ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា អង្គភាពនេះបានបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលដោយឆន្ទៈប្តេជ្ញាយ៉ាងមោះមុត ចូលរួមចំណែកលើអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងដូចនេះ ក្នុងពិធីបិទសិក្ខាសាលាស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានដល់ខេត្តចំនួន ៤ កាលពីថ្ងៃទី១៧ ខែមីនា នាខេត្តសៀមរាប កន្លងមកនេះ។
សិក្ខាសាលាស្តីពី «ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន»ត្រូវបានរៀបចំឡើងដល់ មន្ទីរ ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ មកពីខេត្តចំនួន៤ រួមមានខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារ ប្រមាណជាង២០០នាក់ រយៈពេល២ថ្ងៃ។
លោក ផៃ ស៊ីផាន បានថ្លែងថា៖ «អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈប្តេជ្ញាយ៉ាងមោះមុត ចូលរួមចំណែកលើអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល ក្រោមមគ្គុទេ្ទសក៍ភាពដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ជាមួយគ្នានោះ លោកក៏បានចាត់ទុកថា សិក្ខាសាលាស្ដីពី «ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន» ដែលមានគោលការណ៍ក្នុងកិច្ចពង្រឹងនិងរំលេចការយល់ដឹងដល់ប្រជាពលរដ្ឋ នូវរាល់អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្តមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិផងដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ថា ក្រសួងគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្ដួចផ្ដើមនៃការរៀបចំសិក្ខាសាលានេះ ដោយក្រសួងសង្ឃឹមថា តាមរយៈសិក្ខាសាលាបែបនេះ បណ្ដាខេត្តទាំង៤ នឹងទទួលបានឱកាសដ៏ល្អសម្រាប់ពង្រឹង និងពង្រីកចំណេះដឹងបន្ថែមជូនដល់មន្ត្រីរាជការរបស់ខ្លួននៅថ្នាក់ក្រោមជាតិ ឱ្យយល់អំពីសារៈសំខាន់នៃព័ត៌មានដែលត្រូវផ្តល់ជូនសាធារណជន ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
លោក មាស សុភ័ណ្ឌ បានថ្លែងថា៖ «វាជាឱកាសដ៏ល្អសម្រាប់ពង្រឹង និងពង្រីកចំណេះដឹងបន្ថែមដល់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិឲ្យយល់អំពីសារៈសំខាន់នៃព័ត៌មានដែលត្រូវផ្តល់ជូនសាធារណជន និងពង្រឹងនូវកិច្ចសហការឲ្យកាន់តែប្រសើរឡើងបន្ថែម រវាងអ្នកនាំពាក្យ និងមន្ត្រីព័ត៌មានរាជធានីខេត្ត ជាមួយមន្ទីរជំនាញនៅតាមរាជធានីខេត្តក្នុងផ្សព្វផ្សាយព័ត៌មាន»៕