ភ្នំពេញៈ តំណាងនៃ​កម្មវិធី​ស្បៀងអាហារ​ពិភពនៅកម្ពុជា​លោកស្រី គ្លែ​រ កូ​ណាន់ បានបង្ហាញ​នូវ​សេចក្តី​រីករាយ និង​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្តេជ្ញាចិត្ត​ទទួលយក និង​ដាក់ឱ្យអនុវត្ត​នូវ​កម្មវិធី​ផ្តល់​អាហារ​ដល់​កុមារ​នៅតាម​សាលារៀន​។​


​លោកស្រី ​បាន​ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី​១៥ ខែមីនា បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ​សម្រេច​ដាក់​អនុវត្ត​នូវ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ និងបាន​ត្រៀម​ថវិកា​ជាង ៤លាន​ដុល្លារ សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​២០២៣​។​


ការដាក់​អនុវត្ត​កម្មវិធី​នេះ​ក្នុង​គោលបំណង​លើកកម្ពស់​អាហារូបត្ថម្ភ និង​ការសិក្សា​របស់​កុមារ​ក្នុង​តំបន់​ក្រីក្រ និង​ភាព​ងាយ​រងគ្រោះ​ខ្ពស់ ព្រមទាំង​រួមចំណែក​បង្កើន​ផលិតភាព​ស្បៀង​ផងដែរ​។​

​លោកស្រី គ្លែ​រ កូ​ណាន់ បាន​ប្រាប់​ឱ្យដឹងថា៖ «​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្តេជ្ញាចិត្ត​ទទួលយក​កម្មវិធី​នេះ ដែល​បច្ចុប្បន្ននេះ សាលារៀន​ប្រមាណ​ជា​៤០ ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កម្ពុជា ដោយបាន​ចំណាយ​ថវិកា​ប្រមាណ​ជិត ៥លាន​ដុល្លារ​សម្រាប់​ផ្តល់​អាហារ​ដល់​កុមារ​តាម​សាលារៀន​នៅ​ឆ្នាំនេះ បើ​ប្រៀបធៀប​គឺមាន​ការកើនឡើង​ជិត ៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២២»​។​


​ កម្មវិធី​ផ្តល់​អាហារ​សាលារៀន ត្រូវបាន​ចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ១៩៩៩​ ដោយបាន​ផ្តល់ឱ្យ​កុមារ​តាម​សាលា​នូវ​អាហារ​ដែលមាន​សុខភាព​ល្អជា​រៀងរាល់​ព្រឹក​។​

​លោកស្រី គ្លែ​រ កូ​ណាន់ បានឱ្យដឹងថា ការផ្តល់​អាហារ​តាម​សាលា​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​ទាក់ទាញ និង​ធ្វើឱ្យ​កុមារ​នាំគ្នា​ចូលចិត្ត​មក​សាលារៀន​, ជួយ​ឱ្យ​កុមារ​ទទួលបាន​នូវ​សារជាតិ​ចិញ្ចឹម និង​មីក្រូ​សារជាតិ​សមស្រប​សម្រាប់​ពួកគេ​អាច​ផ្តោតលើ​ការសិក្សា​របស់​ពួកគេ​បានល្អ​។​

លោក​ស្រី ថ្លែងថា សារៈប្រយោជន៍​មួយទៀត​ដែល​កុមារ​ទទួលបាន​ពី​កម្មវិធី​នេះ គឺ​ការរួមចំណែក​ដល់​កិច្ច​គាំពារ​សង្គម ព្រោះ​វា​ជួយ​សម្រួល​ដល់​គ្រួសារ​ឱ្យមាន​ភាព​ធូរស្រាល​ក្នុងការ​ផ្តល់​អាហារ​១ពេល​ជា​រៀងរាល់ថ្ងៃ​ដល់​កូនៗ​របស់​ពួកគេ​។​

​លោកស្រី​បន្ថែមថា៖ «​ជាងនេះទៅទៀត កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ គឺជា​គំរូ​ថ្មី​១ទៀត​ដែល​ជួយ​ជំ​រុញឱ្យ​សេដ្ឋកិច្ច​ក្នុងស្រុក និង​កសិករ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​មកកាន់​ទីផ្សារ​មាន​ភាពល្អប្រសើរ​ផងដែរ​»​។​

​ លោកស្រី គ្លែ​រ កូ​ណាន់ ថ្លែងថា បច្ចុប្បន្ននេះ មាន​សិស្ស​ដែល​ត្រៀម​ចូលរៀន​កម្រិត​បឋមសិក្សា និង​សិស្ស​ក្នុង​កម្រិត​បឋមសិក្សា​ជាង ២៩០ ០០០ នាក់​នៅក្នុង​សាលា​ចំនួន ១ ១១៣ សាលា នៅ​ទូទាំង ១០ ខេត្ត ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​អាហារូបត្ថម ដែល​សាលារៀន​ទាំងនេះ ត្រូវបាន​ជ្រើសរើស​ដោយ​ផ្អែកលើ​សូចនាករ​នៃ​ភាពក្រីក្រ​, សន្តិសុខ​ស្បៀងអាហារ​អាហារូបត្ថម្ភ និង​ការអប់រំ​។​

​លោកស្រី​បាន​បញ្ជាក់ថា៖ «​នៅ​ថ្ងៃ​អនាគត យើង​ចង់ឃើញ​កុមារ​កម្ពុជា​គ្រប់រូប​ទទួលទាន​អាហារ​ដែលមាន​សុខ​ភាពល្អ​នៅតាម​សាលារៀន​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ ហើយ​យើង​សង្ឃឹមថា​កម្មវិធី​អាហារ​បំប៉ន​នៅ​សាលា​ជាតិ​នឹង​កាន់តែ​មានការ​ពង្រីក​ប​ន្ថែ​ម​ទៀត​»​។​

​ ក្រសួង​អប់រំ យុវជន និង​កីឡា និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បានធ្វើ​សិក្ខាសាលា​ទូទាំងប្រទេស​កាលពី​ខែមករា ​ឆ្នាំ​២០២៣​ ហើយ​បាន​ព្រមព្រៀងគ្នា​ក្នុង​ការកសាង​ចក្ខុវិស័យ​ឆ្ពោះទៅរក​ការពង្រីក​កម្មវិធី​ជាតិ​ដែល​អាច​កើតមាន​នាពេល​អនាគត ទាំង​ក្នុង​មូលដ្ឋាន ក៏ដូចជា​អនុវិទ្យាល័យ នៅពេល​ដែលមាន​ធនធាន និង​សមត្ថភាព​ក្នុងការ​អនុវត្ត​កម្មវិធី​នេះ​។​

​ លោកស្រី គ្លែ​រ កូ​ណាន់ ថ្លែងថា តាម​តួលេខ​ចុងក្រោយ​បានបង្ហាញ​ថា ក្នុង​ឆ្នាំ ២០២២​អត្រា​បោះបង់​ការសិក្សា​មាន​ចំនួន ១,៦២% ដែល​អត្រា​នៃ​ការថយចុះ មាន ៣, ៤២% បើ​ធៀប​ទៅនឹង​តួលេខ​ឆ្នាំ ២០១៩​បើទោះបីជា​ផលប៉ះពាល់​ដ៏​យូរអង្វែង​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​និង​វិបត្តិ​ស្បៀងអាហារ​/​ជី​/​ប្រេងឥន្ធនៈ​សកល​ក៏ដោយ​។​

​លោកស្រី គ្លែ​រ កូ​ណាន់ បាន​ប្រាប់ថា៖ «​យើង​ជឿថា​ អាហារ​នៅតាម​សាលា រួមជាមួយ​នឹង​ការអន្តរាគមន៍​ផ្សេងទៀត នឹង​ជួយ​លើកទឹកចិត្ត​ឪពុកម្តាយ​ឱ្យ​បញ្ជូន​កូនៗ​របស់​ពួកគេ ទៅ​សាលារៀន​កាន់តែច្រើន​»​។​

​ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​នូវ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ កាលពី​ថ្ងៃទី​១៣ ខែមីនា ដែល​អនុក្រឹត្យ​នេះ​មាន​១០​ជំពូក និង​៣១​មាត្រា ដោយ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​អាហារូបត្ថម្ភ និង​ការសិក្សា​របស់​កុមារ​ក្នុង​តំបន់​ក្រីក្រ និង​ភាព​ងាយ​រងគ្រោះ​ខ្ពស់ ព្រមទាំង​រួមចំណែក​បង្កើន​ផលិតភាព​ស្បៀង​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុ​វាចា បានឱ្យដឹង​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ថា អាហារូបត្ថម្ភ​ល្អ ចូលរួម​លើកកម្ពស់​គុណភាព​រៀន និង​បង្រៀន ថែមទាំង​បណ្តាល​ឱ្យ​គុណភាព​ជីវិត​រឹតតែ​ប្រសើរ ហើយ​ក្រសួង​ស្វាគមន៍​ចំពោះ​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​លើកកម្ពស់​អាហារូបត្ថម្ភ និង​សុខភាព​សិក្សា​របស់​អ្នកសិក្សា និង​ភាគី​ពាក់ព័ន្ធ​តាមរយ​:​គ្រប់​រូបភាព​។​

​ សូម​ជម្រាប​ផងដែរ​ថា កសិផល​ក្នុង​សហគមន៍​សំដៅ​ដល់​ផលិតផល​ក្នុង​សហគមន៍ ដែលមាន​ដូចជា អង្ករ សាច់ ត្រី ស៊ុត ទឹកដោះ​សត្វ បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ ចំណីអាហារ​ដែល​បញ្ចូល​មីក្រូ​សារជាតិ​ជាដើម ដែលមាន​ប្រភពពី​ផលិតកម្ម​ដំបូង សម្រាប់​ផ្គត់ផ្គង់​នៅតាម​សាលារៀន​សាធារណៈ​៕