ក្រសួងវប្បធម៌ រៀបចំពិធីបួងសួងសុំសេចក្តីសុខ និងជោគជ័យជូនសិល្បករហាត់សមសម្តែងសម្រាប់ពិធីបើកកីឡាស៊ីហ្គេម

ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៧ ខែមីនា បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យ ជូនសិល្បករ សិស្សានុសិស្ស និងកម្លាំងដែលចូលរួមហាត់សមការសម្តែងសិល្បៈសម្រាប់ពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
ពិធីនេះធ្វើឡើងនៅវិមានកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្រោមបាវចនា «កីឡារស់ក្នុងសន្តិភាព»។
ក្រសួងបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី១៨ ខែមីនា ថា លោកស្រី ភឿង សកុណា បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិស្សានុសិស្ស និងកម្លាំងទាំងអស់ដែលបានលះបង់ពេលវេលា កម្លាំងកាយ ប្រាជ្ញាស្មារតី ចូលរួមហ្វឹកហាត់ដើម្បីត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។
លោកស្រីថ្លែងថា៖ «សកម្មភាពនេះ មិនត្រឹមតែជាការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែក៏ជាលះបង់ប្រកបដោយគុណតម្លៃសម្រាប់ក្រុមគ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ»។
លោក ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ថ្លែងថា ការហាត់សមនេះមានរយៈពេលសម្តែង ៥៥ នាទី ក្នុងនោះបានបែងចែកជា ៥ វគ្គ រួមមានការកកើតទឹកដី ភាពរុងរឿងនៃសម័យ ស្នាមញញឹមខ្មែរ អនាគតកម្ពុជា សហគមជោគវាសនាតែមួយដែលមានសិល្បករក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ សិស្ស និស្សិត និងកងអង្គភាពមួយនៃកងយោធពលខេមរភូមិន្ទ ចូលរួមសរុបចំនួន ៣ ២៩២ នាក់៕