សៀមរាបៈ ព្រះសង្ឃ មន្ត្រីរាជការ និង​ប្រជា​ពុទ្ធបរិស័ទ​បាន​ប្រារព្ធ​ពិធីបុណ្យ​រំឭក​ព្រះ​ឧបការគុណ​សម្តេច​ព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត សម្តេច​ព្រះសង្ឃរាជ​ថ្នាក់ទី ១ និង​ក្រុម​ជំនុំ​ព្រះត្រៃបិដក​ខ្មែរ លើក​ទី ១២ នៅ​ថ្ងៃទី ១៦ និង​ថ្ងៃទី ១៧ ខែមីនា​នេះ​នៅ​វត្ត​រាជបូណ៌ ក្នុង​ក្រុង​សៀមរាប។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន។​


​ព្រះមហា​វិមលធម្ម ពិន សែម ព្រះ​រាជាគណៈ​ថ្នាក់​ទោ គណៈមហានិកាយ និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជបូណ៌​បាន​មាន​សង្ឃដីកា​ក្នុង​ឱកាស​នោះ​ថា ទោះបី​ជា​មាន​ស្នាម​ព្រះហស្ថ​ធំ និង​ទទួល​បាន​នូវ​គោរមងារ ដ៏​ខ្ពង់ខ្ពស់​យ៉ាងណា ក៏​សម្តេច​ព្រះសង្ឃរាជ នៅ​តែមាន​សកម្មភាព​សាមញ្ញ​បំផុត ហើយ​គ្រប់​បន្ទូល​របស់​ព្រះអង្គ​គ្រប់ម៉ាត់​សុទ្ធតែ​មានន័យ​ខ្លឹមសារ​ទាំងអស់។ ដែល​ហេតុផល​ទាំងអស់​នេះហើយ ដែល​ញ៉ាំង​ឱ្យមាន​ពិធី​រំឭក​គុណ​កើតឡើង​នៅ​ថ្ងៃនេះ។

​សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបាន​ចាត់ទុកជា​អ្នកប្រាជ្ញ​របស់​ខ្មែរ​មួយ ដែល​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បេសកកម្ម​យ៉ាង​ធំធេង​ក្រៃលែង ក្នុង​វិស័យ​សាធារណការ សង្គមកិច្ច និង​វិស័យ​សិក្សាធិការ​ដូចជា ព្រះអង្គ​បាន​កសាង គម្ពីរ​ដីកា​ជាច្រើន ទាំង​ស្លឹករឹត ទាំង​សៀវភៅ ដែល​ព្រះអង្គ​បាន​ប្រែ​ពីបាលី មកជា​ភាសា​ខ្មែរ​សំរាយ​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជា​បរិស័ទ​រៀនសូត្រ​និង​បាន​រៀបរៀង​វចនានុក្រម​ភាសា​ខ្មែរ​សម្រាប់​កុលបុត្រ​កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ បាន​សិក្សា​រៀនសូត្រ​ដល់​សព្វថ្ងៃនេះ។​


ដោយ​ស្នា​ព្រះ​ហត្ថ​ដ៏​ធំធេង​របស់​ព្រះអង្គ ទើប​រាជរដ្ឋាភិបាល សម័យ​សង្គមរាស្ត្រនិយម និង​ប្រជារាស្ត្រ​ខ្មែរ​បាន​ព្រះរាជទាន និង​ផ្តល់​ឋានៈ​ព្រះអង្គ​ជា​ព្រះរាជ​អគ្គនិពន្ធ​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សមាជិកិត្តិយស នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ ហើយ​បាន​បន្សល់ទុក​នូវ​ស្នា​ព្រះហស្ថ​ជាច្រើន​។ ក្នុងនោះ​រួមមាន វចនានុក្រម​ខ្មែរ ព្រះរាជ​និពន្ធ​ទំនុកច្រៀង​បទ​នគររាជ​សម្រាប់​ការគោរព​ទង់ជាតិ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បទ​គោរព​ទង់​ព្រះពុទ្ធ​សាសនា បទ​សារភញ្ញ​ជាដើម​។ល។

​ក្នុង​ឆ្នាំ ១៩៦៣ ទ្រង់​បានទទួល​ព្រះ​ឋានៈ​ជា​សម្តេចព្រះសង្ឃរាជ​ថ្នាក់​ទី ១ នៃ​កម្ពុជា ក្នុងនោះ​សម្តេច​ទ្រង់​បាន​រដ្ឋាភិបាល​ភូមា​ថ្វាយ​ព្រះឋានៈ​ជា​ព្រះអគ្គបណ្ឌិត​សហភាព​ភូមា និង​ក្រោយ​មកទៀត​ថ្វាយ​ជា ព្រះអភិធៈ​ជៈមហារដ្ឋគរុ នៃ​សហភាព​ភូមា។​


​លោក ​ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​មានប្រសាសន៍ថា ការផ្តួចផ្តើម​រៀបចំ​ពិធីបុណ្យ​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុលផុស ប្រកប​ទៅដោយ​សេចក្តី​ជ្រះថ្លា និង ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ខេត្ត​សៀមរាប​នេះ ជា​សកម្មភាព​បង្ហាញ​អំពី​ព្រះទ័យ និង​ទឹកចិត្ត​ដ៏ល្អ និង​ពិតជា​គំរូ​របស់​ព្រះ​តេជគុណ ព្រះ​ថេរានុត្ថេរៈ ពុទ្ធបរិស័ទ​ទាំងអស់ ដែលជា​អ្នក​ស្រឡាញ់​ព្រះពុទ្ធ​សាសនា ក្នុង​ការលើកតម្លៃ​លើ​គុណធម៌ និង​ជន​ជាទីសក្ការៈ​ធំធេង​ចំពោះ​ជាតិ និង​សាសនា។

​លោក​អភិបាល​បាន​បញ្ជាក់ថា​៖ «​ការរៀប​ចំនេះ ក្នុង​បំណង​ពង្រឹង និង​លើកកម្ពស់​សាសនា​ព្រះពុទ្ធ​ឱ្យបាន​រីកចម្រើន​ខ្លាំងក្លា តាម​ពុទ្ធ​ប្បញ្ញត្តិ និង​ព្រះ​ពុទ្ធោវាទ​សំដៅ​ធ្វើការ​អភិរក្ស និង​អភិវឌ្ឍន៍​នូវ​សាសនា ជា​របស់​រដ្ឋ​យើង​នេះ សម្រាប់​ជា​គ្រឿង​អប់រំ​ចរិយា​ធម៌ និង​ការធានា​នូវ​សាមគ្គីភាព​ប្រជាជាតិ ដោយហេតុថា​មូលធន នៃ​ព្រះពុទ្ធ​សាសនា​គឺជា​កម្លាំង​ដ៏ចាំបាច់​របស់​ប្រទេស ស្របតាម​ឆន្ទៈ​ដ៏មោះមុត​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​គ្រប់​បែបយ៉ាង ដើម្បី​អភិវឌ្ឍន៍​សង្គមជាតិ​មួយ​ប្រកបដោយ​សុខសន្តិភាព សុខដុមរមនា និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព»។

​លោក​បាន​រំឭក នៅ​ចន្លោះ​ឆ្នាំ ១៩៧៥-១៩៧៩ ទី​វត្តអារាម​ត្រូវបាន​បំផ្លិចបំផ្លាញ​អស់​គ្មាន​សល់ ដោយសារ របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ហើយ​ពួកវា​បាន​ប្រែក្លាយ​ទីវត្តអារាម ដែលជា​កន្លែង​គោរពបូជា​របស់​ប្រជាពលរដ្ឋ​យកទៅ​ធ្វើជា​មន្ទីរ​ឃុំឃាំង​សួរចម្លើយ កន្លែង​កាប់សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​កន្លែង​ចិញ្ចឹមសត្វ​ជាដើម​។​ល​។ ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ប្រជាជន​កម្ពុជា បាន​វិល​ត្រឡប់មក​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ​ឡើងវិញ ប្រកបដោយ​សេចក្តី​សោមនស្ស​រីករាយ​គ្រប់គ្នា។

​លោក​បាន​បន្ដថា នៅពេលនោះ ពិតមែនតែ​កម្ពុជា​នៅមាន​សុខភាព​ទ្រុឌទ្រោម​ស្គមស្គាំង​និង​មាន​ជំងឺ​គ្រប់​ប្រភេទ​ក៏ដោយ ក៏​ពលរដ្ឋ​ទាំងអស់គ្នា​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់ពី​កម្លាំងកាយ​ចិត្ត ធ្វើការ​ប្រមែប្រមូល​ធនធាន​នៅ​សេសសល់ ដើម្បី​រួមគ្នា​កសាង​ឡើង​វិញ​នូវ​ខឿនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​សាសនា ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរ​ដល់​កម្រិត​សូន្យ។​

​លោក​បាន​បន្ថែមថា ពេលនោះ ព្រះពុទ្ធសាសនា​បានចាប់​កំណើត​ឡើងវិញ​ជា​បណ្តើរៗ និង​ជួប​ការលំបាក​នៅឡើយ ដោយ​ព្រះសង្ឃ លោកយាយ លោកតា និង​ពលរដ្ឋ ត្រូវធ្វើ​បុណ្យ​ក្នុង​វត្ត ព្រះវិហារ និង​ឧបដ្ឋានសាលា ដែលមាន​ភាព​ទ្រុឌទ្រោម និង​អត្ថខាត់​។ ប៉ុន្តែ​ក្រោម​កិច្ចដឹកនាំ​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវ័ន្ត​ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ត្រូវបាន​អភិវឌ្ឍន៍​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​គួរ​នឹកស្មាន​ពុំដល់ ពិសេស​ព្រះពុទ្ធ​សាសនា ត្រូវបាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ថាជា «​សាសនា​របស់​រដ្ឋ»។​

​លោក​បាន​បញ្ជាក់ថា​៖ «​លើសពីនេះ វិស័យ​ពុទ្ធិកសិក្សា​ក៏មាន​ការរីកចម្រើន​ជា​លំដាប់ ដោយ​សព្វថ្ងៃ​យើង​មាន​សាលា​ធម្មវិន័យ​ចាប់តាំង​ពី​ថ្នាក់​ត្រីទោ និង​ឯក និង​សាលា​ពុទ្ធិកសិក្សា​បឋមសិក្សា​ជាក់ស្តែង​រហូតដល់​ពុទ្ធិក​វិទ្យាល័យ និង មាន​ពុទ្ធិក​សាកល​វិទ្យាល័យ​ថែម​ទៀតផង ដែល​ប្រការនេះ បញ្ជាក់​ច្បាស់​អំពី​ការយក​ចិត្តទុក​ដាក់ របស់​រាជរដ្ឋាភិបាល​ក្នុង​ការផ្តល់​ប្រយោជន៍​ដល់​បងប្អូន​ពុទ្ធសាស​និកជន និង​ព្រះថេរានុថេរៈ​គ្រប់​ព្រះអង្គ»។ នេះ​បើ​យោងតាម​ប្រភព​ដដែល​នេះ៕​