ភ្នំពេញៈ លោក ស្រី ម៉ែនសំអន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច​ថ្លែង​ថា សព្វថ្ងៃនេះ​ក្រៅពី​អំណាន​តាមរយៈ​សៀវភៅ និង​ឯកសារ​បោះពុម្ព​ផ្សេងៗ ប្រជាជន​កម្ពុជា​ភាគ​ច្រើន និយម​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ជាមធ្យោបាយ​ជំនួយ​ដ៏មាន​ប្រយោជន៍ មាន​ប្រសិទ្ធភាព និង​មានភាព​ទាក់ទាញ សម្រាប់​ការអាន​ជាទូទៅ។


លោកស្រី​ថ្លែងបែប​នេះ​ក្នុងពិធី​បើក​ទិវា​ជាតិ​អំណាន លើក​ទី៨ ក្រោម​ប្រធាន​បទ «អំណាន​ជាមាគ៌ា​ឆ្ពោះទៅ​បរិវត្តកម្ម​វិស័យអប់រំ» ធ្វើ​ឡើង​នៅថ្ងៃ​ទី១១ មីនា ២០២៣ នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា រាជធានី​ភ្នំពេញ។

លោកស្រី​ថ្លែង​ថា៖«តាមរយៈ​ទូរសព្ទ​វៃឆ្លាត ថេប្លេត និង​កុំព្យូទ័រ ជាដើម​សុទ្ធសឹង​ជាឧបករណ៍​អាន​ដ៏ពេញនិយម​សម្រាប់​អ្នក​សិក្សា និងប្រជា​ពលរដ្ឋ​ទូទៅ​ក្នុងសម័យ​​ថ្មី​នៃ​បច្ចេកវិទ្យា​ឌីជីថល។ អំណាន​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បែប​នេះ​ធ្វើឱ្យ​អ្នក​អាន​ចំណេញ​ពេលវេលា​ងាយស្រួល​អាន​ងាយ​ស្រួលយក​តាមខ្លួន​ងាយ​ស្រួល​រក្សាទុក​និង​ងាយស្រួល​ស្វែងរក​ព័ត៌មាន​ព្រមទាំង​ជួយ​ដល់​ការការពារ​បរិស្ថាន​ផងដែរ»។


លោកស្រី ​លើកឡើង​ទៀត​ថា ការអាន​សៀវភៅ​គឺជាទង្វើ​ល្អ​មួយ​ដែល​ឪពុកម្តាយ​មិនគួរមើល​រំលងនោះទេ​។ ការដាក់​សៀវភៅ​តាមខ្លួន​សម្រាប់​អាន​ជាប្រចាំ​ក៏ជាការ​ល្អ និង​មាន​ឥទ្ធិពល​វិជ្ជ​មាន​​ ដល់មនុស្ស​ជុំវិញ​ខ្លួន ដើម្បី​បណ្តុះ​ទឹកចិត្ត​អ្នកដទៃ​ឱ្យ​ស្រលាញ់​ការអាន​ផងដែរ៕