សៀមរាបៈ អាជ្ញាធរ​ខេត្ត​សៀមរាប និង​ក្រុមការងារ​សាកលវិទ្យាល័យ Weseda នៃ​ប្រទេស​ជប៉ុន​នៅថ្ងៃ​ទី១៧​ខែមីនា​នេះបាន​ផ្តល់​ការហ្វឹកហាត់​ប្រើប្រាស់​ម៉ាស៊ីន​បូមទឹក​ចល័ត​សម្រាប់​មុខងារ​ពន្លត់​អគ្គិភ័យ​នៅ​បរិវេណ​តំបន់​ផាប់ស្ទី្រត និង​ផ្សារចាស់​ដល់​ជន​បង្គោល ជាមន្រ្តី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជីវករ ពលរដ្ឋ ក្នុងការ​បង្កើន​សមត្ថភាព​ចូលរួម​ជួយ​ពន្លត់​អគ្គិភ័យ​នៅពេល​កើត​មាន​ឡើង។ នេះ​បើយោង​តាម​ក្រសួង​ព័ត៌មាន។


ការហ្វឹកហាត់​នេះត្រូវបាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សាកលវិទ្យាល័យ Weseda នៃ​ប្រទេស​ជប៉ុន​បានផ្តល់​ម៉ាស៊ីន​បូមទឹក​ចល័ត​សម្រាប់​មុខងារ​ពន្លត់​អគ្គិភ័យ​ចំនួន ២ គ្រឿង និង​ដាក់​ប្រចាំ​នៅ​តំបន់​នោះ តាមរយៈ​គម្រោង​ការពារ អគ្គិភ័យ​នៅតំបន់​ផ្សារចាស់ និង​ផាប់ស្រ្ទីត ក្រុង​សៀមរាប។

តំបន់​ផ្សារចាស់ និងផាប់ស្រ្ទីត​គឺជា​តំបន់​ប្រមូល​ផ្តុំ​ភ្ញៀវ​ទេសចរ​នៅពេល​យប់​ដ៏សំខាន់​របស់​ខេត្ត​សៀមរាប ជាពិសេស​នៅពេល​មាន​កម្មវិធី​បុណ្យជាតិ​ធំៗ។ នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ខាងមុខ​នេះ ភ្ញៀវទេសចរ​នឹង​សម្រុក​មក​កម្សាន្ត​នៅទីនេះ​ច្រើន។ ហេតុនេះ​ការបង្ការ​អគ្គិភ័យ​ជាកត្តា​មួយ​ដ៏សំខាន់​ផងដែរ។


ម៉ាស៊ីន​បូមទឹក​ចល័ត​នេះ ត្រូវបាន​ដាក់​នៅពីរ គោលដៅ​គឺ នៅផ្នែក​ខាងកើត​ផ្សារចាស់ និង​ផាប់ស្រ្ទីត​ចំនួន ១ គ្រឿង និង​នៅខាង​លិច ចំនួន ១ គ្រឿង ដោយ​ម៉ាស៊ីន​មួយ​មាន​ទុយោទឹក​ចំនួន ៣០០ ម៉ែត្រ និង​បូមទឹក​ចេញ​ពី ស្ទឹង​សៀមរាប​ផ្ទាល់។

អ្នក​ប្រើប្រាស់​ម៉ាស៊ីន​នេះ គឺ​ជាសន្តិសុខ និង​អាជីវករ​នៅទីនេះ ផ្ទាល់​តែម្តង ដោយ​ពួកគាត់​ត្រូវបែង​ចែក​ជាក្រុមៗ សម្រាប់​ប្រតិបត្តិការ​ករណី​មាន អគ្គិភ័យ​កើតឡើង​ជាយថា​ហេតុ។ ពួកគាត់​អាច​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​បាន​មុន​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការនគរ​បាល​មក​ដល់ នៅពេល​ដែលមាន​អគ្គិសភ័យ​កើត​មាន​ឡើង។ នេះបើ​យោងតាម​ក្រសួងព័ត៌មាន​ដដែលនេះ៕​