ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់ ត្រូវអនុវត្ត​សុវត្ថិភាព​ចរាចរណ៍ ក្នុងការ​ធ្វើដំណើរ​ដល់​សិស្សានុសិស្ស ដើម្បី​កាត់បន្ថយ​អត្រា​បាត់បង់​ធនធានមនុស្ស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​


​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី ​១៥ ខែមីនា ដែល​ចុះហត្ថលេខា ដោយ​លោក​ ហង់​ជួន ណា​រ៉ុ​ន បាន​ណែនាំ​ពី​វិធាន​មួយចំនួន ដើម្បី​ចូលរួម​គាំទ្រ និង​រួមចំណែក​អនុវត្ត​សកម្មភាព​លើកកម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក ជា​ពិ​សេស​កាត់បន្ថយ​គ្រោះថ្នាក់​ផ្លូវគោក​បន្ថែមទៀត​។​

​លោក ​ហង់​ជួន ណា​រ៉ុ​ន លើក​​ឡើង​តាមរយៈ​សេចក្តីណែនាំ​ថា សាលារៀន​ដែល​នៅជាប់​ផ្លូវ និង​មាន​ចរាចរណ៍​មមាញឹក គណៈ​កម្ម​ការ​សាលា មាន​តួនាទី​សំខាន់ ក្នុងការ​ដឹកនាំ និង​ការពារ​សិស្ស ដែល​ធ្វើដំណើរ ដោយ​រៀបចំ​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍​ផ្សេងៗ របាំង​ការពារ​នៅ​តំបន់​សិស្ស​ឆ្លងកាត់ ការកាត់បន្ថយ​ល្បឿន ឬ​បំពាក់​ឧបករណ៍​បំពង​សំឡេង ស៊ី​រ៉ែ​ន ឬ​កណ្ដឹង​រោទ៍ នៅមុខ​សាលារៀន ដើម្បី​សម្រប​សម្រួល​ចរាចរណ៍ ពេល​សិស្ស​ចេញពី​សាលារៀន​។​

​លោក​បញ្ជាក់ថា​៖ «​ត្រូវដាក់​ស្លាក​សញ្ញា ឬ​ផ្ទាំង​រូបភាព​អប់រំ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍ នៅមុខ​ក្នុង​បរិវេណ​សាលា សារ​អប់រំ​ផ្សេងៗ និង​ថែទាំ​ឱ្យ​បានល្អ​ផ្លូវ​ឆ្លងកាត់​មក​សាលារៀន ទាំង​ផ្លូវលំ ផ្លូវជាតិ និង​ផ្លូវ​ឆ្លងកាត់​ទន្លេ រួមទាំង​ការរៀបចំ​ផ្លូវ​សម្រាប់​ជនពិការ​ផងដែរ និង​កំណត់​ផ្លូវ​សម្រាប់ធ្វើ​ការជម្លៀស​សិស្ស​ពី​សាលារៀន ឱ្យមាន​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​»​។​

​ក្រសួង​អប់រំ ក៏បាន​ណែនាំ​ឱ្យ​បុគ្គល​អប់​រំជា​គំរូ​ល្អ​ក្នុង​ការប្រើ​​ប្រាស់​ផ្លូវ ដោយ​បង្ហាញ​ពី​ឥ​រិ​យា​បថ ជា​អ្នកប្រើប្រាស់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព ហើយ​និង​ណែនាំ​ដល់​សិស្សានុសិស្ស​រាល់ពេល​ធ្វើដំណើ​រ​តាម​កង់ ម៉ូតូ ឬ​រថយន្ត ត្រូវគោរព​ច្បាប់​ចរាចរណ៍ ពាក់មួក​សុវត្ថិភាព ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ និង​ប្រុងប្រយ័ត្ន​រាល់ពេល​ធ្វើដំណើរ​តាម​ដងផ្លូវ​។​


​លោក​ ហង់​ជួន ណា​រ៉ុ​ន បន្ថែមថា​៖ «​មន្ទីរអប់រំ រាជធានី ខេត្ត និង​ការិយាល័យ​អប់រំ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គណៈ​គ្រប់គ្រង​សា​លា​រៀន​គ្រប់​ភូមិ​សិក្សា បុគ្គលិក​អប់រំ អាជ្ញាធរ​ដែនដី មាតាបិតា អាណាព្យាបាល​គ្រប់រូប សូម​ចូលរួម​សហការ ផ្សព្វផ្សាយ អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​»​។​

​នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា លោក​គឹម បញ្ញា គាំទ្រ​លើ​ការណែនាំ​របស់​ក្រសួង​អប់រំ​នេះ ដោយ​​សារ​វា​ជាការ​ពង្រឹង​ឱ្យ​អនុវត្ត​សុវត្ថិភាព​ចរាចរណ៍​ក្នុងការ​​ធ្វើដំណើរ នៅតាម​គ្រឹះស្ថាន​សាធារណៈ​របស់​ក្រសួង​អប់រំ​។

​មួយវិញទៀត លោក​បញ្ញា​បញ្ជាក់ថា សិស្សានុសិស្ស ជា​ធនធានមនុស្ស​ដ៏​សំខាន់​មួយ ក្នុងចំណោម​ធនធាន​ដ៏​សំខាន់​ផ្សេងទៀត ហើយក៏​ជា​អនាគត​អ្នក​បន្តវេន សម្រាប់​ស្នង​ប្រ​​ទេស​ជាតិ​កម្ពុជា​។ ហេតុដូច្នេះ គឺ​វា​មានការ​ទាមទារ​ចាំ​ចាច់​នូវ​វិធានការ​បង្ការ និង​មានការ​​ការពារ​ដល់​ពួកគាត់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​។​

​លោក​បន្ថែមថា វិធានការ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ជាពិសេស​ក្នុងពេល​ម៉ោង​សិស្ស​កំពុង​ចេញពី​សាលា​ទៅផ្ទះ ឬ​ពី​ផ្ទះ​ទៅ​សាលា ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ឱ្យបាន​កាន់តែខ្លាំង​ឡើង​ថែមទៀត ទោះបី​ពួកគាត់​ចេញពី​សាលា​រៀន​មិន​ព្រម​គ្នា​ក៏ដោយ​។​

​លោក ​គឹម បញ្ញា បាន​បញ្ជាក់ថា​៖ «​ជារួម ខ្ញុំ​មានការ​គាំទ្រ​ចំពោះ​វិធាន​ទាំងនេះ ជាពិសេស គឺ​ជំរុញ​ធ្វើឱ្យមាន​ការសម្រួល​ទៅដល់​សិស្សានុសិស្ស​នៅមុខ​ច្រកចេញចូល ដែលមាន​ករណី កើត​មុខ​សាលា​តែម្ដង តាម​គោលដៅ​ដែល​ខ្ញុំ​សង្កេត​»​។

​លោក​បាន​បន្តថា​៖ «​ខ្ញុំ​ក៏​លើកទឹកចិត្ត និង​គាំទ្រ​ដល់​សមត្ថកិច្ច​របស់​យើង ទាំង​អាជ្ញាធរ​មូលដ្ឋាន ទាំង​ប៉ុស្តិ៍នគរបាល និង​ស្នងការ​ខេត្ត ក្នុងការ​ជួយផ្ដល់​ការ​សម្រប​សម្រួល​ចរាចរណ៍ នៅតាម​ដងផ្លូវ មុខ​សាលារៀន របស់​សិស្សានុសិស្ស ទូទាំងប្រទេស ជាពិសេស​នៅតាម​ផ្លូវជាតិ​ឱ្យបាន​ជាប់​ជាប្រចាំ​»​។​

​ដើម្បីឱ្យ​សេចក្ដីណែនាំ​នេះ​អាច​ទទួលបាន​ប្រសិទ្ធភាព ខាង​ក្រសួង ឬ​មន្ទីរអប់រំ គួរតែមាន​ការតាមដាន និង​រាយ​​ការណ៍​ពី​សាលារៀន​នីមួយៗ​អំពី​សុវត្ថិភាព​ចរាចរណ៍​ថា តើ​ពួកគាត់​បានធ្វើ​អ្វីខ្លះ​ទៅលើ​សេចក្ដីណែនាំ​ទាំងនេះ ដើម្បី​អាច​កំណត់​ពី​បញ្ហា​ប្រឈម​ទើប​អាចជា​ការអនុវត្ត​បន្ត​។

​លោក​គឹម បញ្ញា បាន​បន្ថែមថា មួយវិញទៀត ក្រសួង​អប់រំ ក៏​គួរតែបង្កើត​ក្រុមការងារ​ទាំង​នៅក្នុង​ក្រសួង មន្ទីរ និង​សា​​លា​រៀន​ផ្ទាល់​។ បើ​និយាយឱ្យចំ​នោះ ជា​ជន​បង្គោល ដែល​ទទួលបន្ទុក ក្នុងការ​ផ្សព្វផ្សាយ​អប់រំ និង​អនុវត្ត​តាមដាន​នូវ​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​៕