​ភ្នំពេញៈ​ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២៣​ បានចេញ​របាយការណ៍ស្ដីពី​ការចាប់ និង​បណ្ដេញ​ជនបរទេស​ខុសច្បាប់ ប្រមាណ​ជិត ៦ ០០០ នាក់ ចេញពី​ប្រទេស​កម្ពុជា ខណៈ​ជនបរទេស​ចំនួន​ ១ ៦១២​ នាក់​ផ្សេងទៀត ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​នៅ​កម្ពុជា​។


​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២ និង​លើក​​ទិសដៅ​អនុវត្ត​ឆ្នាំ ​២០២៣ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៤ មីនា លោក កែវ វណ្ណ​ថន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០២២ កម្លាំង​នគរ​​បាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចាប់​និង​បណ្ដេញ​ជនបរទេស​ចំនួន ​៥ ៨២៥ ​នាក់ ចេញពី​ប្រទេស​កម្ពុជា បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ថា ពួកគេ​បាន​លួច​ចូលមក​ស្នាក់​នៅ និង​បម្រើ​ការងារ​នៅ​កម្ពុជា​ដោយ​ខុសច្បាប់​ក្នុងនោះ​មាន​ជនជាតិ​ថៃ ចិន និង​វៀតណាម មាន​ចំនួន​ច្រើនជាងគេ​។​

​លោក​បញ្ជាក់ថា​៖ «​ជនបរទេស​ទាំងនោះ​ភាគច្រើន​ត្រូវបាន​ក្រុម​សមត្ថកិច្ច​នគរបាល​ជំនាញ ស្រាវជ្រាវ​និង​បង្ក្រាបបាន​ពី​តាម​កន្លែង​ដែល​ពួកគេ​កំពុងធ្វើការ​ងារ ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ ដូចជា​នៅតាម​ការដ្ឋាន​សំណង់ ក្លិប​កម្សាន្ត និង​បន​ល្បែង​មួយ​ចំនួន​នៅ​កម្ពុជា​។ ពួកគេ​បាន​លួច​ចូលមក​កម្ពុជា តាម​ច្រក​របៀង​ដោយ​ខុសច្បាប់​»​។​

​លោក​បន្ថែមថា ក្រៅពីនេះ ក៏មាន​ជនបរទេស​ចំនួន ​១ ៦១២ ​នាក់ [៤៥​ សញ្ជាតិ​] ក្នុងនោះ​មាន​ជនជាតិ​វៀតណាម ចិន និង​ថៃ​ច្រើនជាងគេ ត្រូវបាន​តុលាការ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធ​នា​​គារ​នៅ​កម្ពុជា ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ ដូចជា​បទល្មើស​ឃាត​កម្ម គ្រឿងញៀន​... និង​ចាប់​ជំរិត​។ ដោយឡែក​ជនបរទេស​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​ផ្សេងៗ​មាន​ ២៨២ ​នាក់ ក្នុងនោះ​ស្លាប់​ ២២៣ ​នាក់​។​


​បើតាម​លោក វណ្ណ​ថន នៅពេលនេះ ក្រុមមន្ត្រី​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កំពុង​បន្ត​ស្រាវ​ជ្រាវ និង​តាម​ចាប់​ជនបរទេស ដែល​កំពុង​លាក់ខ្លួន​និង​បម្រើការ​ងារ​ដោយ​ខុសច្បាប់ ឬ​ប្រព្រឹត្ត​បទល្មើស​នានា​ប្រឆាំងនឹង​ច្បាប់​នៅ​កម្ពុជា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឱ្យ​តុលាការ​ចាត់វិធានការ​ទៅតាម​ច្បាប់​។​


​ទាក់ទិន​រឿងនេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា​ ថ្លែងថា លទ្ធផល​ដែល​អាជ្ញាធរ​អន្តោប្រវេសន៍​ធ្វើការ​បង្ក្រាបបាន​ទាំងនេះ គឺ​វា​អាច​គ្រាន់តែ​ជា​ចំណែក​មួយ​ប៉ុណ្ណោះ​។ លោក​ថា​វា​អាច​នឹងមាន​ចំនួន​ជនបរទេស​ស្នាក់នៅ​ខុសច្បាប់​ច្រើន​ជាងនេះទៅទៀត​។

​ទោះបីជា​យ៉ាងណា លោក​ ស៊ឹង សែន​ករុណា សូមឱ្យ​អាជ្ញាធរ​អន្តោប្រវេសន៍​ត្រូវ​ជំរុញ​និង​បន្ត​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ប្រកប​ដោយ​ភាពត្រឹមត្រូវ និង​សូមកុំ​ឱ្យមាន​ការរើសអើង​ទៅលើ​ជាតិ​សាសន៍​ណាមួយ​។

​លោក​បញ្ជាក់ថា​៖​ «​យើង​ចង់ឱ្យមាន​ការជំរុញ​និង​មានការ​ខិតខំ​អនុវត្ត​ឱ្យបាន​កាន់តែ​ល្អជា​បន្តទៅទៀត ទោះបីជា​ចំនួន​ហ្នឹង​ក្នុង​កម្រិត​ណាមួយ​ក៏ដោយ ក៏​ប៉ុន្តែ​យើង​សុំឱ្យ​បន្ត​បំពេញ​នូវ​តួនាទី​ហ្នឹង​ឱ្យ​កាន់តែ​សកម្ម និង​កាន់តែ​ល្អប្រសើរ​ថែមទៀត​»​ បន្ថែម​ពីនេះ លោក ណុប វី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​បាន​ថ្លែងថា ក្នុង​ដំណើរការ​ការងារ​គ្រប់គ្រង​ការ​ចេញ​ចូល​ប្រទេស របស់​ជន​បរទេស​នេះ មន្ត្រីនគរបាល​ប្រចាំ​ការ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ បាន​ត្រួតពិនិត្យ​រកឃើញ​បទល្មើស ចំនួន ៧៩២​ លើក ប្រព្រឹត្ត​ដោយ​អ្នកដំណើរ​ ១ ១៣៤ ​នាក់ ដោយបាន​ចាត់វិធានការ​ផ្អាក​ដំណើរ និង​បញ្ជូន​ត្រឡប់​ថយក្រោយ​វិញ​។

​អ្នក​ទាំងនោះ ជា​ជន​ជាតិចិន វៀតណាម ឥណ្ឌូនេស៊ី កូរ៉េ​ខាង​ត្បូង អូស្ត្រាលី បង់​ក្លា​ដែ​ស ឥណ្ឌា ថៃ អាមេរិក អង់គ្លេស តៃវ៉ាន់ សិង្ហ​បុរី ស្រីលង្កា ដា​ណឺ​ម៉ាក បារាំង បែលហ្ស៊ិក និង​ជនជាតិ​រុស្ស៊ី ជាដើម​៕