ក្រសួងរ៉ែ និងថាមពល និង ADB ផ្សព្វផ្សាយពីផែនការមេអភិវឌ្ឍន៍វិស័យថាមពល និងគោលនយោបាយជាតិប្រសិទ្ធភាពថាមពលកម្ពុជា

ភ្នំពេញៈ ក្រសួងរ៉ែនិងថាមពលបានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ រៀបចំវេទិកាថាមពល ដើម្បីផ្សព្វផ្សាយផែនការមេអភិវឌ្ឍន៍វិស័យថាមពល (PDP) និង គោលនយោបាយជាតិប្រសិទ្ធភាពថាមពលកម្ពុជា (NEEP) ដែលទើបអនុម័តនាពេលថ្មីៗនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា ADB បានផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍ PDP និង NEEP ទាំងពីរ។ វេទិកាផ្សព្វផ្សាយនេះរៀបចំសម្រាប់ការពិភាក្សាក្នុងចំណោមដៃគូនានា អំពីឱកាស ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអនុវត្តបទប្បញ្ញត្តិដែលមានចែងក្នុង NEEP។
វេទិកានេះត្រូវបានបើកជាផ្លូវការដោយ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដែលបានរំលេចពីសារៈសំខាន់នៃគោលនយោបាយទាំងនេះ ដើម្បីជំរុញអន្តរកម្មថាមពលរបស់កម្ពុជា និងឆ្លើយតប ទៅនឹងការប្តេជ្ញាចិត្តអន្តរជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លោកស៊ុយ សែម មានប្រសាសន៍ថា៖ «កម្ពុជាប្តេជ្ញាបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ដែលនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ថាមពលប្រកបដោយភាពជឿជាក់ ស្ថិរភាព និងតម្លៃ សមរម្យ»។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងរ៉ែនិងថាមពល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំកសាងនូវឯកសារគោលនយោបាយដ៏មានសារៈសំខាន់ទាំងនេះ សម្រាប់គាំទ្រដល់អន្តរកាលសេដ្ឋកិច្ច-សង្គមរបស់ កម្ពុជា ទៅកាន់ដំណាក់កាលថ្មី គឺកសាងសង្គមមួយប្រកបដោយអព្យាក្រឹត្យកាបូន និងវិបុលភាព។
លោកបានឱ្យដឹងថា ថាមពលគឺផ្នែកមួយដែលមិនអាចខ្វះបាននៃជីវភាពរស់នៅក្នុងសង្គមទំនើប ប៉ុន្តែថាមពល ជាពិសេស ប្រភពថាមពលជាប្រពៃណី ក៏មានចំណែកយ៉ាងធំនៅក្នុងបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
លោកបានគូសបញ្ជាក់ឱ្យដឹងថា ការដាក់ចេញនូវ «ផែនការមេអភិវឌ្ឍន៍ថាមពល ២០២២-២០៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០» មិនត្រឹមតែជា ជំហានដ៏ចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយបំពេញបន្ថែមយ៉ាងល្អទៅលើគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ក្នុងដំណើរឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ពោលគឺ កម្ពុជាមិនត្រឹមតែមានចំណូលខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង របៀបរបបរស់នៅនិងការគិតគូរបែប ជឿនលឿន ទីក្រុងមានសោភណ្ឌភាព ផាសុកភាព និងភាពបៃតង ហើយសង្គមមានសុខដុមរមនា ផងដែរ។ នេះបើយោងតាមក្រសួងបរិស្ថាន។
លោកស្រី Jyotsana Varma នាយិកាតំណាង ADB ប្រចាំកម្ពុជាបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទៅរកទម្រង់ថាមពលស្អាតជាងមុន និង បានបញ្ជាក់នូវការគាំទ្ររបស់ ADB ដល់ការផ្លាស់ប្តូរនេះ ទាំងតាមរយៈការគាំទ្រគោលនយោបាយ និងការវិនិយោគជាគម្រោង។ គម្រោង ដែលកំពុងដំណើរការរបស់ ADB គាំទ្រដល់ការពង្រឹងបណ្តាញថាមពលជាតិ ការពង្រីកថាមពលពន្លឺព្រះអាទិត្យ PV តាមរយៈភាពជាដៃគូឯកជនសាធារណៈ និង ការបង្កើនល្បឿននៃការទទួលយកបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន ដូចជាប្រព័ន្ធផ្ទុកថ្មជាដើម។
PDP ជាផែនការរយៈពេលវែងដំបូងរបស់កម្ពុជាសម្រាប់វិស័យថាមពលរបស់ខ្លួន ដែលរួមមានសេណារីយ៉ូជាច្រើនសម្រាប់ផែនការរយៈពេល ២០ ឆ្នាំ ដែលរួមបញ្ចូលកំណើនតម្រូវការអគ្គិសនី ការពង្រីកប្រភពផលិតថាមពល និងការអភិវឌ្ឍបណ្តាញបញ្ជូននិងចែកចាយ។
NEEP គឺជាគោលនយោបាយដំបូងរបស់កម្ពុជា ស្តីពីប្រសិទ្ធភាពថាមពល ហើយវាមានក្របខ័ណ្ឌគាំទ្រសម្រាប់ការអភិវឌ្ឍនៃវិស័យនេះនាពេលអនាគត។ NEEP កំណត់គោលដៅជាតិប្រកបដោយមហិច្ឆតាសម្រាប់ការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងហោចណាស់ ១៩% ត្រឹមឆ្នាំ ២០២៣ ធៀបនឹងសេណារីយ៉ូដែលគ្មានប្រសិទ្ធភាពថាមពល។ NEEP ក៏កំណត់វិធានការ និងឧបករណ៍ដែលរាជរដ្ឋាភិបាលនឹងផ្តល់អាទិភាព និងអភិវឌ្ឍ ដើម្បីគាំទ្រដល់ការអនុម័តកាន់តែទូលំទូលាយនៃប្រសិទ្ធភាពថាមពល៕