កំពង់ឆ្នាំងៈ សមត្ថកិច្ចនគរបាលខេត្តកំពង់់ឆ្នាំង បានប្រាប់ឱ្យដឹងមុននេះបន្តិចថា ផ្ទះប្រជាពលរដ្ឋជាង២០ខ្នង នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានរងការឆេះខូចខាតទាំងស្រុង ក្នុងគ្រោះអគ្គីភ័យនាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ នេះ។
លោក អៀ បុនធឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលនេះក្រុមកម្លាំងនគរបាលពន្លត់អគ្គិភ័យ បានគ្រប់គ្រងភ្លើងបានទាំងស្រុងហើយ ដោយប្រើរថយន្តបាញ់ទឹក និងការណូតជាច្រើនគ្រឿង ជួយបូមទឹកពីទន្លេមកបាញ់ពន្លត់។
លោកបានបញ្ជាក់ថា៖«គិតមកទល់ម៉ោង១០:៣០នាទីព្រឹកនេះ សមត្ថកិច្ចយើងនៅមិនទាន់ដឹងពីមូលហេតុនៃគ្រោះអគ្គិភ័យនេះនៅឡើយទេ។ ក្នុងជំហានដំបូងនេះ គឺមានផ្ទះប្រជាពលរដ្ឋជាង២០ខ្នង បានឆេះខូចខាតទាំងស្រុង »។
បើតាមលោកបុនធឿន អគ្គិភ័យបានកើតឡើងតាំងពីវេលាម៉ោង ៧: ៣០នាទីព្រឹកមកម្ល៉េះ៕