លោក ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពាក់កណ្តាលខែមីនានេះ ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធីសាស្ត្រ ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៧ ខែមីនា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងនៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣ ហើយលោក ប្រាក់ សុខុន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តបតាមការអញ្ជើញរបស់លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។
សេចក្តីប្រកាសបន្តថា៖«រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធីសាស្ត្រ ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរស្រាប់ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើន ដែលរួមមានវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល វប្បធម៌ ការអប់រំ។ល។ កិច្ចសហការក្នុងក្របខ័ណ្ឌអាស៊ាន រួមទាំងបញ្ហាបន្ទាន់នានានៅក្នុងតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាគ្នាផងដែរ»។
ប្រភពដដែលបញ្ជាក់ថា ដឹកនាំប្រជុំដោយរដ្ឋមន្រ្ដីការបរទេសនៃប្រទេសទាំងពីរ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី២០នេះ នឹងពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពដែលសម្រេចបាន អនុលោមតាមកំណត់ហេតុនៃកិច្ចប្រជុំលើកមុន ព្រមទាំងរៀបចំផែនការថ្មីសម្រាប់សកម្មភាពជាក់ស្ដែង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេស និងប្រជាជនទាំងពីរ។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងមានកម្មវិធីចូលជួបសម្តែងការគួរសម ដោយឡែកពីគ្នាជាមួយ លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ផងដែរ។
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាលោក យង់ ពៅ មានប្រសាសន៍ថា កម្ពុជានិងវៀតណាមគឺជាប្រទេសដែលមានជាប់របងជាមួយគ្នា និងមានប្រវត្តិសាស្រ្តចងភ្ជាប់គ្នាក្នុងតំបន់តាំងពីបញ្ហាឥណ្ឌូចិន រហូតដល់បច្ចុប្បន្ន ហើយក៏ជាប្រទេសមានទំនាក់ទំនងការទូតជាមួយគ្នាស៊ីជម្រៅក្នុងទិដ្ឋភាពនៃរដ្ឋាភិបាលទាំងពីរបច្ចុប្បន្ន។
លោកថា៖«ដូច្នេះការបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាទៅកាន់វៀតណាមនាពេលខាងមុខនេះពិតជាមានតម្លៃសម្រាប់ការចងភ្ជាប់ពង្រឹងបន្ថែមទៅលើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបញ្ហាសន្តិសុខជាដើម»។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ទាំងដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី២០ នឹងផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងពហុវិស័យដ៏រឹងមាំ ដែលបានផ្សារភ្ជាប់ដោយទំនុកចិត្តផ្នែកនយោបាយចាក់ឫសយ៉ាងជ្រៅ ព្រមទាំងនឹងធ្វើឱ្យកាន់តែរឹងមាំបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ៕