ក្រសួងសុខាភិបាលជំរុញភាគីពាក់ព័ន្ធបន្តខិតខំជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំងឺមហារីកឱ្យមានសមត្ថភាពកាន់តែខ្ពស់

ភ្នំពេញៈ ក្រសួងសុខាភិបាលជំរុញភាគីពាក់ព័ន្ធបន្តខិតខំជួយបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាលផ្នែកជំងឺមហារីកឱ្យមានសមត្ថភាពកាន់តែខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំជំងឺមហារីកនៅកម្ពុជា។
ការជំរុញបែបនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីអំពី «យើងនិយាយពីមហារីកនៅកម្ពុជា» សហការរៀបចំដោយមន្ទីរពេទ្យកាល់ម៉ែត និង eCancer ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស នាថ្ងៃទី១៨ ខែមីនា នៅសណ្ឋាគារ Hyatt Regency Phnom Penh រាជធានីភ្នំពេញ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើជាអធិបតីក្នុងសិក្ខាសាលានេះ ដែលមានការចូលរួមមានពីលោក កុយ វ៉ាន់នី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត អ្នកជំនាញជាតិ និងអន្តរជាតិ មន្ត្រីសុខាភិបាល អ្នកឯកទេសជំងឺមហារីក និស្សិតឯកទេសជំងឺមហារីក និងអ្នកពាក់ព័ន្ធនានាសរុប ២០០ នាក់។ នេះបើយោងតាមហ្វេសប៊ុកក្រសួងសុខាភិបាល។
ក្រសួងបញ្ជាក់នាថ្ងៃទី១៨ ខែមីនា ថា៖ «លោកជំទាវ [លោកស្រី ឱ វណ្ណឌីន] បានលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំជួយបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាលផ្នែកជំងឺមហារីក ដើម្បីមានសមត្ថភាព កាន់តែខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំជំងឺមហារីកនៅកម្ពុជា។
ក្រសួងបញ្ជាក់ថា សិក្ខាសាលានេះ ពិតជាស្របតាមផែនការយុទ្ធសាស្ត្រជាតិលើកទី២សម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។ ការរីករាលដាលនៃជំងឺមិនឆ្លងដែលកម្ពុជាកំពុងប្រឈម មិនអាចដោះស្រាយដោយក្រសួងសុខាភិបាលតែឯកឯងនោះទេ។
ហ្វេសប៊ុកដដែលបញ្ជក់ថា ក្រសួងសុខាភិបាលបានជំរុញគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ឱ្យចាត់ទុកជំងឺមិនឆ្លងជាអាទិភាពមួយ និងធ្វើការរួមគ្នាដើម្បីអនុវត្តសកម្មភាពកាត់បន្ថយបន្ទុកនៃជំងឺដែលអាចការពារបាននេះ។
ហ្វេសប៊ុកដដែលបញ្ជក់ថា៖ «ហេតុដូចនេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវអាទិភាពជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងទាំងនេះ ដែលក្នុងនោះរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍបន្តនូវសមត្ថភាព និងគុណវុឍ្ឍិរបស់គ្រូពេទ្យព្យាបាល និងថែទាំ ព្រមជាមួយនឹងការបំពាក់នូវឧបករណ៍ បរិក្ខារវេជ្ជសាស្រ្តស្តង់ដាទំនើបៗសម្រាប់ការស្រាវជ្រាវ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលផងដែរ»៕