ភ្នំពេញៈ នគរបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត ដែល​បំពាក់​ភ្លើង​បំភ្លឺ និងកែច្នៃ​បំពង​សំឡេង​ឮ​ខ្លាំង​ខុស​លក្ខណៈ​បច្ចេកទេស​ប្រញាប់​ធ្វើ​ការដោះចេញ​ជាបន្ទាន់។ សមត្ថកិច្ច​នឹង​ធ្វើការ​ដកហូត ផាក​ពិន័យ បើមិន​អនុវត្ត​តាម​ការណែនាំ។


ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះសារ​នៅ​ក្នុង​ហ្វេសប៊ុក​នាថ្ងៃ​ទី១៨ ខែមីនាថា៖ «បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជាម្ចាស់​យានយន្ត​មួយ​ចំនួន ដែលបាន​បំពាក់​ភ្លើង​បំភ្លឺ​ខុសបច្ចេកទេស បំពង​ស៊ីផ្លេ​សំឡេង​ឮ​ខ្លាំង ដាក់​ហ្វាំង​ដែល​បន្លឺ​ជាសំឡេង​រំខាន កែច្នៃ​បំពងសំឡេង (ស៊ីមាំង​ប្រែន) ខុស​លក្ខណៈ​បច្ចេកទេស និង​សរសេរ​អក្សរ ឬ​បិទ​រូបភាព មិនសមរម្យ សូម​ប្រញាប់​ធ្វើ​ការដក ឬដោះចេញ​ជាបន្ទាន់»។

ហ្វេសប៊ុក​ដដែល​បាន​ឱ្យដឹង​ថា៖ «បើមិន​អនុវត្ត​តាមការណែនាំ​នោះទេ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការបង្ក្រាប ឃាត់ ដកហូត ធ្វើ​ការណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​ធ្វើការ​ផាកពិន័យ​តាម​វិធានការ​ច្បាប់»។

របាយ​ការណ៍​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងនា​ថ្ងៃទី១៧ ខែមីនា ថា រថយន្ត​កែច្នៃ​បំពង​សំឡេង​ខុស​បច្ចេកទេស (ស៊ីមាំង​ប្រែន) ដែល​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​ជារៀងរាល់​យប់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ​បានធ្វើ​ការឃាត់​ចំនួន ១៦ គ្រឿង នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ប្ញស្សីកែវ កាលពី​យប់​ថ្ងៃ​ទី១៦ ខែមីនា។​


របាយ​ការណ៍​បញ្ជាក់​ថា ការឃាត់​នេះ​ធ្វើ​ឡើង ដោយ​អនុវត្ត​តាម​បទ​បញ្ជា និង​ការណែនាំ​ជាប្រចាំ​របស់​លោក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជាស្នងការ​នគរបាល​រាជធានីភ្នំពេញ ក៏ដូចជា​មាន​ការរាយ​ការណ៍ និង​ប្តឹង​ពី​ប្រជា​ពលរដ្ឋ។


របាយ​ការណ៍​ផ្សព្វផ្សាយ​នាព្រឹក​ថ្ងៃទី១៧ មីនា នេះ​បញ្ជាក់​ថា សមត្ថកិច្ច​បាន​នាំយក​រថយន្តទាំងនោះ​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​សហការ​ជាមួយ​ខាងសាធារណ:​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​លក្ខណ:​បច្ចេកទេស ធ្វើ​ការណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​ផាក​ពិន័យ​តាម​ច្បាប់ ហើយ​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​យក​របស់​ដើម​មក​ប្តូរ​នៅមុខ​សមត្ថកិច្ចទើប​ប្រគល់​រថយន្ត​ឱ្យ​វិញ៕