ភ្នំពេញៈ ក្រសួងបរិស្ថាន និង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​គម្រោង «​ភាពជា​ដៃគូ​រវាង​រដ្ឋ ឯកជន និង​សហគមន៍ ដើម្បី​លើកកម្ពស់​កសិកម្ម​ភាតរភាព​បរិស្ថាន និង​ជីវភាព​ដែល​ធន់​នឹង​អាកាសធាតុ​របស់​ប្រជា​សហគមន៍​នៅ​ភាគ​ខាងជើង​នៃ​បឹង​ទ​ន្ល​សាប​» ហៅ​កាត់​ថា PEARL ដែលមាន​ថវិកា​ប្រមាណ ៤៣ លាន​ដុល្លារ​អាមេរិក​។


​លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ជន​បង្គោល​បម្រុង​កម្ពុជា​សម្រាប់​មូលនិធិ​អាកាសធាតុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង PEARL នេះ ជាមួយ​លោកស្រី Rebekah Bell តំណាង​អង្គការ FAO ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៧ ខែមីនា នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។

​លោក អ៊ាង សុផល្លែត ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា នៅក្នុង​កិច្ចព្រមព្រៀង​នេះ ក្រសួងបរិស្ថាន​បាន​ជជែក​ពិភាក្សា​ជាមួយ​អង្គការ FAO ដាក់ចូល​ចំណុច​មួយចំនួន​ដែល​ផ្តល់​ភាពជា​ម្ចាស់​សម្រាប់​កម្ពុជា​ក្នុង​គ្រប់គ្រង​គម្រោង​។​


​លោក​បន្តថា ការអនុវត្ត​គម្រោង​ត្រូវមាន​ការចូលរួម​ពី​ក្រសួង​ក្នុង​ភាពជា​ដៃគូ ហើយ​រាល់​ការជ្រើសរើស​ទីប្រឹក្សា និង​ការទិញ​សម្ភារ​ដើម្បី​បម្រើឱ្យ​សកម្មភាព​នានា​នៃ​គម្រោង​ត្រូវមាន​ការចូលរួម​សម្រេច​ពី​ភាគី​កម្ពុជា​ទើប​អាច​បន្ត​នីតិវិធី​ទៅមុខ​បាន ហើយនឹង​ផ្សព្វផ្សាយ​រាល់​ព័ត៌មាន​វឌ្ឍនភាព​រប​ស់​គម្រោង​ជា​សាធារណៈ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​គណនេយ្យភាព​។

​លោក​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​ក្លាយជា​គម្រោង​មួយ​ដែល​បង្ហាញ​ពី​ភាពជា​ម្ចាស់​របស់​កម្ពុជា​ក្នុងការ​គ្រប់គ្រង និង​ជំរុញ​តម្លាភាព និង​គណនេយ្យភាព​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​ដៃគូ​អភិវឌ្ឍន៍​ក្នុងការ​អនុវត្ត​គម្រោង​»​។​


​ក្រសួងបរិស្ថាន​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​១៨ មីនា ថា គម្រោង PEARL ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិតរ​មួ​ត​រវាង​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា វិស័យ​ឯកជន និង​សង្គម​ស៊ីវិល ក្រោម​ការគាំទ្រ​ជំនួយ​បច្ចេកទេស​ពី​អង្គការ FAO និង​ហិរញ្ញវត្ថុ​ពី​មូលនិធិ​អាកាសធាតុ​បៃតង (GCF)​។

​ក្រសួងបរិស្ថាន​បន្តថា គម្រោង​នេះ​ត្រូវបាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​មូលនិធិ GCF កាលពី​ថ្ងៃទី​១៥ ខែមីនា មាន​រយៈពេល​៦​ឆ្នាំ ដែលមាន​ថវិកា​សរុប​ចំនួន​ប្រមាណ ៤៣ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ថវិកា​ចំនួន ៣៦,២​លាន​ដុល្លារ​អាមេរិក ជា​ជំនួយឥតសំណង​ពី​មូលនិធិ GCF និង​៦,៦​លាន​ដុល្លារ​អាមេរិក​ជា​ថវិកាបដិភាគ​របស់​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​FAO​។

​ក្រសួង​បន្ថែមថា​៖ «​គម្រោង​នេះ​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​កសិករ​ប្រមាណ ៤៥​ម៉ឺន​នាក់ និង​ខ្សែចង្វាក់​តម្លៃ​នៅ​ភាគ​ខាងជើង​បឹង​ទន្លេសាប រួមមាន​ខេត្ត កំពង់ធំ សៀមរាប ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ​»៕