ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង ដោយបានផ្តល់គំនិតបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយការចរចា ព្រោះមិនអាចបញ្ចប់សង្គ្រាមដោយប្រើសង្គ្រាមបានឡើយ ហើយបានលើកជាឧទាហរណ៍ពីប្រវត្តិសាស្ត្រនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបញ្ចប់តាមរយៈការចរចាតែប៉ុណ្ណោះ មិនអាចបញ្ចប់ដោយការច្បាំងគ្នានោះទេ។ នេះបើយោងតាមសាររបស់លោកថ្លែងក្នុងពិធីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣។


នាឱកាសនោះផងដែរលោក ហ៊ុន សែន បានលើកឡើងពីវិបត្តិដែលកើតចេញពីការប្រណាំងប្រជែងរបស់ក្រុមប្រទេសមហាអំណាច ដែលធ្វើឱ្យខូចខាតដល់សណ្តាប់ធ្នាប់ពិភពលោក និងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ធម្មាធិបតេយ្យនិយមអន្តរជាតិ។ ជាដំណោះស្រាយសម្រាប់វិបត្តិទាំងនេះ គេទាមទារជាចាំបាច់នូវការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពធម្មនុញ្ញ និងគោលការណ៍អង្គការសហប្រជាជាតិ ព្រមទាំងលើកកម្ពស់យន្តការអន្តរជាតិ។

លោកហ៊ុន សែន បានថ្លែងថា៖ «ចំពោះបញ្ហាសង្គ្រាម កម្ពុជា មានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ដែលអាចចងក្រងជាប្រវត្តិសាស្ត្រ ហើយជាការពិត សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ។ ក្នុងន័យនេះមានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិគ្រោះយោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសុខសន្តិភាពប្រកបដោយចីរភាព"។

សូមរំឭកថា កាលពីដើមឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានក្រើនរំឭកជំរុញឱ្យគូភាគីសង្គ្រាមក្នុងវិបត្តិរុស្ស៊ី-អ៊ុយក្រែន ចូលតុចរចាដើម្បីបញ្ចប់សង្គ្រាមផងដែរ ដោយមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមនោះទេ។


លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា យន្តការចរចាបញ្ចប់សង្គ្រាមជារឿងសំខាន់ចាំបាច់ ដោយឈរលើគោលការណ៍ច្បាប់ជាលិខិតូបករណ៍ ហើយគេតែងឃើញមាននៅគ្រប់សង្គ្រាម ដោយគេមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមឡើយ។


លោក គិន ភា ថ្លែងថា៖ «ក្នុងវិបត្តិរុស្ស៊ី-អ៊ុយក្រែននេះ ខ្ញុំគិតថា ការចរចានៅតែជារឿងសំខាន់ តែនៅក្នុងកាលៈទេសៈបច្ចុប្បន្ន ខ្ញុំយល់ថា ភាគីទាំង២ ភ្លាមៗមិនអាចវិលទៅរកតុចរចាឡើយ ដោយសារភាគីនីមួយៗកំពុងដណ្តើមប្រៀបគ្នា នៅក្នុងសមរភូមិសង្គ្រាម ឬសង្គ្រាមក្តៅសិន ទើបនៅថ្ងៃមុខអាចឈានរកការចរចាជាក្រោយ»។

លោក អះអាងថា ក្នុងវិបត្តិរុស្ស៊ី-អ៊ុយក្រែននេះ នៅទឹកចុងក្រោយប្រាកដជាមិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមឡើយ ដែលត្រូវតែបញ្ចប់ដោយការចរចាដោយសន្តិវិធី គ្រាន់តែក្នុងកាលៈទេសៈសព្វថ្ងៃ គូបដិបក្ខទាំងសងខាងបង្ហាញកម្លាំងដាក់គ្នា ដើម្បីរកឃើញតុល្យភាពក្នុងតុចរចានៅថ្ងៃក្រោយប៉ុណ្ណោះ។

លោក រ៉ូ វណ្ណៈ អ្នកសិក្សាផ្នែកភូមិសាស្ត្រនយោបាយ ថ្លែងថា ការចរចា ហាក់មិនអាចកើតឡើងបាន ដោយសារមហិច្ចតារបស់ពូទីន ចង់កសាងចក្រភពរុស្ស៊ីឡើងវិញ និងការទប់ស្កាត់ការរីករាលដាលនៃឥទ្ធិពលណាតូ(NATO) ដែលរុស្ស៊ីចាត់ទុកថា ជាការមិនអាចទទួលយកបាន និងជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី។

លោក ថ្លែងថា៖ «រីឯអ៊ុយក្រែនវិញ មិនអាចបោះបង់ចោលឱកាសក្នុងការវាយបកកាន់កាប់ទឹកដីដែលបាត់បង់ពីមុនឡើយ ព្រោះអ៊ុយក្រែនមានប្រៀបក្នុងសមរភូមិសឹក បូករួមនឹងសហរដ្ឋអាមេរិក ប្តេជ្ញាត្រូវធ្វើឱ្យរុស្ស៊ីខ្សោះឈាម និងចាញ់សង្គ្រាមនៅអ៊ុយក្រែន ដើម្បីរុស្ស៊ីបាត់បង់កិត្យានុភាពជាមហាអំណាច (ដូច្នេះ)ការចរចាមិនអាចមានពន្លឺបានឡើយ ក្នុងស្ថានភាពបច្ចុប្បន្ន និងទៅខាងមុខដ៏ខ្លី ដោយសារទាំងភាគីអ៊ុយក្រែន និងរុស្ស៊ី មានគោលដៅនិងវត្ថុបំណងផ្សេងៗពីគ្នា ដែលពិបាកយកទៅចរចាបញ្ចប់សង្គ្រាម»៕