មណ្ឌលគិរីៈ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថានបាន​ថ្លែងថា កម្ពុ​ជាមាន​មោទនភាព ដែល​ទទួលបាន​ជោគជ័យ ក្នុង​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​នៅលើ​ពិភពលោក ហើយ​ថវិកា​ដែល​បាន​ពី​ការលក់​ឥណទាន​កាបូន​នេះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ​។​


​ថវិកា​ទាំងនេះ ក៏ត្រូវ​បាន​ប្រើ​សម្រាប់​សហគមន៍​ទេសចរណ៍ធម្មជាតិ ស្រូវ​មិត្តភាព​សត្វព្រៃ និង​ចូលរួម​អភិវឌ្ឍន៍​សហគមន៍​នៅ​មូលដ្ឋាន តាមរយៈ​ការគាំទ្រ​ជា​ថវិកា​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ផ្លូវ ទឹកស្អាត សូ​ឡា ជាដើម​ផងដែរ​។​

​លោក ជួប ប៉ារីស៍ បាន​ថ្លែង​បែបនេះ ក្នុងពេលដែល​លោក​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការងារ​គ្រប់គ្រង និង​ការអនុវត្ត​គម្រោង​រេ​ដ​បូក ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ថ្ងៃទី​១៦ មីនា​។


​កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី​តំណាង​អង្គការ WCS ប្រចាំ​កម្ពុជា មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​លោក ជួប ប៉ារីស៍ បាន​គូសបញ្ជាក់ថា ក្រសួងបរិស្ថាន​បានចាត់ទុក​អង្គការ​នានា ជា​ដៃគូ​ដ៏​ល្អ​ក្នុងការ​រួមចំណែក​គាំទ្រ​វិស័យ​បរិស្ថាន ការពារ​ធនធានធម្មជាតិ ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។


​ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ​អង្គការ WCS ដែល​បាន​ចូលរួម​អនុវត្ត​គម្រោង​រេ​ដ​បូក ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​ព្រៃឈើ សត្វព្រៃ​ជាច្រើន​ប្រភេទ និង​ចូលរួម​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជា​សហគមន៍​៕