​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បិទ​បញ្ចប់​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ ចាប់ពី​ថ្ងៃទី​ ១០ ខែមីនា​នេះ​ទៅ និង​ទុក​រយៈពេល​ ១ ​សប្តាហ៍​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ រហូតដល់​ថ្ងៃទី​ ១៨ ខែមីនា សម្រាប់​ករណី​មាន​បណ្តឹងតវ៉ា​ណាមួយ​របស់​អ្នកទទួលផល​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ចុះ​ថ្ងៃទី​ ១០ ខែមីនា ឆ្នាំ ២០២៣​។​


​សេចក្តីជូនដំណឹង​បន្តថា ដោយឡែក​សម្រាប់​អ្នកទទួលផល​ទាំង​អស់ពី​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់​ទាំងអស់ នឹងត្រូវ​បន្ត​ទទួលផល​បន្ត​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិ​ផ​រណា​លើក​ទី​២ តទៅ គឺ​នៅ​ថ្ងៃទី​ ១០ ខែមេសា ឆ្នាំ​ ២០២៣ ដោយ​ប្រើប្រាស់​នូវ​លេខ​គណនី​ថ្មី ដែល​ជូនដំណឹង​ដោយ​មូលនិធិ​ជាតិ​ជំនួយ​សង្គម​។​

​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ឱ្យអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ជូន​គ្រួសារ​រង​ហានិភ័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ កាលពី​ថ្ងៃទី​ ១០​ ខែមីនា ឆ្នាំ ២០២២ និង​ថ្ងៃទី ​១០ ខែមីនា ឆ្នាំ ២០២៣ ដោយ​បើក​ផ្តល់​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ ដោយ​ក្នុងនោះ​ប្រភេទ​ក្រុម​គោលដៅ​ទទួលផល​រួមមាន ៩៩ ១៦៩ គ្រួសារ​, ៣៧២ ៨៥៩ សមាជិកគ្រួសារ កុមារ​អាយុ ០-៥ ឆ្នាំ ៤៣ ២២៥៥ នាក់ ជន​មាន​ពិការភាព ៥ ៩៥៧ នាក់ មនុស្ស​ចាស់​អាយុ ៦០​ឆ្នាំ​ឡើងទៅ ៥៧ ១០៥ នាក់ ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៤៦ ៧៩៩ ០៨៨ ០០០ រៀល​។​


​ប្រភព​ដដែល​បន្តថា អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស គ្រួសារ អ្នកទទួលផល​ទាំងអស់ មេត្តា​ជ្រាប និង​បន្ត​សហការ​អនុវត្ត ដើម្បីឱ្យ​កម្មវិធី​ជំនួយ​សង្គម​ជា​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដទៃ​ផ្សេងទៀត​បន្តដំណើរ​ការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ បន្តទៀត​។

​ជាថ្មី​ម្តងទៀត ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងផែនការ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម រដ្ឋបាល​រាជធានី ខេត្ត ដៃគូ​អភិវឌ្ឍន៍ បណ្ដាញសារព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ និង​ជំរុញ​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ ក៏ដូចជា​កម្មវិធី​ជំនួយ​សង្គម​ជា សាច់ប្រាក់​ដទៃទៀត​រប​ស់រាជ​រដ្ឋាភិបាល​ឱ្យ​ដំណើរការ​ទៅដោយ​រលូន និង​ទទួល​បានការ​សាទរ​យ៉ាងខ្លាំង ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ពិសេស​ប្រជាជន​ក្រីក្រ​ដែលជា​ក្រុម​ជន​ងាយ​រងគ្រោះ និង​កំពុង​ប្រឈម​យ៉ាងខ្លាំង​ពី​ឥទ្ធិពល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ គ្រោះទឹកជំនន់ និង​រង​សម្ពាធ​អតិផរណា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​


​សូមជម្រាបថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារលិខិត​ចុះ​ថ្ងៃទី​៣​ខែធ្នូ ឆ្នាំ ២០២២ ស្តីពី​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា និង​កម្មវិធី​ជំនួយ​សង្គម​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់​៕