យូនីសេហ្វកម្ពុជា និងអង្គការ Save the Children ប្រចាំកម្ពុជា បានរួមគ្នារៀបចំវេទិកាមួយ ដើម្បីប្រារឰខួបលើកទី១០ នៃការប្រកាសដាក់ឱ្យប្រើប្រាស់ជាសកលនូវគោលការណ៍សិទ្ធិកុមារ និងធុរកិច្ច ដែលវេទិកានេះ ដើម្បីផ្តល់ការណែនាំដល់ធុរកិច្ច ដោយដាក់បញ្ចូលសិទ្ធិកុមារទៅក្នុងយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មរបស់ពួកគេ។
វេទិកានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ដោយមានតំណាងចំនួន៥០រូប មកពីវិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានចូលរួមក្នុងវេទិកានេះ ដើម្បីពិភាក្សាអំពីទំនួលខុសត្រូវរបស់ធុរកិច្ចទាក់ទងនឹងសិទ្ធិកុមារ អបអរសាទរវឌ្ឍនភាពដែលសម្រេចបានកន្លងមក និងឯកភាពគ្នាលើអាទិភាពសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ។
វាគ្មិនសំខាន់ៗនៅក្នុងវេទិកានេះ រួមមានអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ហួត ពុំ លោក វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា និងលោក ហុង រស្មី នាយកអង្គការ Save the Children ប្រចាំកម្ពុជា។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ហួត ពុំ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារក្នុងឆ្នាំ១៩៩២ ហើយនៅតែបន្តប្តេជ្ញាចិត្តក្នុងការការពារ និងបំពេញនូវសិទ្ធិកុមារគ្រប់រូប។
លោកបន្តថា កុមារទាំងអស់ស្ថិតក្រោមផលប៉ះពាល់ពីសកម្មភាពនៃវិស័យធុរកិច្ច មិនត្រឹមតែក្នុងនាមជាអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលិក និងអ្នកដឹកនាំធុរកិច្ចនាពេលអនាគតផងដែរ។ លោកបញ្ជាក់ថា៖«គោលការណ៍ធុរកិច្ច និងសិទ្ធិកុមារ បានផ្តល់ជាមគ្គុទេ្ទសក៍ដ៏សំខាន់ ខណៈរដ្ឋាភិបាលបានធ្វើការជាមួយវិស័យឯកជន ដើម្បីដាក់បញ្ចូលសិទ្ធិកុមារជាស្នូលនៃសេដ្ឋកិច្ចកម្ពុជា។ ថ្ងៃនេះ យើងទទួលស្គាល់វឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ហើយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងរយៈពេល១០ឆ្នាំខាងមុខ»។
លោកយល់ថា វេទិកានេះ គឺជាឱកាសដើម្បីលើកទឹកចិត្ត និងជំរុញធុរកិច្ចឱ្យទទួលយកការអនុវត្តប្រកបដោយការទទួលខុសត្រូវ ដោយដាក់សិទ្ធិកុមារជាអាទិភាពរបស់គេ។
លោក វីល ផាកស៍ នាយកយូនីសេហ្វកម្ពុជា បានមានប្រសាសន៍ថា ជីវិតរបស់កុមាររងផលប៉ះពាល់ពីវិស័យឯកជនជារៀងរាល់ថ្ងៃ ហើយជាការសំខាន់ខ្លាំងណាស់ដែលធុរកិច្ចត្រូវធ្វើសកម្មភាពយ៉ាងណាដើម្បីផ្តល់តម្លៃ គោរព និងគាំទ្រដល់សិទ្ធិរបស់កុមារ”។ លោកបន្តថា ការបំពេញកិច្ចសន្យារបស់គោលការណ៍ស្តីពីសិទ្ធិកុមារ និងធុរកិច្ច អាចសម្រេចបានលុះត្រាណាតែមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងធុរកិច្ច រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។
លោកថា៖«យើងអាចមានមោទនភាពចំពោះវឌ្ឍនភាពដែលយើងសម្រេចបានកន្លងមក ដូចជាការរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីកិច្ចការពារកុមារដោយរាជរដ្ឋាភិបាល ប៉ុន្តែយើងក៏ត្រូវតែទទួលស្គាល់ផងដែរថា យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើបន្ត»។
បន្ថែមពីនេះ លោកអំពាវនាវដល់វិស័យសាធារណៈ និងឯកជនឱ្យបង្កើនទ្វេដងនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដាក់បញ្ចូលសិទ្ធិកុមារ ជាបញ្ហាស្នូលនៃប្រតិបត្តិការធុរកិច្ច។
លោក រស្មី ហុង នាយកអង្គការ Save the Children ប្រចាំកម្ពុជា បានថ្លែងចំណាប់អារម្មណ៍បិទវេទិកានេះ ដោយលោកបានកត់សម្គាល់ពីផលវិជ្ជមានពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមកលើកុមារ ប៉ុន្តែក៏បានគូសបញ្ជាក់ផងដែរថា ពួកគេនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសបន្ទាប់ពីមានជំងឺរាតត្បាតជាសកល។ ជាមួយគ្នានេះលោក អំពាវនាវដល់លោក លោកស្រី ឱ្យបន្តការប្តេជ្ញាចិត្តក្នុងការគោរពសិទ្ធិកុមារនៅក្នុងគ្រប់ទិដ្ឋភាពនៃយុទ្ធសាស្ត្រ និងប្រតិបត្តិការធុរកិច្ចរបស់លោកអ្នក។
លោកថា៖«សូមចងចាំថា ការគាំទ្ររបស់អ្នកចំពោះនិយោជិតនិងសហគមន៍របស់អ្នកនិងការផ្លាស់ប្តូរ ដែលអ្នកបានបង្កើតនៅក្នុងការងាររបស់អ្នក និងនៅក្នុងទីផ្សារ អាចផ្តល់ផលវិជ្ជមានមកលើជីវិតរបស់កុមារ។ យូនីសេហ្វ និងអង្គការ Save the Children នឹងបន្តគាំទ្រកុមារ គ្រួសារ និងសហគមន៍របស់ពួកគេ ហើយយើងនឹងមានវត្តមាននៅទីនេះជានិច្ចសម្រាប់អ្នកផងដែរ ក្នុងនាមជាដៃគូ ពីព្រោះយើងអាចបង្កើតលទ្ធផលកាន់តែច្រើន នៅពេលយើងសហការគ្នា»។
គោលការណ៍សិទ្ធិកុមារ និងធុរកិច្ច ត្រូវបានបង្កើតឡើងដោយយូនីសេហ្វ អង្គការ Save the Children និង UN Global Compact ក្នុងឆ្នាំ២០១២ ដើម្បីផ្តល់ការណែនាំសម្រាប់ធុរកិច្ចស្តីពីការដាក់សិទ្ធិកុមារជាស្នូល នៃគោលនយោបាយ និងប្រតិបត្តិការរបស់ពួកគេ។ កុមារទទួលរងឥទ្ធិពលពីវិស័យឯកជនក្នុងនាមជាអ្នកប្រើប្រាស់ផលិតផល និងសេវាកម្ម តាមរយៈការទទួលព័ត៌មានពីការផ្សព្វផ្សាយលក់ និងការផ្សាយពាណិជ្ជកម្មក្នុងនាមជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល ឬតាមរយៈបរិស្ថានដែលពួកគេរស់នៅ និងលេងកម្សាន្ត៕