ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ទីផ្សារតែងនិពន្ធសៀវភៅរបស់កម្ពុជាតូចចង្អៀត ដែលអ្នកសរសេរមិនអាចក្លាយជាអ្នកមានបានដោយសារការចាប់យកកិច្ចការតែងនិពន្ធនោះទេ ស្របពេលដែលអ្នកនិពន្ធក្នុងវិស័យសារព័ត៌មានយល់ស្របតាមការលើកឡើងនេះ។
ក្នុងពេលបិទបញ្ចប់នៃកិច្ចពិភាក្សាស្ដីពី «សារៈសំខាន់នៃអំណានចំពោះការសិក្សា» ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៨ នៅថ្ងៃទី ១១ ខែមីនា លោក ហង់ជួន ណារ៉ុន លើកឡើងថា៖ «ជារួមខ្ញុំសូមជម្រាបជូនថា នៅប្រទេសកម្ពុជា ទីផ្សារ [សៀវភៅ] តូច។ អ៊ីចឹងសរសេរយ៉ាងម៉េចក៏មិនអាចក្លាយជាអ្នកមានបានដែរ។ ប្រទេសគេគេអាចសរសេរក្លាយជាអ្នកមាន ប៉ុន្តែប្រទេសខ្មែរមិនអាចទេ»។
លោក ហង់ជួន ណារ៉ុន ខ្លួនលោកផ្ទាល់ក៏ចូលចិត្តការសិក្សាស្រាវជ្រាវនិងបោះពុម្ពសៀវភៅផងដែរដោយ អត្ថបទស្រាវជ្រាវចុងក្រោយរបស់លោកគឺនិយាយអំពី «រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងបរិបទនៃការអប់រំក្នុងសតវត្សរ៍ទី ២១»។
យោងតាមអ្នកសម្របសម្រួលក្នុងកម្មវិធីទិវាជាតិអំណានលើកទី៨ ក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» អត្ថបទស្រាវជ្រាវចុងក្រោយរបស់លោក រដ្ឋមន្ត្រី ជាស្នាដៃនិពន្ធទី ៣៦។
លោករដ្ឋមន្ត្រីអប់រំ ក៏បានបង្ហាញពីការខាតដើមរបស់អ្នកនិពន្ធដែលបានបោះពុម្ពផ្សាយ ដោយសារតែចំនួនអ្នកអានមានចំនួនតិចតួច។ លោកថ្លែងថា៖ «ការសរសេរពេលខ្លះត្រូវបោះពុម្ពអស់ថ្លៃលើសប្រាក់កម្រៃបានពីការលក់សៀវភៅទៀត ដោយសារទីផ្សារលក់សៀវភៅយើងតូច»។
លោក ពុយ គា អ្នកសារព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ «អាថ៌កំបាំងក្រៅឆាក» យល់ស្របជាមួយការលើកឡើងរបស់រដ្ឋមន្ត្រីអប់រំ ដោយលោកបានលើកឡើងពីចំនួននៃការលក់ពីស្នាដៃរបស់អ្នកនិពន្ធល្បីៗ និងជាទីពេញនិយមនៅកម្ពុជា ដូចជា លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ ជាដើម ដែលបរិមាណសៀវភៅដែលបានលក់គឺមានចន្លោះពី ១០ ០០០ ទៅ ១៥ ០០០ ក្បាលប៉ុណ្ណោះ។
ចំនួននៃការលក់ចេញធៀបនឹងចំនួននិស្សិតដែលរៀននៅមហាវិទ្យាល័យ និងចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតគឺមានតិចមែនទែន ហើយបើប្រៀបធៀបជាមួយប្រជាជនដែលប្រើប្រាស់គណនីបណ្តាញសង្គមទៀត គឺកាន់តែឃ្លាតឆ្ងាយថែមទៀត។ «ខ្ញុំលើកទឹកចិត្តឱ្យយុវជនប្រឹងអានសៀវភៅ។ ជាការពិត ការអាននៅកម្ពុជាមិនកើនឡើងខ្ពស់ដោយសារបណ្តាញសង្គម (social media) ទូលំទូលាយពេក ប៉ុន្តែ social media អានមិនបានច្រើនដូចសៀវភៅឡើយ»។
លោក ពុយ គា បញ្ជាក់ថា៖ «ការអានតាមបណ្តាញសង្គមច្រើនបានតែខ្លីៗ អ៊ីចឹងការអានតាមសៀវភៅក៏កាត់បន្ថយដែរ។ ដើម្បីភាពរឹងមាំនៃចំណេះដឹង ការអានតាមសៀវភៅ និងការតាមដានតាមបណ្តាញសង្គមត្រូវដើរព្រមគ្នា»។
ទោះយ៉ាងណា លោកក៏កត់សម្គាល់ថា អ្នកនិពន្ធស្នាដៃថ្មីៗដែលជាជនជាតិខ្មែរហាក់មានសម្ទុះកើនឡើងដែលជាសញ្ញាល្អមួយ បើទោះបីជាគាត់ខ្វះលទ្ធភាពបោះពុម្ព ឬបោះពុម្ពរួចលក់មិនរួចថ្លៃដើមក៏ដោយ។
លោក វណ្ណ វាចារ អ្នកសារព័ត៌មាន និងជាអ្នកនិពន្ធឯករាជ្យ ដែលនិពន្ធសៀវភៅនិងជាម្ចាស់ស្នាដៃសៀវភៅ មានចំណងជើងថា «គ្រូធំ» ដែលសរសេរពីខ្លឹមសារដែលលោកធ្លាប់ធ្វើកិច្ចសម្ភាសន៍ជាមួយលោក កែម ឡី បានថ្លែងថា ការបោះពុម្ពសៀវភៅកម្រាស់ ១២០ ទំព័រចំនួន ៣ ០០០ ច្បាប់កាលពីឆ្នាំ ២០១៧ មិនធ្វើឱ្យលោកខាតនោះទេ ពោលគឺលោកអាចចំណេញតិចតួច។
លោកថា រហូតដល់ពេលនេះសៀវភៅស្នាដៃដំបូងរបស់លោកក៏អស់ ហើយលោកគ្រោងកែលម្អសៀវភៅនោះនឹងបោះពុម្ពឡើងវិញ ប្រហែល ១ ០០០ ច្បាប់ទៀត។ «ខ្ញុំគិតថា បើសិនអ្នកបោះពុម្ពសៀវភៅនោះ គាត់បោះពុម្ពសៀវភៅផង និងមានគំនិតធ្វើទីផ្សារផ្សព្វផ្សាយសៀវភៅ និងព្យាយាមរកអ្នកឧបត្ថម្ភ គាត់នឹងមិនខាតទេ»៕