សាកលវិទ្យាធិការនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)លោកសាស្ត្រាចារ្យ Slim KHALBOUS ស្នើកម្ពុជាជួយតម្រង់ទិសនៃការប្រើប្រាស់ភាសាបារាំងនៅកម្ពុជាឱ្យបានទូលំទូលាយ ខណៈតំណាងរាជរដ្ឋាភិបាលកម្ពុជា សន្យានឹងបន្តគាំទ្រ និងធានានូវការផ្សព្វផ្សាយពីគុណតម្លៃហ្វ្រង់កូហ្វូនី (ប្រទេសនិយាយភាសាបារាំង) កាន់តែទូលំទូលាយ។
ការស្នើនេះត្រូវបានលើកឡើងក្នុងជំនួបរវាង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោកសាស្ត្រាចារ្យ ឆែម គាតរិទ្ធី បានទទួលជួបលោកសាស្ត្រាចារ្យ Slim KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារ AUF ចូលជួបសម្តែងការគួរសម ក្នុងអំឡុងពេលបំពេញបេសកកម្មការងារលើកដំបូងរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា នាឱកាសនោះលោក ឆែម គាតរិទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Slim KHALBOUS និងគណៈប្រតិភូ និងបានថ្លែងអំណរគុណ ទីភ្នាក់ងារ AUF ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងសកម្មភាពជាច្រើនដ៏គួរឱ្យកោតសរសើរ នៅប្រទេសកម្ពុជា រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ព្រមទាំងបានបង្ហាញនូវការស្រឡាញ់យកចិត្តទុកដាក់របស់លោកចំពោះហ្វ្រង់កូហ្វូនី។
លោកសាស្ត្រាចារ្យ Slim KHALBOUS បានគូសបញ្ជាក់ថា ជាការសំខាន់សម្រាប់លោក និងគណៈប្រតិភូ ដែលត្រូវធ្វើដំណើរមកកម្ពុជា ដើម្បីទទួលបានដោយផ្ទាល់នូវអាទិភាព និងតម្រូវការនានា ដែលត្រូវបានកំណត់ដោយអាជ្ញាធរ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យកម្ពុជា។ លោកបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកតម្កើងហ្វ្រង់កូហ្វូនី (ប្រទេសនិយាយភាសាបារាំង)នៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយស្នើសុំដោយផ្ទាល់នូវការគាំទ្ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងនឹងការតម្រង់ទិសនៃយុទ្ធសាស្ត្ររបស់ទីភ្នាក់ងារ AUF។ លោកបន្តថា៖«នៅក្នុងគោលដៅពង្រឹងភាពទាក់ទាញរបស់ហ្វ្រង់កូហ្វូនីនៅកម្ពុជា និងលើឆាកអន្តរជាតិ កម្មវិធីថ្មីៗ និងសំខាន់ៗសម្រាប់យុវជនជាច្រើន នឹងត្រូវបានបង្កើតឡើង ដែលជាកិច្ចបន្តពីជំនួយដែលបានផ្តល់កាលពីពេលមុន»។
លោក ឆែម គាតរិទ្ធី បានសង្កត់ធ្ងន់ទៅលើតម្រូវការជាចាំបាច់នូវយុទ្ធសាស្ត្រមួយច្បាស់លាស់ និងល្អិតល្អន់របស់ទីភ្នាក់ងារ AUF ដែលផ្តោតលើប្រជាជនកម្ពុជា និងស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។
លោកបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រ និងធានានូវការផ្សព្វផ្សាយពីគុណតម្លៃហ្វ្រង់កូហ្វូនី (ប្រទេសនិយាយភាសាបារាំង)កាន់តែទូលំទូលាយ»។
សេចក្តីប្រកាសដដែលបានបន្តថា ជារួម ជំនួបនេះបានផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កា និងសម្បូណ៌ដោយការផ្លាស់ប្តូរយោបល់ និងគំនិតល្អៗ។ លោកសាកលវិទ្យាធិការ បានបង្ហាញពីឆន្ទៈក្នុងការធ្វើទស្សនកិច្ចសាជាថ្មីនាពេលខាងមុខ ដើម្បីធ្វើការពិភាក្សាស៊ីជម្រៅទៅលើប្រធានបទខាងលើនេះ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាពយូរអង្វែង និងជិតស្និទ្ធរវាងកម្កុជានិងទីភ្នាក់ងារ AUF៕