លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​ ១៧ ខែមីនា​នេះ បាន​អញ្ជើញ​ជា​អធិបតី​បើក​សម័យប្រជុំ ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។


​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី លទ្ធផល​នៃ​សម័យប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី បានឱ្យដឹងថា សេចក្តីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ត្រូវបាន​រៀបចំឡើង​ក្នុង​សុ​ឆន្ទៈ​កសាង​ខ្សែ​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​យូរអង្វែង ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការគោរព​ឯករាជ្យភាព អធិប​តយ្យ​ភាព បូរណភាព​ទឹកដី គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​សន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ សេចក្តីព្រាង​នេះ សំដៅ​ធានា​នូវ​ស្ថិរភាព និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ព្រំដែន​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​សេចក្តីប្រកាស​បន្តថា​៖«​សន្ធិសញ្ញា​នេះ គឺជា​កំណត់ត្រា​ទទួលយក​លទ្ធ​ផល​នៃ​ការត្រួតពិនិត្យ​ខ្សែ​ព្រំដែន​រួម ប្រមាណ ៨៦% ដែល ប្រទេស​ទាំងពីរ​សម្រេច​បាន​លើ​ការងារ​ព្រំដែន ដែល​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​រដ្ឋធានី​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​សម្រាប់​បើ ជា​ឯកសារ​ផ្លូវការ​មូលដ្ឋាន​ដ៏​សំខាន់បំផុត ក្នុងការ​បន្ត​រក​ដំណោះស្រាយ​តំបន់​ព្រំដែន​ដែល​នៅសល់​ប្រមាណ​ជាង ១៤% ទៀត​»​។​

​សេចក្តីប្រកាស​បន្តថា ផ្អែកលើ​គោលការណ៍​ទាំងឡាយ​ដែល​ភាគី​ទាំងពីរ​យក​ជា​មូលដ្ឋាន​ក្នុង​ការកសាង​ព្រំដែន​នាពេល​កន្លងមក ភាគី​ទាំង​ពីរបាន​ជួបចរចា​ចំនួន ១៨៨​លើក តាំងពី​ឆ្នាំ​១៩៩៥-២០០៩ សម្រេចបាន​ការត្រួតពិនិត្យ​ខ្សែ​ព្រំដែន​ប្រមាណ ៨៦% ស្មើនឹង​៤៦៥​គ​.​ម​. នៃ​ខ្សែ​ព្រំដែន​រួម​ប្រវែង​ប្រមាណ ៥៤០​គ​.​ម​. ដោយ​បោះបង្គោល​បាន​ចំនួន ១២១​បង្គោល នៅ​លើដី​ជាក់ស្តែង​។


​ចំពោះ កំណាត់​ដែល​នៅសល់ ភាគី​ទាំងពីរ​នឹង​បន្ត​ចរចា​ដោះស្រាយ​ឱ្យបាន​ឆាប់​។


​ប្រភព​ដដែល​បញ្ជាក់ថា បន្ទាប់ពី​សន្ធិសញ្ញា​នេះ​ចូល​ជា​ធរមាន​ភាគី​ទាំងពីរ​នឹងត្រូវ​ចុះ​វាស់វែង​ឡើងវិញ​នូវ​និយាម​ការ​បង្គោល​ព្រំដែន​ទាំង​១២១ ដែល​បាន​បោះ​រួចហើយ ដើម្បី​យក​និយាម​ការ​ទីតាំង​បង្គោល​ព្រំដែន​ដែល​ជាក់លាក់​ជាង​មុន ទុក​បម្រើឱ្យ​ការងារ​ធ្វើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​។ បង្គោល​ព្រំដែន​អចិន្ត្រៃយ៍​កម្ពុជា​-​ឡាវ ដែល​បោះ​ថ្មី​ជំនួស​បង្គោល​ចាស់​នឹង​រឹងមាំ​ជាង​មុន​ធំ​ជាង​មុន​។ ភាគី​ទាំងពីរ​នឹង​បោះបង្គោល​ព្រំដែន​បំពេញបន្ថែម បង្គោល​តម្រុយ​ព្រំដែន​ឱ្យបាន ច្រើន​បន្ថែមទៀត​នៅ​តំបន់​ដែល​ឯកភាពគ្នា​។

​ប្រភព​ដដែល​បន្តទៀត​ថា ភាគី​ទាំងពីរ​នឹង​ផលិត​ផែនទី​ឋានលេខា​ព្រំដែន​ខ្នាត ១/២៥ ០០០ ដើម្បី​ភ្ជាប់​ជា​ឧបសម្ព័ន្ធ​នៃ​ពិធីសារ​ខណ្ឌសីមា​ដែល​នឹងត្រូវ​រៀបចំឡើង​នៅពេល​ការងារ​ខាងលើ​បានបញ្ចប់​រួចរាល់ ហើយ ភាគី​ទាំងពីរ​កម្ពុជា​-​ឡាវ ក៏បាន​ឯកភាពគ្នា​ចេញ​ចំណាយ​ពាក់កណ្ដាល​ម្នាក់​សម្រាប់​ការងារ​ខាងលើ​។ សេចក្តីព្រាងច្បាប់​នេះ​មាន ៣ មាត្រា ហើយ​សន្ធិសញ្ញា​ដែលជា​ខ្លឹមសារ​ភ្ជាប់​ជាមួយ​មាន ៦​ប្រការ និង ឧបសម្ព័ន្ធ​ចំនួន​៤ និង​ត្រូវ​បានសម្រេច​ឯកភាព​ដោយ​អង្គប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​។​

​ពាក់ព័ន្ធ​កិច្ចការ​ព្រំដែន​នេះ អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​លោកស្រី កុយ ពិសី ធ្លាប់​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ជាខ្លាំង និង​បានកំណត់​គោលដៅ​រួចហើយ​បើសិនជា​អាចធ្វើ​ទៅបាន​គឺ​ត្រូវតែ​ខិតខំ​បញ្ចប់​ឱ្យបាន​ជាមួយ​ព្រំដែន​ប្រទេសជិតខាង​ទាំងបី​រួមមាន​វៀតណាម ឡាវ និង​ថៃ​។ លោកស្រី​ថា​៖«​ពួកយើង​គ្រាន់តែ​បោះបង្គោល​មួយពេល​ខ្លះ​ចំណាយពេល​២​ទៅ​៣​ឆ្នាំ ឬ​រហូតដល់ ៥​ឆ្នាំ​ក៏មាន​ហើយ​ពេលខ្លះ​មិនទាន់​ចប់​ផង នេះ​គឺជា​សុ​ឆន្ទៈ​ដ៏​មុះ​មុត​របស់​មន្ត្រី​ព្រំដែន​ក៏ដូចជា​ថ្នាក់ដឹកនាំ​កំពូល​គ្រប់​កម្រិត​ជាពិសេស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​យកចិត្តទុកដាក់​ខ្ពស់បំផុត​ចំពោះ​ការងារ​ព្រំដែន​»៕