​ភ្នំពេញៈ គម្លាត​យេនឌ័រ​ក្នុង​វិស័យ​អប់រំ​ត្រូវបាន​កាត់បន្ថយ​គួរ​ជាទី​កត់សម្គាល់​ចាប់ពី​ឆ្នាំ​សិក្សា ​២០១៨-២០១៩​រហូតមកដល់​ឆ្នាំ​សិក្សា ២០២២-២០២៣ ដែល​ក្នុងនោះ​កុមារី​ទទួលបាន​ការអប់រំ​នៅ​កម្រិត​អប់រំ​កុមារ​តូច​កើន​ពី ៣៩.១២% ដល់ ៤៥.៥% លើ​ក្រុម​អាយុ​កុមារ​តូច​កម្រិត​ម​ត្តេ​យ្យ​សិក្សា​នៅ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​របាយការណ៍​ស​ង្ខេ​ប​ស្តីពី​វឌ្ឍនភាព​នៃ​ការលើកកម្ពស់​សមធម៌​យេនឌ័រ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​១៦​ខែមីនា​នេះ​។


​របាយការណ៍​បាន​បន្តថា កុមារី​នៅ​កម្រិត​បឋមសិក្សា​ក៏បាន​កើន​ពី ៤៧.៨% ដល់​៥១.៨៨%​នៃ​ចំនួន​សិស្ស​បឋមសិក្សា​សរុប​។ នៅ​មធ្យមសិក្សា​បឋមភូមិ និង​មធ្យមសិក្សា​ទុតិយភូមិ ចំនួន​សិស្សស្រី និង​សិស្ស​ប្រុស​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា​។

​ជាការ​កត់សម្គាល់ បេក្ខជន​នារី ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​កំណើន​ពី ៤១.៥%​ដល់ ៥២.៦២%​។ នៅ​កម្រិត​ឧ​ត្ត​ម​សិក្សា​ចំនួន​និស្សិត​ស្រី​ក៏មាន​ការកើនឡើង​ជា​លំដាប់ ក្នុងនោះ​ថ្នាក់​បរិញ្ញាបត្ររង​កើន​ពី ៣៣.៦៩% ដល់​៤៥.៥៦%,​ថ្នាក់​បរិញ្ញាបត្រ​កើន​ពី​៤៨.៧២% ដល់ ៥៦.៨៩%, ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​កើន​ពី​២៤.៣៨% ដល់ ៤១.៦៣% និង​ថ្នាក់បណ្ឌិត​ស្ថិតក្នុង​រង្វង់​៧.៣៤ %​។


​ដោយឡែក សិស្ស និង​និស្សិត​ស្រី​ដែល​បានជ្រើសរើស​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម សិល្បៈ​ច្នៃប្រឌិត និង​គណិតវិទ្យា (STEAM) មាន​កំណើន​ទ្វេដង ស្មើនឹង​៣៨.២៥%​។ ទន្ទឹមនេះ តាមរយៈ​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ​ចំនួន​សិស្សស្រី​ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​មាន​កំណើន​ជា​បន្តបន្ទាប់​ក្នុង​រង្វង់​៦៧%​នៃ​ចំនួន​សិស្ស​អក្ខរកម្ម​សរុប​។

​ជាមួយគ្នានេះ តាមរយៈ​គោលនយោបាយ​លើកកម្ពស់​សមធម៌​យេនឌ័រ និង​គោលការណ៍​កំណត់​អាទិភាព​នារី​ក្នុងការ​ជ្រើសរើស​មន្ត្រី​អប់រំ ធ្វើឱ្យ​បុគ្គលិក​អប់​រំជា​ស្ត្រី​មាន​កំណើន​ពី ៤៥,៥៨ % ដល់ ៤៧.១៣%​នៃ​ចំនួន​បុគ្គលិក​អប់រំ​សរុប​១២៥.៥៦១​នាក់​ក្នុង​ឆ្នាំ ២០២២​។


​របាយការណ៍​បាន​បញ្ជាក់ថា ក្រសួង​បាន​យកចិត្តទុកដាក់​ផ្តល់​អាទិភាព​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​អប់​រំជា​ស្ត្រី​ទទួលបាន​ការតែងតាំង​មុខតំណែង​មាន​សិទ្ធិ​សម្រេច​ក្នុង​ការងារ​គ្រប់គ្រង​អប់រំ នៅ​កម្រិត​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ​។ ស្ត្រី​ដែល​ស្ថិតនៅក្នុង​មុខតំណែង​ទាំងអស់​សុទ្ធតែ​មាន​សម​ត្ថ​ភាព​ប្រើប្រាស់​បំ​ណិ​ន​ប្រើប្រាស់ ជំនាញ​ឌីជីថល និង​ភាសាបរទេស និង​ត្រូវបាន​អភិវឌ្ឍ​សមត្ថភាព​ជាប្រចាំ​សម្រាប់​បម្រើការ​ក្នុង​ការងារ​ជំនាញ តាម​វិស័យ​និង​អនុវិស័យ ព្រមទាំង​ការចែករំលែក​បន្ត​សម្រាប់​អ្នក​បន្តវេន​ផងដែរ​៕​