ក្រសួងប្រៃសណីយ៍រៀបចំការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ ដើម្បីជំរុញការយល់ដឹងពីសេវាប្រៃសណីយ៍នៅកម្ពុជា

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសពីការរៀបចំការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ ២០២៣ ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន។
កម្មវិធីនេះក៏មានគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។
កម្មវិធីប្រកួតប្រជែងនេះធ្វើឡើងក្រោមប្រធានបទ «ចូរស្រមៃថា អ្នកគឺជាវីរបុរសដ៏អស្ចារ្យ ហើយបេសកកម្មរបស់អ្នកគឺធ្វើឱ្យផ្លូវថ្នល់ទាំងអស់នៅជុំវិញពិភពលោកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ»។
សេចក្តីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងនាថ្ងៃទី១៨ ខែមីនា ថា បេក្ខជនជយលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងត្រូវបានជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union)។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖«គោលបំណង គឺដើម្បីជ្រើសរើសសំណេរជយលាភីប្រចាំឆ្នាំរបស់សិស្សានុសិស្ស ហើយជយលាភីលេខ១ នឹងត្រូវជ្រើសរើសចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិរបស់សហភាពប្រៃសណីយ៍សកល។ កម្មវិធីនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យក្នុងការសរសេរ ជាពិសេសប្រពៃណី នៃការសរសេរសំបុត្រសម្រាប់ការទំនាក់ទំនង និងការយល់ដឹងពីវិស័យប្រៃសណីយ៍សម្រាប់សាធារណជន»៕