ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ក​សិ​​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក ឌិ​ត ទីណា បាន​ថ្លែងថា ក្រសួង​នឹង​ជួយ​គាំទ្រ​បន្ថែម​ក្នុង​ការរក​ដៃគូ​វិនិយោគ ព្រមទាំង​ការ​ទទួលបាន​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប​ជំរុញ​ការបង្កើត​មូល​និ​ធិ​ជួយ​ដល់​សហគមន៍​កសិកម្ម ដើម្បី​កសាង និង​ពង្រីក​ទៅតាម​ខ្សែបណ្តោយ​នៃ​ក្រុម​អ្នក​ផលិត ដើម្បី​ទទួលបាន​ប្រាក់ចំណេញ និង​និរន្តរភាព​សេដ្ឋកិច្ច ព្រមទាំង​ចូលរួម​កាត់បន្ថយ​ការ​នាំចូល​កសិផល​ពី​បរទេស​។


​លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​ការងារ​សហគមន៍​កសិក​ម្ម​ឆ្នាំ ​២០២២ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២៣ ក្រោម​ប្រធានបទ ​«​សហគមន៍​កសិកម្ម​ជា​ចលករ​នៃ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​»​ កាល​ពីថ្ងៃ​ទី​ ១៤ មីនា ឆ្នាំ​ ២០២៣​។​

​លោក​រដ្ឋមន្ត្រីថ្លែងថា សហ​គ​មន៍​កសិកម្ម​ទូទាំងប្រទេស​ពិត​ជា​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ផលិតកម្ម​កសិកម្ម ក​សិ​ពាណិជ្ជកម្ម ក​សិ​ឧស្សាហកម្ម និង​ការផ្តល់សេវា​គាំទ្រ​នានា​ដល់​ផលិតកម្ម​កសិកម្ម ពិសេស​ការ​​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា (Contract Farming)​ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កសិកម្ម​។​


​ទោះជា​យ៉ាងណា​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ត្រូវ​ពិនិត្យមើល​សហគម​ន៍ក​សិ​កម្ម​ដែលមាន​សកម្មភាព​មាន​ប្រ​យោជន៍ និង​ប្រសិទ្ធភាព ហើយ​លុបចោល​សហគមន៍​កសិក​ម្ម​ទាំងឡាយណា ដែល​មិនមាន​សកម្មភាព​។

​លោក​បានផ្តល់​អនុ​សាសន៍​ថា​៖ «​នៅក្នុង​ចំណោម​សហគមន៍​ទៀតសោត ត្រូវតែមាន​ការទុកចិត្ត​គ្នា ធ្វើការ​រួមគ្នា ដោយ​ចៀសវាង​ដាច់ខាត​ការ​​បោកប្រាស់​កេង​បន្លំ​គ្នា​ទៅវិញ​ទៅមក​។ ជាងនេះទៀត សហ​​គម​ន៍​ត្រូវមាន​ផែន​ការដាំដុះ​ច្បាស់លាស់ ស្របតាម​កិច្ចសន្យា និង​មាន​ព័ត៌មាន​ច្បាស់លាស់ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​នីមួយៗ​តាំងពី​អ្នក​ផលិត​រហូត​ទីផ្សារ​»​។


​លោក យ៉ង សាំង​កុមារ រដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១៥ មីនា ថា លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ការ​ងារ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​ជាមួយ​មន្ទីរ​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ពិភាក្សា​ការ​​ធ្វើ​ធុរកិច្ច​កសិកម្ម​ដោយ​ផ្តោតលើ​ការពង្រឹង​ការគាំទ្រ​ដល់​សហ​គម​ន៍​កសិកម្ម​លើ​បញ្ហា​ទីផ្សារ​។​ចំពោះ​ការជួយ​ដល់​សហគមន៍​កសិកម្ម​ឱ្យទទួល​បាន​កម្ចី​មានការ​ប្រាក់​ទាប​វិញ បច្ចុប្បន្ន ក្រសួង​កំពុង​គិតគូរ​លើ​បញ្ហា​នេះ​។​

​លោក​បញ្ជាក់ថា​៖ «​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ក្រសួង​ត្រូវ​ពង្រឹងសមត្ថភាព​សហគម​ន៍​ជាមុនសិន ដូចជា​ការជំរុញ​ឱ្យមាន​ផែនការ​ទីផ្សារ​ច្បាស់លាស់ តាមរយៈ​ការ​​អនុវត្ត​កិច្ចសន្យា​ទីផ្សារ ដើម្បី​កសាង​ទំនុកចិត្ត​ដល់​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ ដែល​បានផ្តល់​កម្ចី​។ ក្រសួង​កំពុងធ្វើការ​វាយតម្លៃ​ឡើង​វិញ ដើម្បី​ពង្រឹង​សហគមន៍​ដែល​នៅ​ខ្សោយ​ឱ្យ​ខ្លាំង ដោយ​ប​ច្ចុ​​ប្បន្ន​យើង​សង្កេតឃើញថា សហ​គម​ន៍​ដែលមាន​សក្តានុពល​ខ្លាំង​មាន​ប្រមាណ​ជាង​ ១០​ ភាគ​​រយ មធ្យម​ជាង ​៧០ ​ភាគរយ និង​សហគមន៍​មាន​សក្តានុពល​ទាប​មាន​ត្រឹម​ប្រហែល ​១០​ ភាគរយ​»​។​

​លោក ប៉ាត សាវឿន ប្រធាន​សហគមន៍​ឃុំ​អូរ​សារាយ នៅ​ខេត្តតាកែវ បាន​ប្រាប់​ឱ្យដឹងថា កន្លងទៅ​សហគមន៍ តែងតែ​ទៅ​ស្នើសុំ​កម្ចី​ពី​ធនាគារ​ពា​ណិ​ជ្ច ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ និង​មាន​តម្រូវការ​ឯកសារ​ធានា​ច្រើន ថែមទាំង​តម្រូវការ​ទ្រព្យ​ធានា ដែល​សហគមន៍​មិនអាច​បំពេញ​លក្ខខណ្ឌ​ទាំងនេះ​បាន​នៅឡើយ​។​

​លោក​បញ្ជាក់ថា​៖ «​កង្វះ​ទុន គឺជា​បញ្ហា​ដ៏​សំខាន់​មួយ​សម្រាប់​សហគមន៍ ជាពិសេស​នៅពេល​រដូវ​ប្រមូល​ផល​ម្តងៗ ដោយ​សមាជិក​របស់​ស​ហគ​មន៍​ត្រូវ​ការ​លុយ​បង្វិល​ភ្លាមៗ សម្រាប់​ទូទាត់​ការចំណាយ​ថ្លៃដើម​របស់គាត់​។ ដូចនេះ បើសិនជា​មានការ​សម្របសម្រួល​ពី​ក្រសួង​លើ​បញ្ហា​កម្ចី​ឥណទាន​នេះ យើង​រំពឹងថា សហគមន៍​នឹង​ទទួលបាន​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប មាន​លក្ខខណ្ឌ​ងាយស្រួល ដើម្បី​យកមកប្រើ​ប្រាស់​សម្រាប់​ប្រមូល​ទិញ​កសិផល​របស់​កសិក​រ​យើង នៅ​រដូវ​ប្រមូល​ផល​»​។​

​សូម​ជម្រាបជូន​ថា សហគមន៍​កសិកម្ម​ចាប់ផ្តើម​បង្កើតឡើង​នៅ​ឆ្នាំ​ ២០០៣ ដោយពេល​ចាប់ផ្តើម​មានតែ​ ១​ សហគមន៍​ប៉ុណ្ណោះ​។ រហូតមកដល់​ឆ្នាំ​ ២០២៣ ​នេះ​ចំនួន​សហគម​ន៍ក​សិ​កម្ម​នៅតាម​បណ្តា​រាជធានី ខេត្ត​ទាំង​ ២៥ បាន​កើន​ឡើងដល់​ចំនួន​ ១ ២៥១​សហគមន៍ ដែលមាន​សមាជិក​សរុប ១៧០ ២០៨​ នាក់ ក្នុងនោះ​ស្ត្រី​មាន​ ១០៧ ៣៨០​ នាក់ មាន​ភាគហ៊ុន​សរុប​ប្រមាណ ១២,៨​លាន​​ដុល្លារ និង​ដើមទុន​សរុប​ជាង ២៦​ លាន​ដុល្លារ​។

​ចំពោះ​មុខរបរ​សំខាន់ៗ​របស់​សហគមន៍​កសិក​ម្ម​មានដូចជា ការធ្វើ​ផលិតកម្ម​កសិកម្ម ការ​ធ្វើក​សិ​ពាណិជ្ជកម្ម ក​សិ​ឧស្សាហកម្ម និង​ការផ្តល់​សេវាកម្ម​គាំទ្រ​ដល់​ផលិតកម្ម​កសិកម្ម ដោយ​ក្នុងនោះ មានមុខ​ដំណាំ​សំខាន់ៗ​ដូចជា​ដំណាំ​ស្រូវ​និង​ការផលិត​ស្រូវពូជ បន្លែ ស្វាយកែវ​រមៀត ម្រេច មៀន​ប៉ៃ​លិ​ន ពោត ស្វាយចន្ទី និង​ដំឡូង​មី​ជាដើម​៕

វីដេអូ៖