ភ្នំពេញៈក្រសួងយុត្តិធម៌ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ បានថ្លែង ដោយបានច្រានចោលជាថ្មីទៀត ក្រោយពីមានការអំពាវនាវឱ្យមានការដោះលែងជនត្រូវចោទ ៩ នាក់នៃសហជីពណាហ្គាវើលដ៍ ដែលកំពុងជាប់ឃុំពីបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានថ្លែងអះអាងថា សេចក្តីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ដែលមានចំណងជើងថា “កម្ពុជា៖ មេដឹកនាំការងារ សកម្មជនប្រឈមនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន” បានបង្ហាញនូវភាពលម្អៀង មានចិត្តគុំកួនលើរដ្ឋាភិបាលកម្ពុជា ដោយគ្មានមូលដ្ឋានជាក់លាក់។
គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW នៅថ្ងៃទី១៤ មីនា នោះ បានស្នើឱ្យដោះលែង កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើលដ៏ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយទម្លាក់ចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើកញ្ញា និងសមាជិកសហជីព ៨នាក់ផ្សេងទៀត។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែមីនា បានបន្តសវនាការលើកទី៣លើសំណុំរឿងរបស់មេសហជីព និងក្រុមកូដករណាហ្គាវើលដ៍ ៩នាក់ ជុំវិញបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលក្រុមកូដករណាហ្គាវើលដ៍ទាំង ៩ នាក់នោះ រួមមាន កញ្ញា ឈឹម ស៊ីថរ កញ្ញា ឈឹម សុខន លោកស្រី ឃ្លាំង សុបិន្ត លោកស្រី រី សុវណ្ណឌី និងកូដករមួយចំនួនទៀតដែលជាសមាជិកសហជីព LRSU នៃកាស៊ីណូណាហ្គាវើលដ៍។
លោកជិន ម៉ាលីន ថ្លែងថា៖«រឿង(ជនត្រូវចោទ)នេះពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវច្បាប់ ដំណើរការនីតិវិធីរបស់តុលាការ…(ដែលត្រូវទាមទារឱ្យ)មានការចូលរួមជាមួយនីតិវិធីតុលាការ បង្ហាញភ័ស្តុតាងមូលដ្ឋាន សក្ខីកម្មរឹងមាំ ក្នុងការដោះបន្ទុកក្នុងផ្លូវតុលាការ ទើបជាមធ្យោបាយ»។
លោកអះអាងទៀតថា៖ «(ជនត្រូវចោទ)បានដើរហួសបន្ទាត់ក្នុងយន្តការដោះស្រាយតាមយន្តការវិវាទការងារទៅហើយ ដែលឈានទៅដល់ការប្រព្រឹត្តអំពើបទល្មើសដែលច្បាប់បានបញ្ញត្ត ហើយត្រូវដោះស្រាយតាមយន្តការតុលាការឱ្យខាងតែបាន ដែលមិនអាចយកសន្ធិសញ្ញា អនុសញ្ញាជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្សមកដោះស្រាយបាននោះទេ»។
ទោះយ៉ាងណាក៏ដោយ លោក Phil Robertson តំណាងតំបន់អាស៊ីនៃអង្គការ HRW បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា អាជ្ញាធរកម្ពុជាកំពុងតែរំលោភលើប្រព័ន្ធយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ ដោយដាក់គោលដៅលើមេសហជីព និងសកម្មជនការពារសិទ្ធិការងារផ្សេងៗទៀត ដូចជាកញ្ញា ឈឹម ស៊ីថរ និងអ្នកតស៊ូមតិ ដើម្បីសិទ្ធិការងារដទៃទៀត កំពុងប្រឈមនឹងយុទ្ធនាការប្រឆាំងមកលើពួកគេកាន់តែខ្លាំងឡើងពីអាជ្ញាធរកម្ពុជា ស្របពេលដែលលម្ហសង្គមស៊ីវិលនៅកម្ពុជាកាន់តែរួមតូចទៅៗ នៅមុនពេលបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រខែកក្កដាមកដល់។
យ៉ាងណាមិញ លោកហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា តុលាការមានបទចោទដ៏ច្បាស់លាស់ ដែលលោកអំពាវនាវឱ្យត្រួតពិនិត្យមើលអង្គហេតុ និងបទចោទ ទាំងនោះឱ្យបានស៊ីជម្រៅ ដោយមិនត្រូវយកបុគ្គលិកលក្ខណៈ តួនាទីរបស់បុគ្គលដែលត្រូវបានចោទ មកត្រួតពិនិត្យឡើយ ដែលនាំឱ្យមានភាពលម្អៀង។
គួររំឭកថា កញ្ញាឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា៕