JICA ផ្តល់​ការគាំទ្រ​ដល់ទី​ក្រុង​ឆ្លាត​វៃ សកម្មភាព​សម្អាត​មីន និង​សេវាកម្ម​សុខាភិបាល​

Content image - Phnom Penh Post
ទិដ្ឋភាពទូទៅនៃគំរូអគារសំណង់​របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រូប Supplied

​សៀមរាប​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣២ ឆ្នាំ​ ២០១៨ ខេត្តសៀមរាប ដែល ជាទី​ក្រុង​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​មួយ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​ជ្រើសរើស​ជាទី​ក្រុង​សាកល្បង​នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន (ASCN)​។​

JICA បាន​សហការ​ជាមួយ​រដ្ឋបាល​​ខេត្តសៀមរាប ដើម្បី​សម្រេចបាន ​«​ទីក្រុង​ឆ្លាត​វៃ​» ចាប់តាំងពី​ឆ្នាំ​ ២០២០​។ នៅ​ខែឧសភា ឆ្នាំ ២០២០ «​គម្រោង​អនុវត្ត​វិធីសាស្ត្រ​ទីក្រុង​ឆ្លាត​វៃ​សម្រាប់​ការដោះស្រាយ​បញ្ហា​ទីក្រុង​ក្នុង​ខេត្ត​សៀមរាប​» ដែលជា​គម្រោង​សហ​ប្រតិបត្តិការ​បច្ចេកទេស​របស់ JICA ត្រូវបាន​ចាប់ផ្តើម​។ «​វិធីសាស្ត្រ ទីក្រុង​ឆ្លាត​វៃ​» គឺជា​គំនិត​ដែល​ស្វែងរក​ការដោះស្រាយ​បញ្ហា​នានា​ក្នុង​ទីក្រុង​ដោយ​ប្រើ​បច្ចេកវិទ្យា​ឆ្លាត​វៃ រួមជាមួយ​ការគ្រប់គ្រង​ទីក្រុង​ដ៏​សមស្រប និង​ការជឿទុកចិត្ត​របស់​ប្រជាជន ក្នុង​ដំណើរការ​អនុវត្ត និង​ការត្រួតពិនិត្យ​/​វាយតម្លៃ​។

​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​រយៈពេល​ ៣ ​ឆ្នាំ ដើម្បី​បង្កើត​ផែនទី​បង្ហាញផ្លូវ និង​ពង្រឹងសមត្ថភាព​មន្ត្រី​ឱ្យ​ក្លាយជា «​ទីក្រុង​ឆ្លាត​វៃ​» ក្នុង​ខេត្ត​ សៀមរាប ជាមួយនឹង​ចក្ខុវិស័យ​ «​សម្រាប់​ប្រជាជន និង​អ្នកទស្សនា ជាមួយនឹង​បេតិកភណ្ឌ​អង្គរ វប្បធម៌​​ខ្មែរ និង​ធម្មជាតិ តាមរយៈ​ដំណោះ​​ស្រាយ​ដោយ​ប្រើ​បច្ចេកវិទ្យា​ឆ្លាត​វៃ និង​ឆ្ពោះទៅរក​សង្គម​ទាក់ទាញ និង​និរន្តរ​ភាព​»​។

​គម្រោង​នេះ​នឹង​អនុវត្ត​សក​​ម្ម​ភាព​សាកល្បង រួមមាន​ការត្រួត​ពិនិត្យ​កន្លែង​ចត​រថយន្ត​ខុសច្បាប់ ការកែលម្អ​ការប្រមូល​សំរាម ការធ្វើ​ឌី​​ជី​ថ​ល​នៃ​ស្ថិតិ​ទេសចរណ៍ ការតាមដាន​ឯកសារ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល ការ​ត្រួតពិនិត្យ​បរិស្ថាន​ទីក្រុង និង​ការ​សហការ​រវាង​សាធារណៈ និង​ឯកជន​សម្រាប់​វិស័យ​ទេសចរណ៍​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​មេរៀន និង​ស្វែងយល់​ពី​ផែនទី​បង្ហាញផ្លូវ​។​

​ដើម្បី​លើកកម្ពស់ «​ទីក្រុង​ឆ្លាត​វៃ​» ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ខ្លាំង​ពី​សំណាក់​សហគ្រាស រដ្ឋាភិបាល ស្ថាប័ន​អប់រំ និង​សហគមន៍​។ សហ​គ្រាស​ឯកជន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការផ្តល់សេវា ខណៈ ដែល​រដ្ឋាភិបាល​ជួយ​សម្រួល​ដល់​ដំណើរការ​ទាំងមូល រួមទាំង​ការបង្កើត​គោលនយោបាយ ច្បាប់ ផែនការ និង​ការអនុវត្ត​គម្រោង​។

​ស្ថាប័ន​អប់រំ ក៏មាន​ការរួមចំណែក​យ៉ាងរឹងមាំ និង​មាន​តួនាទី​ក្នុងការ​លើកកម្ពស់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ឆ្លាត​វៃ ការអនុវត្ត និង​ការ​ត្រួតពិនិត្យ​គម្រោង ដោយ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង និង​ក្រៅប្រទេស​។ ចុងក្រោយ ប្រជាជន គឺជា​អ្នកទទួលផល ដែល​ពួកគេ​នឹង​ទទួល​បទពិសោធន៍​ផ្ទា​ល់ពី «​ទីក្រុង​​ឆ្លាត​វៃ​»​។ គម្រោង​នេះ​នឹងចូលរួម​ចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ទីក្រុង​តាមរយៈ​ដំណើរការ​នៃ​ការ​យល់ដឹង​ពី​ទីក្រុង​ឆ្លាត និង​ឈានដល់​ការសម្រេចបាន​នូវ SDGs និង​ការលើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​ក្នុង​ខេត្តសៀមរាប​។​

​កិច្ចសហការ​លើស​កម្ម​ភាព​មីន​រវាង​ចៃ​កា និង​ស៊ីម៉ាក់

​នៅ​ពាក់កណ្តាល​ខែមករា អ្នក​ដោះ​មីន អ៊ុយ​ក្រែ​ន​ចំនួន ៨​រូប មកពី​អង្គភាព​ផ្តល់​សេវាកម្ម​រដ្ឋ​ក្នុង​គ្រា​អា​សន្ន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​បានមក​ប្រទេស​កម្ពុជា ហើយ​បាន​ចូលរួម​ការបណ្តុះបណ្តាល​លើ​ការសម្អាត​មីន​ពី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)​។ ការបណ្តុះបណ្តាល​ផ្តោតលើ​ប្រធានបទ​អំពី​ការប្រើប្រាស់​ម៉ាស៊ីនរាវមីន​ដែល​ផលិត​ដោយ​ប្រទេស​ជប៉ុន​។

Content image - Phnom Penh Post
ការចែករំលែកចំណេះដឹង​ផ្ទាល់​របស់​កម្ពុជា​ដល់​ប្រទេស​ដែល​ប៉ះពាល់​ដោយសារមីន។ រូប Supplied

​តាមរយៈ​ភាពជា​ដៃគូ នឹង​គ្នា​ដ៏​យូរអង្វែង​រវាង​ចៃ​កា និង​ស៊ីម៉ាក់​ក្នុងការ​សម្អាត​មីន ឥឡូវ CMAC បាន​ក្លាយជា​អង្គការ​នាំមុខគេ​នៅលើ​សកលលោក​ក្នុងការ​បណ្តុះ​បណ្តាល​ដល់​ប្រទេស​នានា​ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន​។ តាំងពី​ឆ្នាំ​ ២០១២ មក ស៊ីម៉ាក់​បានផ្តល់​កម្មវិធី​បណ្តុះបណ្តាល​ជាង​ ៣០ ដល់​ប្រទេស​ចំនួន​ ៥ ដែលមាន​អ្នកចូលរួម​ជាង ៦០០​ នាក់ បាន​រៀន​ពីបទ​ពិសោធន៍​របស់​ស៊ីម៉ាក់​។

JICA បច្ចុប្បន្ន បាននិងកំពុង​ជួយឧបត្ថម្ភ​ស៊ីម៉ាក់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ថែមទៀត​ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​ប្រកប​ដោយ​គុណភាព នៅក្រោម​គម្រោង​បច្ចុប្បន្ន​ដែល​ចាប់ផ្តើម​ពី​ខែតុលា ឆ្នាំ ២០២០ មក​។ កម្ពុជា​នឹង​បោសសម្អាត ចម្ការមីន​ដែល​ស្គាល់​ទាំងអស់​ឱ្យអស់​ត្រឹម​ឆ្នាំ​ ២០២៥ ក្នុងនាម​ជា​រដ្ឋ​ភាគី​មួយ​នៃ​អនុសញ្ញា​អូ​តា​វ៉ា​។ បើទោះបី​ចម្ការមីន​ទាំងអស់​ត្រូវបាន​សម្អាត​ក៏​ដោយ CMAC សង្ឃឹមថា នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចែករំលែក​នូវ​បទពិសោធន៍​ដ៏​មានតម្លៃ​របស់ខ្លួន​ដែល​នឹង​ជួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅលើ​សកលលោក​។​

​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ឱ្យមាន​ភាព​ធន់​នឹង​ជំងឺ​កូ​វីដ​ ១៩ និង​ជំងឺ​​រាតត្បាត​ផ្សេងៗ​នាពេល​អនាគត​

​ទីភ្នាក់ងារ​ចៃ​កា​បាននិងកំពុង​ធ្វើការ​ជាមួយ​សម​ភាគី​កម្ពុជា លើ​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ដើម្បី​សម្រេច​បានការ​គ្របដណ្តប់​សុខ​ភាពជា​សកល​ត្រឹម​ឆ្នាំ​ ២០៣០ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បន្ត​ជួយ​គាំទ្រ​វិស័យ​សុខា​ភិ​បាល​អស់​ជាង ៣​ ទសវត្សរ៍​មកហើយ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេក​ទេស ជំនួយឥតសំណង និង​ក្របខ័ណ្ឌ​ផ្សេងទៀត​។

​មន្ទីរពេទ្យ​ខេត្តសៀមរាប គឺជា​មន្ទីរពេទ្យ​សាធារណៈ និង​ជា​មន្ទីរពេទ្យបង្អែក​កម្រិត​ខ្ពស់​នៅ​តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ដែល​ផ្តល់​សេវា​វេជ្ជសាស្ត្រ​ពិសេស និង​ទូទៅ​។ អ្នកជំងឺ​ដែល​មក​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​នេះ មិន​ត្រឹមតែ​ជា​អ្នក​ខេត្តសៀមរាប​ប៉ុណ្ណោះ​ទេ គឺមាន​អ្នកជំងឺ​ដែល​មកពី​បណ្តា​ខេត្ត​ជិតខាង​ផងដែរ​។ ថ្មីៗ​នេះ អ្នក​ជំងឺមិនឆ្លង ​(NCDs) និង​អ្នកជំងឺ​ដែលមាន​របួស​រាងកាយ មានការ​កើនឡើង​ដោយសារ​ការឆ្លង​ជំងឺ និង​ការកើនឡើង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

​ប៉ុន្តែ​មន្ទីរពេទ្យ​មិន អាច​ផ្តល់​សេវា​វេជ្ជសាស្ត្រ​បាន​គ្រប់​គ្រាន់​នោះទេ ព្រោះ​កន្លែង​សម្រាក​ព្យាបាល និង​ឧបករណ៍​វេជ្ជសាស្ត្រ​សម្រាប់ធ្វើ​ការវិភាគ និង​ព្យាបាល​នៅមាន​កំណត់​នៅឡើយ​។ ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​តម្រូវការ​សេវា​វេជ្ជសាស្ត្រ ទីភ្នាក់ងារ​-ចៃ​កា​បាន​ផ្តល់នូវ​ជំនួយឥតសំណង លើ «​គម្រោង​កែលម្អ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​» ក្នុង​គោលបំណង​ជួយ​សាងសង់​អគារ​ថ្មី​មួយ​ដែលមាន​កម្ពស់ ៤​ ជាន់ មាន​ទំហំ​ប្រមាណ ៨,៤៥៩ ម៉ែត្រការ៉េ នៃ​ផ្ទៃដី​សរុប និង​មាន​គ្រែ​ចំនួន ២១២ រួមទាំង​គ្រែ​សម្រាប់​បន្ទប់សង្គ្រោះបន្ទាន់ (ICU) ចំនួន ​២៣ នៅ​ផ្នែក​អ្នកជំងឺ​ក្រៅ ផ្នែក​សង្គ្រោះ​បន្ទាន់ ក៏ដូចជា​ផ្នែក​វះកាត់​នៅក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។

​បន្ថែម​ពីលើ​ការសាងសង់​អគារ​ថ្មី​នេះ គម្រោង​នឹង​ផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​មួយចំនួន​បន្ថែមទៀត​ដូចជា ម៉ាស៊ីន​ស្គែ​នើ​រ (CT-Scan), ម៉ាស៊ីន​ថត​ឆ្លុះ​កាំរស្មី​អិ​ច​ចល័ត​, ម៉ាស៊ីន​តាមដាន​សភាព​អ្នកជំងឺ និង​ម៉ាស៊ីន​វិភាគ​ឧស្ម័ន​ក្នុង​ឈាម ជូន​ដល់​មន្ទីរពេទ្យ​។ លើស ពីនេះ​ទៀត គម្រោង​ក៏មាន​គោល​​បំណង​ពង្រឹងសមត្ថភាព​សេវា​វេជ្ជ​​សាស្ត្រ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំនួន​ ៤ ផ្សេងទៀត ដោយ​ផ្តល់​ជា​ឧបករណ៍​វេជ្ជសាស្ត្រ​ជា​មូលដ្ឋាន​មួយចំនួន​ផងដែរ​។ គម្រោង​នេះ​មាន​ទឹកប្រាក់​សរុប​ចំនួន ២,១៥៣​ លាន​យ៉េន​ជប៉ុន ប្រមាណ​ជា ១,៨៩៥​ លាន​ដុល្លា​អាមេរិក​។

​ការងារ​សាងសង់​មន្ទីរពេទ្យ​នេះ​បានចាប់ផ្តើម​កាលពី​ខែធ្នូ ឆ្នាំ​ ២០២១ ហើយ​រំពឹងថា​នឹងត្រូវ​បានបញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ ​២០២៣​។ ទីភ្នាក់ងារ​ចៃ​កា​សង្ឃឹមថា សេវា​វេជ្ជសាស្ត្រ និង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ដែល​នៅ​ជុំវិញ​នោះ​មាន​ភាពប្រសើរឡើង តាមរយៈ​គម្រោង​នេះ ហើយក៏​រំពឹង​ផងដែរ​ថា ​នឹង​រួមចំណែក​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDGs) ៣ និង ១១ ហើយនឹង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​គម្រោង​កែលម្អ​មន្ទីរពេទ្យ​ខេត្ត​ទៅជា​មន្ទីរពេទ្យ​ថ្នាក់​តំបន់ ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​សេវា​ថែទាំ​សុខភាព និង​សំណង់ អគារ​សុខភាព​កាន់តែ​ល្អប្រសើរ​ឡើង​នៅ​កម្រិត​អប្បបរមា ដែល​បត់បែន​ទៅនឹង​ជំងឺ​កូ​វីដ​ ១៩ និង​ជំងឺ​រាតត្បាត​ផ្សេងទៀត​នាពេល​អនាគត ក៏ដូចជា​បម្រើ​ដល់​ប្រជាជន​ទូទៅ ដើម្បី​កាត់​បន្ថយ​ភាពខុសគ្នា​ក្នុង​តំបន់​នៃ​សេវា​វេជ្ជសាស្ត្រ​កម្រិត​ខ្ពស់ និង​ការប្រមូលផ្តុំ​អ្នក​ជំងឺមិនឆ្លង (NCD) ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​មន្ទីរពេទ្យ​ថ្នាក់ជាតិ​ផងដែរ​៕

ព័ត៌មានថ្មីៗ