ភ្នំពេញៈ មន្ត្រី​ក្រសួងបរិស្ថាន​លើកឡើងថា ការផ្សារភ្ជាប់​ទ្រឹស្តី​អប់រំ​របស់​សាសនា​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នឹង​អាចជួយ​ឱ្យមាន​ការផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន ក្នុងការ​លើកកម្ពស់​គុណ​ភាព​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា​។​


​លោក ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ថ្លែងថា ក្រសួងបរិស្ថាន​គឺជា​សេនាធិការ​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ តាមរយៈ​ការរៀបចំ​គោលនយោបាយ​ជាតិ ផែនការ​យុទ្ធសាស្ត្រ ក៏ដូចជា​ការពង្រឹង​កិច្ចសហការ​ក្នុង​តំបន់ និង​ពិភពលោក​។​

​ក្នុង​សិក្ខាសាលា​លើកកម្ពស់​ចំណេះដឹង​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​និង​សាសនា នា​ថ្ងៃទី​១៧ មីនា លោក ទិន ពន្លក ដែល​អនុប្រធាន​ទី​២​នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បានទទួល​ស្គាល់​អំពី​ភាពចាំបាច់​របស់​សាសនា​ក្នុងសង្គម​កម្ពុជា ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការងារ​បណ្តុះបណ្តាល ការកសាង​ធនធានមនុស្ស ការសិក្សា​ស្រាវជ្រាវ​និង​វិទ្យាសាស្ត្រ បរិស្ថាន និង​ការ​អភិ​ឌ្ឍ​សង្គម​។

​លោក​បន្តថា ការអប់រំ​បណ្តុះបណ្តាល​តាមបែប​សាស​នា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​ពុទ្ធិ បណ្តុះ​ស្មារតី​ប្រជាជន​ឱ្យ​ស្រលាញ់​បរិស្ថាន និង​ជំរុញ​ការអនុវត្ត​សកម្មភាព​ក្នុងការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។


​លោក ទិន ពន្លក ថ្លែងថា​៖ «​ការផ្សារភ្ជាប់​ទ្រឹស្តី​អប់រំ​របស់​សាសនា​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នឹងចូលរួម​បង្កើន​ចំណេះដឹង​ដល់​សាធារណជន​លើ​ការប្រតិបត្តិ​មេត្រី​បរិស្ថាន បណ្តុះ​ស្មារតី​ស្រលាញ់​ធម្មជាតិ​-​បរិស្ថាន ហើយ​អាចជួយ​ឱ្យមាន​ការផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន ក្នុងការ​លើកកម្ពស់​គុណ​ភាព​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា​»​។​


​លោក​បន្តថា​៖ «​ហេតុនេះ ការបញ្ជ្រាប​ចំណេះដឹង​ស្តីពី​ប្រែប្រួល​អាកាសធាតុ​ដល់​អ្នកដឹកនាំ​សាសនា និង​ភាគី​ពាក់ព័ន្ធ​នៅ​គ្រប់​កម្រិត ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ផ្ទេរ​នូវ​ចំណេះដឹង​និង​ជំនាញ ទាំងនោះ​ទៅដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​»​។​

​លោក កែ សំអឿន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា ក្រសួងបរិស្ថាន​ជានិច្ចកាល​តែងតែ​សហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង​ធម្មការ​និង​សាសនា ក្នុងការ​ចូលរួម​លើកកម្ពស់​ការយល់ដឹង​អំពី​ការផ្សារភ្ជាប់​បញ្ហា​បរិស្ថាន​ទៅនឹង​តួនាទី​របស់​សាសនា​។

​លោក​ត្រូវបាន​ស្រង់​សម្ដី​ចុះផ្សាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​ថា​៖ «​ការប្រែប្រួល​អាកាសធាតុ​បណ្តាលមកពី​សកម្មភាព​មនុស្ស​ទៅលើ​បរិស្ថាន ហេតុនេះ​សាសនា​គួរ​មាន​តួនាទី​បង្ហាញផ្លូវ ហើយ​ចៀសវាង​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​អាច​ប៉ះពាល់​ចំពោះ​បរិស្ថាន និង​ធនធានធម្មជាតិ​»៕