ភ្នំពេញៈ នគរបាល​ជាតិ​អំពាវនាវ​ដល់ម្ចាស់​លំនៅឋាន​ត្រូវមាន​បំពង់ពន្លត់​អគ្គិភ័យ​ក្នុង​ផ្ទះ ឬប្រើប្រាស់​នូវ​មធ្យោបាយ​ផ្សេងៗ ដែលអាច​អន្ដរាគមន៍​បានទាន់ពេល​កុំ​ឱ្យ​អគ្គិភ័យ​រីករាលដាល ខណៈ​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ អគ្គិភ័យ​បានកើតឡើង​នៅរាជធានី​ភ្នំពេញ​ស្ទើរ​រាល់ថ្ងៃ។


ការអំពាវនាវ​នេះ​ធ្វើឡើង ក្រោយពី​មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុកគ្រឿង​បន្លាស់រថយន្ត ១ កន្លែង នៅភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញថ្មី នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី១៧ ខែមីនា។

របាយ​ការណ៍​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​ត្រូវបាន​កម្លាំងសមត្ថកិច្ច​ជំនាញ​គ្រប់គ្រង​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​ពេល​អស់​ជាង ៥ ម៉ោង។


យោងតាម​របាយ​ការណ៍​នេះ លោក ព្រហ្ម យ៉ន នាយការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ទីតាំង​ឃ្លាំង​ស្ដុកគ្រឿងបន្លាស់​រថយន្ដ​នេះជា​ប្រភេទ​សំណង់​ឃ្លាំង​ថ្មបេតុង​ប្រក់​ស័ង្កសី ទំហំ ១៦ ម៉ែត្រ គុណ ២០ ម៉ែត្រ។

លោក​បញ្ជាក់​ថា ក្រៅពី​ឆេះឃ្លាំង​អគ្គិភ័យ​នេះ ក៏បាន​ឆេះ​រថយន្ត Camery បាឡែន ពណ៌ស្ករ ១​គ្រឿង រួមទាំង​ឆេះគ្រឿង​បន្លាស់​រថយន្ត និង​ប្រេងម៉ាស៊ីន​អស់​ទាំងស្រុង តែ​មិនបណ្ដាល​ឱ្យ​ឆេះរាលដាល​ដល់​អ្នកក្បែរ​ខាង​ឡើយ។


សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​វិញ លោក ព្រហ្ម យ៉ន បញ្ជាក់​ថា រថយន្ដ​ការិយាល័យជំនាញ ចំនួន ២៥​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១៥០ ឡាន រថយន្ត​ក្រុមហ៊ុន OCIC ទី​ក្រុង​រកោះពេជ្រ ចំនួន ៤ គ្រឿង ប្រើប្រាស់​ចំនួន​ ១៦ ឡាន រថយន្ត​ក្រុមហ៊ុន OCIC ទី​ក្រុងជ្រោយ​ចង្វារ ចំនួន ៥ គ្រឿង ប្រើប្រាស់​ចំនួន ២០ ឡាន រថយន្ត​កងពលតូច​លេខ​៧០ ចំនួន ៣ គ្រឿង ប្រើប្រាស់​ចំនួន​ ៩ ឡាន និង​រថយន្ត​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា ចំនួន ១ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ២ ឡាន។

របាយ​ការណ៍​បញ្ជាក់​ថា៖ "ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ អគ្គិភ័យ​កើតឡើង​នៅរាជធានី​ភ្នំពេញ ស្ទើរ​រាល់ថ្ងៃ ដោយសារ​តែឆ្លង​ចរន្ដ​អគ្គិសនី និង​ម្យ៉ាង​ដោយសារ​បច្ចុប្បន្ន​នេះ​ជារដូវក្ដៅ។ ជាមួយគ្នា​នេះ សមត្ថកិច្ច​ជំនាញ​បាន​អំពាវនាវ និង​ក្រើន​រំឭក​យ៉ាង​ទទូច ដល់​ប្រជា​ពលរដ្ឋម្ចាស់​លំនៅឋាន ឬ​ទីតាំង​ផ្សេងៗ ត្រូវ​បង្កើន​ការយក​ចិត្តទុក​ដាក់​ឱ្យ​បាន​ខ្ពស់​បំផុត និង​ត្រូវម្ចាស់ការ​នៅពេល​មាន​ហេតុការណ៍​កើត​ឡើង​ភ្លាម ដោយ​ត្រូវ​មាន​បំពង់​ពន្លត់​ក្នុង​ផ្ទះ ឬ​ប្រើប្រាស់​នូវ​មធ្យោបាយ​ផ្សេងៗ ដែល​អាច​អន្ដរាគមន៍​បាន​ទាន់ពេល​កុំ​ឱ្យ​រីករាល​ដាល»៕