​តែមាន​ការយល់​ច្រឡំ​ថា សុខភាព​ផ្លូវចិត្ត គឺជា​ជំងឺ​ផ្លូវចិត្ត ប៉ុន្តែ​តាមពិត​សុខភាព​ផ្លូវចិត្ត គឺជា​អ្វីមួយ​ដែល​ធំ ហើយ​ចំណែក​ជំងឺផ្លូវចិត្ត វា​គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​សុខភាព​ផ្លូវចិត្ត​ប៉ុណ្ណោះ។

​មួយវិញទៀត បើកាលណា​មនុស្ស​ម្នាក់ៗ​អាចមាន​សុខភាព​ផ្លូវចិត្ត​ល្អ​ហើយ​នោះ​ជំងឺ​ផ្លូវចិត្ត​នឹងមិន​ឆាប់​ប៉ះពាល់​មកកាន់​ខ្លួន​ពួកគាត់​នោះទេ។

​អ្នកស្រី យឹម សុធា​រី បាន​ប្រាប់ថា ៖ «​ដូច្នេះ​មនុស្ស​គ្រប់គ្នា​ទាំងអស់ គឺ​សុទ្ធ​តែមាន​សុខភាព​ផ្លូវចិត្ត គ្រាន់តែ​ថា​ប្រសិនបើ​យើង​ខ្សោយ​អ៊ីចឹងទៅ ឱកាស​នៃ​ការធ្លាក់​ទឹកចិត្ត ឱកាស​អី​ផ្សេងៗ​ទៅ គឺវា​ឆាប់​មើលឃើញ​។ ហើយ​យើង​ក៏​អាច​ការពារ​វា​បាន តាមរយៈ​កាល​ដែល​យើង​មាន​សុខភាព​ផ្លូវ​ចិត្តល្អ»។​

​អ្នកស្រី​បន្តថា កាលដែល​ធ្វើឱ្យមាន​សុខភាព​ផ្លូវ​ចិត្តល្អ គឺ​ខ្លួនឯង​ត្រូវ​ចេះ​ថែទាំ ដូច​តែ​ការថែទាំ​ផ្លូវកាយ​ផងដែរ ដែល​ត្រូវចេះ​ហាត់ប្រាណ បរិភោគ​អហារ​ដែល​ល្អៗ ត្រូវ​ចេះ​រៀន​គិតពី​ភាព​វិជ្ជមាន និង​ត្រូវ​ចេះ​រៀន​ព្យាបាល​ខ្លួនឯង ហើយ​ជាពិសេស​ធ្វើអ្វីៗ និង​រស់នៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ប្រកប​ភាព​រីករាយ​ជាដើម​។

អ្នកស្រី យឹម សុធា​រី បន្ថែមថា​៖ «​ដូច្នេះ​កាលដែល​យើង​អាច​ការពារ​វិបត្តិ​ផ្លូវចិត្ត និង​ជំងឺផ្លូវចិត្ត​បាន គឺ​តាមរយៈ​ការធ្វើឱ្យ​ខ្លួនឯង​មាន​សុខភាព​ផ្លូវ​ចិត្តល្អ​។ ហើយ​កាល​ដែល​ធ្វើឱ្យ​ខ្លួនឯង​មាន​សុខភាព​ផ្លូវ​ចិត្តល្អ គឺ​ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​របស់​យើង ដូចជា​៖ ការបរិភោគ ការរគិត ការ​គេង និង​ត្រូវ​ចេះ​ស្រលាញ់​ខ្លួនឯង ថែទាំ​ខ្លួនឯង​ឱ្យបាន​ច្រើនជាង​មុន និង​មួយទៀត​ត្រូវបង្កើត​មិត្តភាព​ល្អៗ​ឱ្យបាន​ច្រើន​ទាំង​នៅ​ក្នុងផ្ទះ និង​ទាំង​នៅក្រៅ​ផ្ទះ​ជាដើម»៕​