​ត្បូងឃ្មុំៈ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ​អ៊ាង សុផល្លែត បាន​អំពាវនាវ​ឱ្យមាន​ការរួម​គ្នា ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ត្បូងឃ្មុំ​ឱ្យ​ក្លាយជា​ខេត្ត​អព្យាក្រឹត​កាបូន ស្របតាម​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ​ក្នុងការ​ក្លាយជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ ​២០៥០​។


​ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​បូកសរុប​ការងារ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ​ឆ្នាំ​២0២២ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៣​នៅ​ថ្ងៃទី​១៦ ខែមីនា​នេះ​។ លោក​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ទន្ទឹមនឹង​ការធានា​លើកកម្ពស់​គុណភាព​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ប្រកប​ដោ​ចីរភាព គឺ​ចាំបាច់​ត្រូវ​រួមគ្នា​ប្រែក្លាយ​ខេត្ត​ត្បូងឃ្មុំ ឱ្យ​ក្លាយជា​ខេត្ត​អព្យាក្រឹត​កាបូន ដែល​នេះ​គឺជា​ការចូលរួម​អនុវត្ត​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​សម្រាប់​កម្ពុជា ក្លាយជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០​។

​លោក​បាន​បញ្ជាក់ថា​៖«​បរិស្ថាន​ជាការ​ងារ​អន្តរ​វិស័យ​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការ​អនុវត្ត​យុទ្ធសាស្ដ្រ ផែនការ​សកម្មភាព ក៏ដូចជា​គោលនយោបាយ ដើម្បី​សម្រេចបាន​គោលដៅ​រួម​របស់​យើង​»​។​


​របាយការណ៍​មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា មន្ទីរ​បរិស្ថាន​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ចំណេះដឹង​បរិស្ថាន ការគ្រប់គ្រង​សំរាម​សំណង់​រឹង សំណល់​ប្លា​ស្ទិ​ក ដើម្បី​ភូមិ​ស្អាត សហគមន៍​ស្អាត ផ្លូវ​សាធារណ​ស្អាត​។​ពិសេស​បាន​ចុះ​ត្រួតពិនិត្យ​ប្រភព​បំពុលបរិស្ថាន តាម​បណ្តា​រោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម និង​អាជីវកម្ម បាន​ចំនួន​៦៨​ទីតាំង​។ ក្នុងនោះ ក្រុង​សួង​១៤​ទីតាំង ស្រុក​ត្បូងឃ្មុំ ១៩​ទីតាំង ស្រុក​អូររាំងឪ​៦​ទីតាំង ស្រុក​តំបែរ​១១ ទីតាំង​ស្រុក​មេមត់ ៧​ទីតាំង និង​ស្រុក​ពញាក្រែក ចំនួន​១១​ទីតាំង​។ មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ បាន​សហការ​ជាមួយ​ក្រុមការងារ​ក្រសួងបរិស្ថាន​បាន​ចំនួន​៦​ទីតាំង​។ ក្នុងនោះ ស្រុក​តំបែរ ១​ទីតាំង​, ស្រុក​មេមត់​២​ទីតាំង​,​ស្រុក​ពញាក្រែក ៣​ទីតាំង និង​បាន​ចុះ​ប្រមូល​ទិន្នន័យ​ការប្រើប្រាស់​សារធាតុ​ធ្វើឱ្យ​ត្រជាក់ និង​បរិក្ខារ​ត្រជាក់ ម៉ាស៊ីនត្រជាក់ សេវាកម្ម​ជួសជុល​ម៉ាស៊ីនត្រជាក់ និង​យានដ្ឋាន​ជួសជុល​រថយន្ត នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ចំនួន​៥៤​ទីតាំង​ផងដែរ​៕​