ភ្នំពេញៈ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានណែនាំ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការងារ​សមភាព​យេនឌ័រ ដោយ​បង្កើន​សមាសភាព​មន្ត្រី​ជាស្ត្រី​យ៉ាងតិច ២ នាក់ នៅក្នុង​អង្គភាព​ក្រោម​ចំណុះ​របស់​ខ្លួន។


លោក​លើកឡើង​ថា នាពេល​បច្ចុប្បន្ន សូម្បី​តែអភិបាល​រង​ខេត្ត ក៏ត្រូវបាន​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ឱ្យមាន​ស្ត្រី​យ៉ាង​តិច ២ នាក់​ផងដែរ។

លោក​ឧបនាយក​រដ្ឋមន្ត្រី បានធ្វើ​ការណែនាំ​បែបនេះ កាលពី​ថ្ងៃ​ទី១៦ មីនា ក្នុងពេល​ដែលលោក​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លងផែនការ​សកម្មភាព​ឆ្នាំ២០២៣ របស់​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។ នេះ​បើយោង​តាម​ផេកហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ។


នៅក្នុងកិច្ច​ប្រជុំ​នេះ នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា បានធ្វើ​សេចក្តី​រាយការណ៍ ពី​ដំណើរការ​នៃការរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ២០២៣ របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ថា ផែនការ​សកម្មភាព​នេះ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ៥ ឆ្នាំ (២០១៩-២០២៣) និង​ផែនការ​យុទ្ធសាស្រ្ត​បណ្តា​ឆ្នាំ​កន្លងទៅ​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា។

ផែនការនេះ​រៀបចំ​ឡើង​ក្នុងគោលបំណង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ដឹកនាំ និង​គ្រប់គ្រង​លើក​កម្ពស់​សមត្ថភាព បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ឱ្យ​ក្លាយជា​ស្ថាប័ន​ដែលមាន​លក្ខណសម្បត្តិ​សមស្រប​តាម​ស្តង់ដា​គុណភាព លើកកម្ពស់​គុណភាព​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល។


លោក​បញ្ជាក់​ថា ផែនការ​នេះ ក៏នឹង​លើកកម្ពស់​គុណភាព និង​សមត្ថភាព​វិជ្ជាជីវៈ​មន្ត្រី​នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ​ឱ្យក្លាយជា​កងកម្លាំង​សហការ និង​កម្លាំង​ស្នូល ដែលមាន​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈពិតប្រាកដ គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ គោរព​ប្រតិបត្តិ​ច្បាប់ គោរព​សិទ្ធិមនុស្ស មាន​ស្មារតី​ទទួល​ខុសត្រូវ​លើ​ការងារ ចេះ​ប្រើប្រាស់​ឧបករណ៍ និង​សម្ភារ​បច្ចេកទេស​ទំនើប ព្រមទាំង​បម្រើ​ប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ​បាន​ល្អ​ប្រសើរ។

បន្ថែម​ពី​នេះ លោក ស ខេង បាន​បង្ហាញ​ការជឿជាក់​ទៅលើ​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ២០២៣ របស់ បណ្ឌិត្យសភា​នគរបាល​កម្ពុជាថា អាច​សម្រេច​បាន​ជោគជ័យ ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុងការអនុវត្ត​ផែនការ​សកម្មភាព​នេះ ជាពិសេស​គឺការពង្រឹង​គុណភាព​នៃការបណ្ដុះបណ្ដាល​កង​កម្លាំង​នគរបាល​ជាតិ គ្រប់​កម្រិត​ទាំងនៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​នៅតាម​សាលា​នគរបាល​ជាតិ​ភូមិភាគ៕