​ភ្នំពេញ: ក្រោយ​បញ្ចប់​ការ​​សិក្សា​ថ្នាក់មូលដ្ឋាន​នៅ Trinity College និង​ថ្នាក់​បរិញ្ញាបត្រ​នៅ University of Melbourne ក្នុង​ឆ្នាំ​ ២០២២ កញ្ញា រ៉ុ​ន សុ​ភី អតីត​កុមារី​រើស​អេតចាយ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ បាននិងកំពុង​បំពេញការងារ​នៅ​សា​លា​រៀន​ឯកជន​មួយ​ក្នុងប្រទេស​អូស្ដ្រាលី មុនពេល​វិល​មកកាន់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)​ របស់លោក ស្កុ​ត នី​សុន​។


​កញ្ញា សុ​ភី បាន​និយាយថា​៖ «​ពេល​ខ្ញុំ​កំពុង​សិក្សា​ថ្នាក់​បរិ​ញ្ញា​​ប​ត្រ ខ្ញុំ​មិនអាច​ធ្វើការ​បានទេ​។ ដូច្នេះ ខ្ញុំ​គិតថា ខ្ញុំ​អាច​មិនមាន​បទពិសោធន៍​ការងារ​ឡើយ មុនពេល​ត្រឡប់​ទៅ​ស្រុក​វិញ​។ ខ្ញុំ​បានធ្វើការ​នៅ​សាលា​ឯកជន​មួយ​នៅ​ផ្នែក higher education រយៈពេល​ ២​ ឆ្នាំ ដែល​ពេលនេះ ខ្ញុំ​បានធ្វើ ៦​ ខែ​ហើយ​»​។

​អតីត​និស្សិត​ផ្នែក Media Communication & IR រូប​នេះ បានឱ្យដឹងថា កញ្ញា​មិនទាន់មាន​ផែនការ​ថា តើ​គួរ​រៀន​បន្ដទៀត​ឬ​យ៉ាងណា​នោះទេ​។ ប៉ុន្ដែ​កញ្ញា​នឹង​វិល​ទៅកាន់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​វិញ​ក្រោយ​បញ្ចប់​ការងារ​រយៈពេល​ ២​ ឆ្នាំ​។


​យុវតីដែល​ប្រែក្លាយ​ជីវិត​ពី​រាងកាយ​ប្រឡូកប្រឡាក់​ដោយ​ភាពកខ្វក់​នៃ​សំរាម​ទៅជា​បុគ្គលិក​ការិយាល័យ​នៅ​ប្រទេស​អូស្ដ្រាលីថ្លែងថា កញ្ញា​ចង់បាន​បទ​ពិ​សោ​​ធន៍​ការងារ និង​រៀន​ពង្រឹង​ខ្លួន​រស់នៅ​ដោយ​ឯករាជ្យ​បន្ថែមទៀត​។ សុ​ភី អាយុ ២៦ ​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ពេល​ខ្ញុំ​ត្រឡប់​ទៅ​អង្គការ CCF របស់ ស្កុ​ត វិញ ខ្ញុំ​នឹងធ្វើ​ការ​ស្ម័គ្រចិត្ដ​លើ​ផ្នែក​ដែល​ខ្ញុំ​អាចធ្វើ​បាន​»​។

​ទន្ទឹមនឹង​ការ​តបស្នង​នៅ​កន្លែង​ដែល​បាន​បណ្ដុះបណ្ដាល និង​លើកស្ទួយ​ខ្លួន​ពី​ភ្នំ​សំរាម យុវតី​ដែល​ស្រឡាញ់​ការងារ​រូបនេះ ឱ្យដឹងថា នាង​ក៏មាន​គម្រោង​អាជីវ​កម្ម​ជាមួយ​មិ​ត្ដ​ភក្ដិ​ផងដែរ ដែល​ពួកគេ​បានរៀបចំ​ម្ដង​មុនពេល​កញ្ញា​ហោះ​ទៅ​បំពេញ​ការសិក្សា​នៅ​អូស្ដ្រាលី​។


​ស្ថិតក្នុង​គ្រួសារ ដែលមាន​បង​ប្អូន ៧ ​នាក់ និង​ជា​កូន​ទី​២ សុ​ភី ទទួលបាន​ការលើក​ទឹក​ចិ​ត្ដ និង​គាំទ្រ​ពី​គ្រួសារ​ជានិច្ច​ចំពោះ​បំណង​នៃ​ការសិក្សា ក៏ដូចជា​ផែនការ​ជីវិត​របស់ខ្លួន​។ កញ្ញា​ឱ្យដឹងថា ឪពុកម្ដាយ​មិនមាន​លទ្ធភាព​អ្វី​ធំដុំ​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត តែមាន​ការជួយជ្រោមជ្រែង​ពី​កូនៗ ជាពិសេស​កញ្ញា​ផ្ទាល់ ដែល​ខិតខំ​បំពេញការងារ​ដើម្បី​ការចាយវាយ​ខ្លួនឯង​ផង និង​ផ្ញើមក​គ្រួសារ​ផង​។

​កញ្ញា​និយាយថា​៖ «​ម្ដាយ​ខ្ញុំ​មាន​ជំងឺ​ឆ្អឹង ហើយ​ឪពុក​របស់ខ្ញុំ​គាត់​រត់​រ៉ឺម៉ក ដែល​មិនសូវមាន​ម៉ូយ​រកបាន​ប្រាក់​ដូច​ការប្រើ​​ប្រាស់ Mobile App ដូច​បច្ចុប្បន្ន​នោះទេ​»​។

​ក្នុងចំណោម​បងប្អូន​ទាំងអស់ សុ​ភី បាន​ប្រាប់ថា មានតែ​កញ្ញា និង​ប្អូន​ទី៤ ដែល​បាន​សិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ ក្រៅពីនោះ បញ្ចប់​ត្រឹម​ថ្នាក់​វិទ្យាល័យ និង​ត្រូវ​ចេញ​រកប្រាក់​ជួយ​ផ្គត់​ផ្គង់​គ្រួសារ​។ សុ​ភី និយាយថា បងប្អូន​ទាំង​ ៥ ​នាក់​ទៀត​មិន​ទទួល​បានការ​សិក្សា​ខ្ពស់ ដោយ​កត្ដា​មិនសូវ​មានឱកាស​ផង និង​មិន​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ផង​។

កញ្ញា​បន្ដថា​៖ «​បងប្អូន​ខ្ញុំស្រីៗ​អាច​ថា កាលៈទេសៈ​បង្ខំ​ឱ្យ​ពួកគាត់​ឈប់រៀន​។ ប៉ុន្ដែ​បង​ប្អូនប្រុស​ ២ ​នាក់ អត់​សូវ​ប្រឹង និង​អត់​សូវ​មានឱកាស​ដូច​គេ​។ ពួកគាត់​ក៏​ឈប់រៀន​ទៅ​»​។

​បងប្អូន​៣​នាក់​ក្នុងចំណោម ៧ នាក់​របស់​សុ​ភី មានឱកាស​ចូលរៀន​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) របស់លោក ស្កុ​ត នី​សុន​។ ជា​កូនស្រី ដែល​ឪពុកម្ដាយ​ជំពាក់​ប្រាក់​គេ​ច្រើន សុ​ភី ធ្លាប់បាន​ចូល​សាលារៀន​ម្ដង​ត្រឹម​រយៈពេល​ដ៏​ខ្លី តែ​ ២​ សប្ដាហ៍​ប៉ុណ្ណោះ ត្រូវបាន​ឪពុកម្ដាយ​វេច​បង្វេច​ចាកចោល​ផ្ទះ​​សំបែង​នៅក្នុង​ខេត្ដ​កំពង់ចាម និង​ផ្សងព្រេង​ជាមួយ​កូនៗ ៥ នាក់មក​ភ្នំពេញ ដោយ​ឮថា ការ​រើស​អេតចាយ​នៅ​គំនរ​សំរាម​ស្ទឹងមានជ័យ​មិនចាំបាច់​ចាយ​ដើមទុន​។​

យុវតី​រូបនេះ និយាយថា​៖ «​ដំបូង​ឡើយ ខ្ញុំ​មិន​ចូល​ចិ​ត្ដ​កន្លែង​ចាក់សំរាម​ទេ ទាំង​បរិ​យា​​កាស ក្លិន វា​ពិតជា​អា​សោច​ណាស់​។ ប៉ុន្ដែ​បន្ទាប់ពី​ចំណាយពេល​ជាច្រើន​រស់នៅ ដេក ញ៉ាំ​អាហារ​ទីនោះ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​ផ្ទះ​របស់ខ្ញុំ​»​។

​យុវតី​រូបនេះ រំឭកថា ពេល​នាង​កំពុងតែ​រើស​សំរាម​ជាមួយ​មិ​ត្ដ​ភក្ដិ មានបារាំង​ម្នាក់ គឺ ស្កុ​ត នី​សុន បានឃើញ​នាង​ជា​កុមារី​តូច រស់​​នៅក្នុង​សភាព​កខ្វក់ និង​មិនមាន​ការអប់រំ ក៏បាន​ប្រាប់​តាមរយៈ​អ្នកបកប្រែ​ថា លោក​នឹង​នាំ​ក្មេង​​ស្រី​ម្នាក់នេះ​ទៅ​អង្គការ និង​បានប្រគល់​នាមប័ណ្ណ​មួយ​ឱ្យ​។

​សុ​ភី និយាយថា ពេលនោះ នាង​មិនដឹង​អ្វី​ទាល់តែសោះ​ដោយ​គ្រាន់តែ​ឮថា បាន​រៀន​ក៏​នឹកឃើញ​ចង់ មិន​នឹក​គិតដល់​រឿង​គេ​បោក​អ្វី​ទាំងអស់ ពីព្រោះ​ខ្លួន​ចង់​រៀន​តាម​បងស្រី ដែល​ត្រូវបាន​អង្គការ Pour Un Sourire d'' Enfant (PSE) យក​ចូលរៀន​។

​សុ​ភី និយាយប្រាប់ Emily McAuliffe នៃ​មហាវិទ្យាល័យ Trinity College ដែល​សហការ​ជាមួយ​អង្គការ CCF ថា​៖ «​ពេល​ឃើញ​បងស្រី​ត្រឡប់​មកលេង​ផ្ទះ​ជាមួយ​សម្លៀកបំពាក់​ស្អាត ខណៈ​ខ្លួនឯង​អត់ ខ្ញុំ​គិតថា ខ្ញុំ​គួរតែ​ទៅ​សាលារៀន ទើប​ខ្ញុំ​មានឱកាស​បាន​ស្អាតបាត​ដែរ​»​។​

​កញ្ញា​បន្ដថា​៖ «​វា​ហាក់ដូចជា​វាសនា​កំណត់ រាល់ដង ខ្ញុំ​មិន​រក្សាទុក​របស់​អ៊ីចឹងៗ​នោះទេ​។ តែ​ថ្ងៃនោះ ខ្ញុំ​បាន​ប្រាប់​ម៉ែ និង​ឱ្យ​គាត់​ទុក​នាមប័ណ្ណ​បារាំង​ម្នាក់​នោះ​»​។

១ ​សប្ដាហ៍​ក្រោយមក បារាំង​រូបនោះ ត្រឡប់មកវិញ និង​បាន​យក​ឡាន​មក​ដឹក​នាង និង​កុមារា​ម្នាក់ទៀត​ខណៈ​ប្អូនស្រី​ទី​ ៤ របស់​សុ​ភី រត់​យំ​តាម​ក៏​ត្រូវបាន​លោក ស្កុ​ត នាំយកទៅ​អង្គ​ការ​ជាមួយ​ដែរ​។ ការសិក្សា និង​ស្នាក់នៅ​អង្គការ CCF បាន​ជួយ សុ​ភី និង​ប្អូនស្រី​បានទទួល​ទាំង​ការអប់រំ​ផង និង​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​ផង ពីព្រោះ​វា​ជាទី​កន្លែង​សម្រាក​ស្អាត​សមរម្យ ខុសពី​ជម្រក​គ្រប​កន្ទេល​បាំងបិទ​ក្បែរ​ភ្នំ​សំរាម​។​

​សុ​ភី បាន​និយាយថា​៖ «​ការ​​រស់នៅ​ជាមួយ​អង្គការ ស្កុ​ត នេះ ហាក់ដូចជា គាត់​ជា​ឪពុកម្ដាយ​ខ្ញុំ​ម្នាក់ទៀត​អ៊ីចឹង​។ មែនទែនទៅ ឪពុកម្ដាយ​ខ្ញុំ មិនអាច​ផ្គត់ផ្គង់​បាន​ប៉ុណ្ណឹង​ផង​។ ផ្ទះ​ក៏មាន​នៅ បាយទឹក​ ១ ​ថ្ងៃ​ ៣​ ពេល និង​បង្អែ​មយប់​ឡើង សាលារៀន និង​ខោអាវ​មួយ​ចប់​»​។

​យុវតី ដែល​បងស្រី និង​ប្អូនស្រី បាន​រៀបការ​រួច​រូបនេះ បាន​បន្ដថា​៖ «​បើ​ពេលនោះ ខ្ញុំ​មិនបាន​ចូលរៀន​សាលា ស្កុ​ត​ទេ សូម្បីតែ​គិត​ក៏​មិនអាច​នឹក​ស្រមៃ​ថា នឹងមាន​ថ្ងៃ​នេះឡើយ​។ និយាយ​រួម អ​នា​គ​ត​របស់ខ្ញុំ គឺ​មើលមិនឃើញ​តែម្ដង ដោយ​មិនដឹងថា នឹង​ទៅជា​យ៉ាងណា​»​។

​អតីត​កុមារី​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ​រូបនេះ បាន​លើក​ឡើង​ថា នៅ​តូច ធ្លាប់​ឃើញ​អ្នកមាន​ឱកាស​ទៅ​រៀន​ស្រុក​គេ តែ​ខ្លួនឯង​ដឹង​ច្បាស់​ថា គ្មាន​វាសនា​ទេ​ដោយ​គ្មាន​លុយ​អ្វី​ទាល់តែសោះ​។ ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​សាលា​អង្គការ CCF យុវតី សុ​ភី បាន​បន្ដ​ដាក់ពាក្យ​ប្រឡង​យក​អាហារូបករណ៍​នៅ​មហាវិទ្យាល័យ Trinity College ប្រទេស​អូស្ដ្រាលី​។

​កញ្ញា សុ​ភី ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ បាន​រៀបរាប់​អំពី​ពេល​ប្រឡង​អាហារូបករណ៍​ទៅ​អូស្ដ្រាលី​ថា ពេលឮ​ដំណឹង​ថា កញ្ញា​ជាប់​អាហារូបករណ៍​ដំបូង នាង​មិន​ហ៊ាន​ជឿន​រណា​និយាយ​ទាំង​អស់​សូម្បីតែ​ស្កុ​ត រហូតដល់​មាន​សេចក្ដីប្រកាស​ផ្លូវការ​។

​នាង​និយាយថា នាង​មិនមាន​អារម្មណ៍​ភ័យខ្លាច ចំពោះ​ការ​សិក្សា​នៅ​បរទេស​នោះទេ ដោយ​សារ survival skill របស់​កញ្ញា​ខ្លាំង បូករួម​នឹង​ការ​ស្ម័គ្រចិត្ដ​ទៅ​ក្រៅប្រទេស​ក៏​សកម្ម​ផងដែរ​។

​យោងតាម​មហាវិទ្យាល័យ Trinity College បានឱ្យដឹងថា ថ្វីដ្បិតតែ​មាន​ទេពកោសល្យ​ជា​គ្រូបង្រៀន កញ្ញា សុ​ភី មានបំណង​ចង់​ក្លាយជា​អ្នកជំនួញ​ម្នាក់ និង​រំពឹងថា នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​ដើម្បី​អ្នកដទៃ​ក្នុង​សហគមន៍ និង​បាន​នៅ​ស្និទ្ធ​​ស្នាល​ជាមួយ​ក្រុមគ្រួសារ​។

​អ្នកនិពន្ធ McAuliffe នៅ​មហាវិទ្យាល័យ​អូស្ដ្រាលី​នេះ​បាន​សរសេរ​បន្ដថា​៖ «​ភាពជោគជ័យ​នៅ​សាលារៀន​របស់​កញ្ញា សុ​ភី បាន​នាំឱ្យ​នាង​ជាប់​អាហា​រូប​ករ​​ណ៍​នៅ​អូស្ដ្រាលី ជាទី​ដែល​គាត់​បញ្ចប់​ថ្នាក់មូលដ្ឋាន​នៅ Trinity College រួច​បញ្ចប់​ថ្នាក់​បរិ​ញ្ញា​​ប​ត្រ​នៅ​សាកលវិទ្យាល័យ University of Melbourne»​។

​រ៉ុ​ន សុ​ភី បាន​និយាយ​អំពី​ការ​ហែល​ឆ្លងកាត់​ការលំបាក​ក្នុង​ឆាកជីវិត​ពី​កុមារភាព ដែល​ធ្វើឱ្យ​កញ្ញា​អាច​ស៊ូទ្រាំ​នឹង​ស្ថានភាព​ផ្សេងៗ ក៏ដូចជា ងាយ​សម្រប​នឹង​បរិយាកាស​ថ្មីៗ​។ យុវតី​រូប​នេះ បាន​រំឭក​ពី​រឿង​ដែល​មិនអាច​បំភ្លេចបាន​ក្នុង​ឆាកជីវិត​ក្រៅពី​វាសនា​បាន​នាំ​រូបនាង​មកដល់​ទឹកដី​បរទេស​ថា​៖ «​ពេល​មាន​ភ្លៀង​ខ្លាំង​ម្ដងៗ ខ្ទម​បិទបាំង​ដោយ​កន្ទេល ត្រូវ​ទឹកភ្លៀង​ហូរ​ចូល​ផ្ទះ​ដែល​លេច​ធ្លុះធ្លាយ​ទទឹកជោក​គ្រប់គ្នា​។ ពេលនោះ ខ្ញុំ​ឆ្ងល់​ប៉ា​ម៉ែ ពួកគាត់​នៅតែ​សម្ងំ​គេង​ទាំង​ភ្លៀង​ទទឹក​ហើយ​ខ្ញុំ​ក៏​ចេះតែ​សម្ងំ​ដែរ​ទៅ តែ​គេង​មិន​លក់​ទេ​។ ពេលព្រឹក​ឡើង​រត់​លេង​ធម្មតា​»​។

​នៅ​គ្រានោះ ការរស់នៅ​លើ​គំនរ​សំរាម មិនមែនជា​រឿង​អ្វី​គួរឱ្យ​សោកសង្រេង​នោះទេ​តែ​ពេលនេះ យុវតី​រូបនេះ បាន​រំឭកថា ភាព​ស្រេកឃ្លាន​កាលពី​នាង​នៅ​ក្មេង​ពិតជា​កម្សត់​។

កញ្ញា​បន្ដថា​៖ «​ខ្ញុំ​ញ៉ាំ​របស់​ពី​ឡាន​ដឹក​ផ្លែ​ឈើ​រលួយៗ​ពី​ផ្សារ​ដើម​គរ​ទៅ​បោះចោល​។ ខ្ញុំ​ញ៉ាំ​ផ្លែឈើ​ទាំង​នោះ​រាល់ថ្ងៃ ហើយ​ពេលធ្វើ​ទុក្ខ​ឈឺពោះ​អី​ក៏​ខ្ញុំ​អត់​ខ្វល់​ដែរ សំខាន់​ខ្ញុំ​បាន​ញ៉ាំ​របស់​នោះ​ឆ្ងាញ់​»​។

​ក្នុងនាម​ជា​គំរូ​ម្នាក់ អង្គការ CCF ចង់ឱ្យ​កញ្ញា​ចូលរួម​ការងារ​បញ្ចុះ​បញ្ចូល​កុមារ​ដទៃ ដែល​កំពុង​សិក្សា​នៅ​សាលា​របស់​អង្គការ កុំ​បោះបង់​ការសិក្សា ដែល​លោក​ស្កុ​ត នី​សុន ក៏មាន​ការបារម្ភ​ចំពោះ​អត្រា​បោះ​បង់​ការសិក្សា​នេះ​ផងដែរ​។

​កញ្ញា សុ​ភី ឱ្យដឹងថា កញ្ញា​បានទទួល​ដំណឹង​ពី ស្កុ​ត ដែល​ស្នើឱ្យ​កញ្ញា​ជួយ​និយាយ​បញ្ចុះ​បញ្ចូល​ពួកគេ​កុំឱ្យ​ឈប់រៀន​។ ដោយសារ​កញ្ញា​កំពុងតែ​នៅ​បរទេស​នៅឡើយ កញ្ញា​បាន​ផលិត​ជា​វីដេអូ​ផ្ញើ​ទៅ​ដាក់​បញ្ចាំង​នៅ​សាលា​ដើម្បី​ផ្ដល់​ការលើក​ទឹកចិត្ដដ​ល់​សិស្ស​ប្អូន​បន្ដ​តស៊ូ​នឹង​ការសិក្សា​។

​កញ្ញា​ សុ​ភី ដែលមាន​បំណង​ចង់​បើក​អាជីវកម្ម​ជាមួយ​មិ​ត្ដ​ភក្ដិ​ពេល​ត្រឡប់មក​មាតុប្រទេស​វិញប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​តាម​ខ្ញុំ​ដឹង ភាគច្រើន​ក្មេងៗ​ទាំងនោះ ឈប់រៀន ដោយ​សារ​ពួកគាត់​ត្រូវការ​លុយ​ជួយ​គ្រួសារ​»៕